ឱក បូរី លេចមុខបណ្តើរកូនស្រី និងស្វាមីមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម លោកស៊ុត តារា ចូលរួមមង្គលការប្អូន អ្នកនាងចន ច័ន្ទលក្ខិណា គឺអ្នកនាង ចន ពេជ្រកញ្ញារ័ត្ន ដែលធ្វើពិធីជប់លៀងធំ នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ “អ”។
ជាមួយការគ្រងឈុតប្រពៃណីលម្អដោយគ្រឿងពេជ្រទាំងឈុតៗនោះ ឱក បូរី ត្រូវបានតារាចាស់ថ្មីជាច្រើន រាក់ទាក់សួរនាំពីសុខទុក្ខ ហើយត្រូវបូរី ឆ្លើយខ្លីថា សុខសប្បាយធម្មតា។
ឱក បូរី ត្រូវបានគេហៅអ្នកនាងថា ជាជំទាវទៀតផង ធ្វើឱ្យតារាជើងចាស់រូបនេះ ញញឹមបិទមាត់មិនជិត ប៉ុន្តែ ពេលខ្លះបូរី និយាយបែបដាក់ខ្លួនថា ហៅនាងធម្មតាបានហើយ មិនបាច់ជំទាវអីទេ តែតារាទាំងអស់នោះ នៅតែមិនព្រមទេ គឺមានៈចង់ហៅ ឱក បូរី ថា ជាលោកជំទាវៗដដែល។
តាមរយៈការលេចមុខរបស់ឱក បូរី តាមកម្មវិធីអ្នកសិល្បៈច្រើនជាងមុន ហើយបូរី តែងតែបណ្តើរស្វាមី លោកស៊ុត តារា ចូលរួមកម្មវិធីនេះបញ្ជាក់ថា អតីតតារាជើងចាស់រូបនេះ គឺចង់បង្ហាញពីសុភមង្គលពិតប្រាកដ របស់អ្នកនាងឱ្យតារាទាំងអស់បានឃើញ ហើយក៏ជាចេតនាចង់ លុបចោលរឿងដែលគេនិយាយថា អ្នកនាងបូរី កំពុងរស់នៅក្នុងភាពភ័យខ្លាច ដោយសារតែត្រូវប្រពន្ធដើមលោកស៊ុត តារា តាមព្យាបាទបកអាក្រាតនោះ ព្រោះឱក បូរី ចង់បញ្ជាក់ថា បើមានរឿងបែបនេះមែន ប្រហែលជារហូតមកដល់ពេលនេះ អ្នកនាងមិនអាចបណ្តើរប្តី ទៅជប់លៀងបានគ្រប់ទីកន្លែង ជាចំហបែបនេះឡើយ។
តាមប្រភពពីតារាម្នាក់សុំលាក់ឈ្មោះ ដែលបានញ៉ាំអាហាររួមតុជាមួយឱក បូរី បានបង្ហើបឱ្យដឹងថា អតីតតារាចម្រៀង ផលិតកម្មរស្មីហង្សមាស រូបនេះ បានរំអុកប្តីរឿងចង់រៀបការដូចស្រីតូច ចំណាន ដែរ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗ និងជាការផ្ទេរមរតកស្របច្បាប់ឱ្យកូនៗអ្នកនាង តែគម្រោងធ្វើកូនក្រមុំកូន៣នេះ នៅមិនទាន់មានការឆ្លើយតបពីស្វាមីឡើយ ទើបធ្វើឱ្យឱក បូរី មិនហ៊ានកំណត់កាលបរិច្ឆេទច្បាស់លាស់ឡើយ។
ឱក បូរី ដែលចាកចេញពីអាជីពសិល្បៈ ជាង១ទសវត្សរ៍ហើយនោះ កំពុងរស់នៅវីឡាមួយនៅក្បែរ ផ្សារទួលទំពូង ជាមួយស្វាមី និងកូនស្រីទាំង៣នាក់។ ជាធម្មតាអ្នកនាងបូរី ជិះឡាន Mercedes ពណ’ខ្មៅ ដោយមានអង្គរក្សបើកជូន និងតាមការពារជាប្រចាំ អ្នកនាងមិនចង់ឱ្យអ្នកសារព័ត៌មានថតរូប និងសម្ភាសន៍អ្នកនាងឡើយ។
តារាសិល្បៈមួយចំនួនបានសរសេរីថា ថ្វីត្បិតតែឱក បូរី មានប្តីជាមន្ត្រីធំមែន តែ អ្នកនាងជាស្ត្រីពូកែរកស៊ី និងចេះទុក ដាក់លុយកាក់បានល្អ មិនមែនពឹង លើប្តីឡើយ ទើបធ្វើឱ្យបូរី ចេះ តែកើនទ្រព្យ។
ឱក បូរី ស្ថិតក្នុងចំណោម អតីតតារាដែលមានទ្រព្យច្រើន មានអ្នកនាងស្រីតូច ចំណាន, ពេជ្រ ច័ន្ទបរមី, កែវ ពិសី ជាដើម។ ប៉ុន្តែ ក្រោយពីអ្នកនាង ស្រីតូច ចំណាន រៀបការមក ពេលនេះ មានតែឱក បូរី ទេ ដែល បង្ហាញសញ្ញាចង់រៀបការដែរ ពេលមានកូនស្រីដល់ទៅ ៣នាក់ ទៅហើយនោះ ទើបគេលាន់មាត់ថា ឱក បូរី ចង់ធ្វើកូនក្រមុំកូន៣…៕