ស្ថានការណ៍នយោបាយចុងក្រោយនេះ កាន់តែឈានទៅរកការប្រជែងគ្នាដណ្តើមការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែល បក្សកាន់អំណាច និងបក្សប្រឆាំង ប្រើយុទ្ធសាស្ត្រប្លែកៗ។ ដោយឡែក គណបក្សតូចៗ រហូតដល់ទៅជាង៦០គណបក្ស នោះ ហាក់កំពុងប្រើយុទ្ធសាស្ត្រ “ផ្កាប់បំពង់ រង់ទឹកភ្លៀង” ដោយសំងំស្ងៀមស្ងាត់មិនសូវមាត់កអ្វីទេ ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ តម្រូវឱ្យគណបក្សនយោបាយមួយចំនួន ទៅចុះបញ្ជីជាផ្លូវការនោះ ឃើញថា ចំនួនគណបក្សទាំងតូចទាំងធំ មានរហូតដល់ជាង៦០គណបក្សឯណោះ ប៉ុន្តែ ធ្វើសកម្មភាពខ្លាំងតែគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។ បក្សធំទាំងពីរនេះ ចាត់ទុកជា “មេបក្ស” ប្រតោងប្រទាញប្រជាពលរដ្ឋមួយ ប្រទេស ឱ្យចែកនិន្នាការ២ គឺ “ប្រឆាំង និងមិនប្រឆាំង”។ រីឯគណបក្សតូចៗដែលខ្លះបានចុះឈ្មោះជាផ្លូវការ ខ្លះទៀតមិន ទាន់បានចុះបញ្ជីនោះ ត្រូវគេលាបពណ៌ឱ្យថា បក្សខ្លះជាសម្ព័ន្ធមិត្ត ឬជាកូនអុករបស់គណបក្សប្រជាជនកម្ពុជា ឯបក្សខ្លះទៀត ជាកូនសម្ពាយរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះ បក្សធំដែលមានអាសនៈក្នុងរដ្ឋសភា ដើរនយោបាយ “ស្ពាយបាយសំណុំ ទឹកបំពង់” រីឯបក្សតូចៗជាសម្ព័ន្ធមិត្ត ដើរយុទ្ធសាស្ត្រ “ផ្កាប់បំពង់ រង់ទឹកភ្លៀង”។
បើបរិយាយតាមន័យត្រង់ “ផ្កាប់បំពង់ រង់ទឹកភ្លៀង” សំដៅដល់អ្នកចម្ការបួនប្រាំនាក់ យកបំពង់ប្ញស្សីដាក់ទឹកយកទៅ ផឹកឯព្រៃ លុះទៅដល់ខ្ទមចាំចម្ការ មើលឃើញពពកខ្មៅរសាត់ទាំងផ្ទាំងៗ ក៏នឹកថា ច្បាស់ជាភ្លៀងធំមិនខាន។ អ្នកកាប់ ចម្ការទាំងនោះ មិនចង់ផឹកទឹកអណ្តូង ដែលដាក់បំពង់ពីផ្ទះមក ក៏នាំគ្នាចាក់ទឹកចោលអស់ រួចផ្កាប់បំពង់ រង់ចាំត្រងទឹកភ្លៀង។ ជាអកុសល ស្រាប់តែមានខ្យល់បោកបក់វូៗ នាំពពកខ្មៅរសាត់ទៅបាត់អស់ គ្មានភ្លៀង១តំណក់ ធ្វើឱ្យអ្នកចម្ការបន្ទោសគ្នា ព្រោះអស់ទឹកផឹក ធ្វើការមិនកើត ក៏នាំគ្នាវិលទៅភូមិវិញទាំងស្រេកទឹកខះក។
យ៉ាងណាមិញ ខណៈដែលគណបក្សធំទាំងពីរ កំពុងដើរយុទ្ធសាស្ត្រដណ្តើមការគាំទ្រពីប្រជាពលរដ្ឋ ឯគណបក្សតូចៗ សំងំស្ងៀមស្ងាត់នេះ ត្រូវគេសង្ស័យថា ជា “គណបក្សស៊ីពែ” ដូចអ្វីដែលលោកសួន សេរីរដ្ឋា ប្រធានបក្សអំណាចខ្មែរ ធ្លាប់ សរសេរក្នុងហ្វេសប៊ុក រិះគន់បក្សតូចៗទាំងនោះ។ រឿង “ផ្កាប់បំពង់ រង់ទឹកភ្លៀង” ឬរង់ចាំបក្សធំឈ្នះឆ្នោត ក្រែងគេបែង ចែកកៅអីឱ្យខ្លះនោះ ដូចសង្ឃឹមពពកខ្មៅអ៊ីចឹង ព្រោះបើហេងក៏មានភ្លៀងធ្លាក់បានផឹក តែបើស៊យ រកតែទឹកអណ្តូងល្អក់កករផឹកមិនបានផង។ សព្វថ្ងៃ យើងឃើញគណបក្សខ្លះ ដូចជាបក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា បក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ជាដើម ខិតខំពឹងកម្លាំងខ្លួនឯង មិនចាំស៊ីពែគេនោះទេ គឺពួកគាត់ហ៊ានថា ហ៊ានវិភាគ ហ៊ានរិះគន់ ទោះបីជាការវិភាគនោះមានន័យសង្កត់លោកសម រង្ស៊ី និងលោកកឹម សុខា ធ្ងន់ជាងសម្តេច ហ៊ុន សែន បន្តិចក្តី ក៏ចាត់ទុក ថា ពួកគាត់ “មិនផ្កាប់បំពង់ រង់ទឹកភ្លៀង” នោះទេ។
យ៉ាងណាមិញ ករណីឃាតកម្មបណ្ឌិតកែម ឡី យើងឃើញមេបក្សតូចៗតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលដុតដៃដុតជើង ជួយវិភាគ ជួយឈឺចាប់ ខណៈដែលមេបក្សភាគច្រើន សំងំដូចគេចុក។ ការសំងំស្ងៀមបែបនេះ មិនសូវល្អទេ ត្រូវតែជួយ និយាយ ជួយថាគ្នា ដើម្បីឱ្យមហាជនវាស់ស្ទង់គោលជំហរ ឬគោលការណ៍គណបក្សនោះ។ ផ្ទុយទៅវិញ ពេលមានអាសន្ន មានទុក្ខធុរៈមិននិយាយ លុះផុតគ្រាអាសន្ន ស្រាប់តែនាំគ្នាចេញមុខនោះ ធ្វើឱ្យបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។
សព្វថ្ងៃយើងឃើញថា បក្សកាន់អំណាច មិនប្រើយុទ្ធសាស្ត្រ “ផ្កាប់បំពង់ រង់ទឹកភ្លៀង” នោះទេ ជាក់ស្តែង សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចុះមូលដ្ឋានទាំង២៥ខេត្ត-រាជធានី មានការចែកអំណោយដល់ជនក្រីក្រអនាថា សង់ផ្ទះជូនមនុស្សចាស់ជរា និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាដើម ដោយប្រឹងប្រែងយកចិត្តថ្លើម ប្រជាពលរដ្ឋជានិច្ច។ រីឯបក្សប្រឆាំង ក៏មិន “ផ្កាប់បំពង់ រង់ទឹកភ្លៀង” នោះដែរ ជាក់ស្តែង ទោះបីជាមានគំនាបពីតុលាការ ក៏លោកកឹម សុខា ដែលឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្សនោះ នៅតែមានពេលកោះប្រជុំសមាជិកបក្ស ដាក់ផែនការយុទ្ធសាស្ត្រឈានទៅរកការឈ្នះឆ្នោត នាឆ្នាំ២០១៧-២០១៨ ខាងមុខ។ ចំណែកលោកសម រង្ស៊ី ដែលនិរទេសខ្លួនឯងនោះ ក៏ ប្រើយុទ្ធសាស្ត្រវាយលុកពីក្រៅ ធ្វើឱ្យបក្សកាន់អំណាច ត្រៀមអ្នកនាំពាក្យរង់ចាំទប់ទល់រហូត។ ពិធីបុណ្យហែសពលោក បណ្ឌិតកែម ឡី ដែលមានមនុស្សខ្នាប់ដូចស្រមោចចូលរួមនោះ ធ្វើឱ្យបក្សប្រឆាំង ចំណេញនយោបាយមិនតិចទេ ខណៈ ដែលមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច មិនបានចូលរួម លេចចេញឯសកម្មភាពក្រុមយុវជន ស្រី ចំរើន ដាក់ញត្តិប្រឆាំងលោក សម រង្ស៊ី ចំថ្ងៃដង្ហែសពនោះទៅវិញ។
កាលពីសម័យសង្គមរាស្ត្រនិយម មានបង្កើតគណបក្សច្រើនដែរ ប៉ុន្តែ ការបោះឆ្នោត យកតាម “ប្រព័ន្ធឯកត្តនាម” មិន យកតាម “ប្រព័ន្ធសមាមាត្រ” ដូចពេលនេះទេ។ ប្រព័ន្ធឯកត្តនាម ធ្វើឱ្យបេក្ខជនតំណាងរាស្ត្រប្រឹងប្រែងខ្លាំងណាស់ ដែល កាលនោះ ក៏មានបេក្ខជនខ្លះយកខ្សែភាពយន្ត ដើរបញ្ចាំងគ្រប់វត្តអារាម ក្នុងមណ្ឌលដែលខ្លួនឈរឈ្មោះ ដើម្បីទាក់ទាញ សន្លឹកឆ្នោត។ ស្មៀនយ៉ុង ជាអ្នកច្រៀងអាយ៉ៃល្បីឈ្មោះ បានជាប់ឆ្នោតជាតំណាងរាស្ត្រ ដោយសារតែគាត់ចេះយុទ្ធសាស្ត្រ ច្រៀងឃោសនាអូសទាញយ៉ាងប៉ិនប្រសប់។ ចំណែកលោកឡូ ផុន ជាប់ឆ្នោត២អាណត្តិ នៅមណ្ឌលមួយក្នុងខេត្តកំពត ដោយសារគាត់ប្រើកូនចៅឱ្យយកកុនដើរបញ្ចាំងជូនរាស្ត្របានទស្សនាកម្សាន្ត។ សកម្មភាពទាំងនេះ ឈ្មោះថា ជាយុទ្ធសាស្ត្រ “ពុនបាយសំណុំទឹកបំពង់ទៅព្រៃ” ផ្ទុយទៅវិញ តំណាងរាស្ត្រសម័យនេះ មានសំណាងណាស់ ព្រោះការជាប់ឆ្នោតតាមខ្សែ បក្ស ឱ្យតែគាត់មានឈ្មោះលេខរៀងលើគេក្នុងបញ្ជី ទោះជាយូរៗចុះមូលដ្ឋានម្តង ក៏នៅតែជាប់ដែរ ព្រោះមេបក្សមិនឱ្យ អ្នកតស៊ូយូរអង្វែងបាត់បង់មុខតំណែងនោះឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែកៀកណាស់ហើយ យើងឃើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី លោកកឹម សុខា លោកសួន សេរីរដ្ឋា លោកពេជ្រ ស្រស់ ប្រឹងប្រែងមែនទែន ខណៈដែល សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ លោកញឹក ប៊ុនឆៃ លោកខឹម វាសនា និងមេបក្ស៥០-៦០នាក់ទៀត មិនសូវមាត់ក។ យុទ្ធសាស្ត្រដើម្បីឈ្នះ គេ ត្រូវធ្វើក្នុងពេលប្រជាពលរដ្ឋរងទុក្ខវេទនា ឈឺចាប់ដោយប្រការណាមួយ ទើបទទួលបានពិន្ទុល្អ ឬថា ឆ្លៀតឱកាស “ទឹកល្អក់ ចាប់ត្រី”។ ទោះបីជាមន្ត្រីបក្សកាន់អំណាច បានលើកឡើងថា បក្សប្រឆាំងកេងចំណេញនយោបាយពីករណីឃាតកម្មបណ្ឌិត កែម ឡី ក៏គួរចូលរួមធ្វើបុណ្យសពជាមួយគ្នាល្អជាង ព្រោះព្រះពុទ្ធបរមគ្រូ មិនឱ្យចងពៀរនឹងខ្មោចទេ។ បើសិនជាមន្ត្រីបក្ស កាន់អំណាច មិនហ៊ានទៅចូលរួមពិធីបុណ្យសពបណ្ឌិតកែម ឡី ដោយចោទប្រកាន់ថា មានអ្នកកាងសព ខ្លាចប៉ះពាល់ដល់ សុវត្ថិភាពនោះ ហើយបើសិនជាបក្សកាន់អំណាច រៀបចំពិធីគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម ឡី នៅទីស្នាក់ការគណបក្ស ឬនៅ តាមវត្តអារាមណាមួយ ដោយបួងសួងឱ្យព្រលឹងសពបានទៅយោនយកកំណើតក្នុងសុគតិភពនោះ ច្បាស់ជាប្រជាពលរដ្ឋ ផ្តល់ពិន្ទុយ៉ាងខ្ពស់ដល់បក្សកាន់អំណាចមិនខាន។ នយោបាយ “ពុនបាយសំណុំទឹកបំពង់” និង “ផ្កាប់បំពង់ រង់ទឹកភ្លៀង” វាជា គូគ្នា អាចធ្វើឱ្យអ្នកនយោបាយឈ្នះគេ និងចាញ់គេ ចៀសមិនផុត។
សរុបទៅ “ផ្កាប់បំពង់ រង់ទឹកភ្លៀង” មានន័យយ៉ាងនេះឯង សំដៅដល់បក្សធំៗប្រឹងដោលប្រឹងរត់ខ្លាំងណាស់ ផ្ទុយពីបក្ស តូចៗសំងំដូចគេចុក។ គណបក្សដែលមានដល់ទៅជាង៦០ ហួសពីទំហំប្រទេសកម្ពុជា ដ៏តូចមើលស្ទើរមិនឃើញក្នុងផែនទីសាកលលោកនោះ អាចឱ្យមានការសង្ស័យថា បក្សតូចៗទាំងនោះ ជាបរិវារ ឬជាកូនអុករបស់បក្សធំ ទើប “ផ្កាប់បំពង់ចម្រោះ ទឹកល្អក់ចោលឱ្យអស់ រង់ចាំត្រងទឹកភ្លៀងដ៏ថ្លាវិញ” តែបើភ្លៀងមិនធ្លាក់ បានត្រឹម “ប្រាក់ក៏បង់ ថង់ក៏ដាច” តែប៉ុណ្ណោះឯង…៕
ដោយ ៖ អាចារ្យថាំ