Tuesday, December 24, 2024
Homeព័ត៌មានជាតិលោក​កឹម​ សុខា ចាប់​ផ្តើម​ធ្វើ​​តាម​គំនិត​យោ​បល់​លោក​បណ្ឌិត​កែម ឡី

លោក​កឹម​ សុខា ចាប់​ផ្តើម​ធ្វើ​​តាម​គំនិត​យោ​បល់​លោក​បណ្ឌិត​កែម ឡី

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានចាប់ផ្តើមធ្វើតាម គំនិតយោបល់ លោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍក្នុងការពង្រឹង កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ជាពិសេសកម្មវិធីនយោបាយមូលដ្ឋាន “វិមជ្ឈការ អំណាច ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ2017 នាពេលខាងមុខ ដោយលោកកឹម សុខា ក្នុង នាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចុះ ហត្ថលេខាផ្ទេរសិទ្ធិអំណាចជូនមន្ត្រីថ្នាក់ក្រោម ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សសម្រាប់សង្កេតមើលការ បោះឆ្នោតនាពេលខាងមុខ ដោយសារលោក មិនអាចចេញក្រៅទីស្នាក់ការកណ្តាលគណបក្ស បាន ព្រោះប្រឈមនឹងនីតិវិធីរបស់តុលាការ។

លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ 2016 ថា “ក្នុងនាមជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ថ្ងៃទី25 ខែកក្កដា ឆ្នាំ2016 នេះ ខ្ញុំបានចុះហត្ថលេខាផ្ទេរសិទ្ធិជូនតំណាង គណះកម្មាធិការប្រតិបត្តិក្រុង-ស្រុក-ខណ្ឌទាំង 197 ទូទាំងប្រទេសរបស់គណបក្សសង្គ្រោះ ជាតិ ឱ្យធ្វើជាតំណាងក្នុងការចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ  ដើម្បីសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹង ត្រូវចាប់ផ្តើមចុះឈ្មោះ ចាប់ពីថ្ងៃទី1 ខែកញ្ញា រហូតដល់ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2016”។

ចំណែកកាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ 2016 បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណះកម្មធិការនាយកគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ក្នុងកិច្ចប្រជុំគណះកម្មាធិការនាយក និងសមាជិកសភាគណបក្សសង្គ្រោះជាតិ ថ្ងៃទី25 ខែ កក្កដា ឆ្នាំ2016 នេះ ខ្ញុំបានរម្លឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យផ្តោតជាអាទិភាព ចំពោះកិច្ចការនានាសម្រាប់ការបោះឆ្នោតឃុំ- សង្កាត់ ជាពិសេស ការងារចុះឈ្មោះបោះឆ្នោត និងការបើកឱ្យទូលាយក្នុងការជ្រើសរើសបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់។ លើសពីនេះទៅទៀត ខ្ញុំសុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្ត ធ្វើការកែទម្រង់ផ្ទៃក្នុងបន្ថែមទៀត ដើម្បីធ្វើ ឱ្យយន្តការប្រជាធិបតេយ្យ ដំណើរការដោយ រស់រវើក”។

ដោយឡែកថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2016 លោកប៉ុល ហំម ប្រធានគណះកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ ក៏បានបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជារបស់ លោកកឹម សុខា ប្រធានស្តីទី បានផ្តោតសំខាន់ លើការបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងគណបក្សពី ថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន និងយន្តការមួយ ចំនួនទៀត ដែលលោកកឹម សុខា ទទួលស្គាល់ ថា លោកបានទទួលការផ្តល់យោបល់តាមជំនាញ ពីលោកបណ្ឌិតកែម ឡី កាលនៅមានជីវិត។ ដូច្នេះលោកកឹម សុខា នឹងចាប់ផ្តើមយកគំនិត យោបល់របស់លោកបណ្ឌិតកែម ឡី ទាក់ទងនឹង យន្តការប្រជាធិបតេយ្យទាំងនោះមកអនុវត្ត។

លោកប៉ុល ហំម បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានកិត្តិយសបានទទួលអនុសាសន៍ពី លោកប្រធានស្តីទី កឹម សុខា ឱ្យមកជម្រាប ជូនអំពីចំណុចខ្លះៗដូចតទៅនេះ។ ពីម្សិលមិញ នេះ យើងមានការជួបប្រជុំមួយនៅពេលព្រឹក។ ការជួបប្រជុំនៃគណះកម្មាធិការអចិន្ត្រៃយ៍របស់ គណបក្ស ដឹកនាំដោយលោកប្រធានស្តីទី កឹម សុខា ហើយដែលបន្ទាប់មក យើងចេញសេចក្តី ប្រកាសព័ត៌មានមាន3ចំណុច ដូចតទៅនេះ គឺចំណុចទី1 ពាក់ព័ន្ធទៅនឹងការជ្រើសរើស បេក្ខជន សម្រាប់ឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការបោះឆ្នោតនៅឆ្នាំ2017 ខាង មុខនេះ គឺគណបក្សសង្គ្រោះជាតិ នឹងធ្វើសេចក្តី ប្រកាសជាសាធារណះ មានការដាក់ពាក្យសុំ ឈរឈ្មោះឃុំ-សង្កាត់ ឱ្យបានទូលំទូលាយ គឺ យើងមិនមែនកម្រិតតែសមាជិករបស់យើងនៅ ក្នុងឃុំ-សង្កាត់ទេ អ្នកដែលមិនទាន់ចូលគណ- បក្សយើងក៏ដោយ បើពេលនោះ គាត់មើល ឃើញថា គាត់អាចមានប្រជាប្រិយភាព អាច ជាប់ឆ្នោតបាន ហើយគាត់មកសុំឈរឈ្មោះ យើងនឹងធ្វើការពិចារណា ហើយក្នុងនេះ គណះកម្មាធិការអចិន្ត្រៃយ៍ ក៏បានជំរុញលើកទឹក ចិត្តឱ្យមាននារី ហើយនិងយុវជន យុវជននារី មកឈរឈ្មោះជាបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែរ។ ទី2-ម្សិលមិញនេះដែរ លោកប្រធាន ស្តីទីកឹម សុខា បានចុះ ហត្ថលេខាហើយ ផ្ទេរ សិទ្ធិជូនដល់គណះកម្មាធិការប្រតិបត្តិ ក្រុង ស្រុក ខណ្ឌ ឱ្យជាតំណាងរបស់ប្រធានគណបក្ស ដើម្បី ចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះគណបក្ស នយោបាយ ដើម្បីចូលប្រកួតប្រជែងនៅឆ្នាំ 2017 ខាងមុខនេះ។ ចំណុចទី3 គណះកម្មាធិការអចិន្ត្រៃយ៍ ក៏បានស្នើសុំជំរុញតម្រូវឱ្យ គណះកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត ពង្រឹង សមត្ថភាព គណះកម្មការ ចំពោះកិច្ចឃុំ-សង្កាត់ ទូទាំងប្រទេស ពីព្រោះគណ³កម្មការចំពោះកិច្ច នេះ គឺមានភារកិច្ចក្នុងការជួយពិនិត្យមើលក្នុង ការទទួលពាក្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំ-សង្កាត់ ហើយនិងផ្នែកដំបូង សម្រាប់ជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យឈរឈ្មោះ ដែរ។ ដូច្នេះដើម្បីធ្វើកិច្ចការហ្នឹងឱ្យល្អប្រសើរ ទាល់តែគណ³កម្មការចំពោះកិច្ចហ្នឹងខ្លួនឯង គឺ មានសមត្ថភាពរឹងមាំដែរ។ ទី3 គឺយើងជំរុញ ឱ្យគណ³កម្មការរាជធានី-ខេត្តហ្នឹង រៀបចំ ភ្នាក់ងារគណបក្ស និងធ្វើការបណ្តុះបណ្តាល ទាំងភ្នាក់ងារគណបក្សសម្រាប់ចុះឈ្មោះបោះឆ្នោត ហើយនិងសង្កេតការណ៍ ហើយក្នុងការ បណ្តុះបណ្តាលហ្នឹងទៀត ក៏យើងនឹងអញ្ជើញអ្នក ជំនាញខាងកិច្ចការបោះឆ្នោតហ្នឹង ឱ្យមកជួយ យើងផងដែរ។ មួយចំណែកទៀត ក៏ជាករណី កិច្ចរបស់គណ³កម្មាធិការប្រតិបត្តិរាជធានី-ខេត្ត ដែរ ដែលត្រូវជំរុញលើកទឹកចិត្តឱ្យបងប្អូនយើង ទៅធ្វើអត្តសញ្ញាណប័ណ្ណ។ មិនគិតតែប្រជាពលរដ្ឋដែលគាំទ្រយើងប្រជាពលរដ្ឋមិនគាំទ្រ គណបក្សសង្គ្រោះជាតិ ក៏ដោយ ក៏យើងត្រូវជំរុញ លើកទឹកចិត្តឱ្យគាត់ក្លាយទៅជាម្ចាស់របស់ ប្រទេសខ្មែរយើងពិតប្រាកដបើអត់មានអត្តសញ្ញាណប័ណ្ណម៉េចមានឈ្មោះថាម្ចាស់ប្រទេស ហើយជនបរទេសគេចង់បានអត្តសញ្ញាណប័ណ្ណ ខ្មែរណាស់។ ដូច្នេះលើកទឹកចិត្តឱ្យបងប្អូនយើង ទៅធ្វើអត្តសញ្ញាណប័ណ្ណ និងទៅចុះឈ្មោះបោះឆ្នោត តាមពេលកំណត់ ដែល គ.ជ.ប បាន កំណត់។ ម្សិលនេះដែរ ចាប់ពីម៉ោង2រសៀល ទៅ គឺយើងមានការប្រជុំមួយសំខាន់ដែរ គឺការ ប្រជុំគណះកម្មាធិការនាយក រួមបញ្ចូលជាមួយ និងសមាជិក សមាជិកា នៃក្រុមអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា របស់គណបក្សសង្គ្រោះជាតិ។ ក្នុងការប្រជុំនេះ គឺយើងប្រជុំដើម្បីផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់គណ³កម្មាធិការអចិន្ត្រៃយ៍ ដូចដែលខ្ញុំបានជម្រាបមិញនេះ។ ក្រៅពីនេះ ក៏យើងបានថ្លែងបញ្ជាក់នៅក្នុង អង្គប្រជុំរបស់គណះកម្មាធិការនាយកហ្នឹង និង គណ³អភិបាល សមាជិក សភា សមាជិកព្រឹទ្ធសភា ដែរថា គណបក្សសង្គ្រោះជាតិ នឹងធ្វើការកែទម្រង់ផ្ទៃក្នុងតទៅទៀត ដើម្បីឱ្យគណបក្សយើងកាន់តែមានភាពល្អប្រសើររលូន ហើយ កែទម្រង់ផ្ទៃក្នុងនេះ មិនមែនធ្វើតែខាងលើទេ គឺធ្វើរហូតដល់ថ្នាក់មូលដ្ឋាន ព្រោះយើងយល់ ថា ថ្នាក់មូលដ្ឋាននេះឯង ដែលជាគ្រឹះសំខាន់ របស់គណបក្សសង្គ្រោះជាតិ ដើម្បីដណ្តើមយក ជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ2017-2018 ខាងមុខនេះ។ កែទម្រង់យ៉ាងណា? គឺកែទម្រង់យ៉ាងម៉េចធ្វើឱ្យសេចក្តីសម្រេចទាំង ឡាយរបស់គណបក្សសង្គ្រោះជាតិ នេះ គឺជា សេចក្តីសម្រេចដោយយន្តការ មិនមែនដោយ បុគ្គលណាម្នាក់ទេ”។

លោកប៉ុល ហំម ក៏បានឱ្យដឹងដែរថា ក្នុង ថ្ងៃបញ្ចុះសពលោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដើម្បីអភិវឌ្ឍន៍ កាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2016 ក៏មានសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ ជាច្រើន បានទៅចូល រួម។ ក្នុងនោះតំណាងរាស្ត្រ2រូប នៃមណ្ឌល ខេត្តតាកែវ ក៏បានដឹកនាំគណ³ប្រតិភូ ទៅចូល គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដល់ កន្លែងបញ្ចុះសពដោយផ្ទាល់ ដោយសារតែខេត្តតាកែវ ជាមណ្ឌលរបស់លោកដែរ។

គួរបញ្ជាក់ដែរថា លោកកឹម សុខា ដែល បន្តស្នាក់នៅទីស្នាក់កណ្តាលគណបក្សនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនអាចចេញទៅបំពេញកិច្ចការងារខាងក្រៅ បាន ដោយសារតែបារម្ភខ្លាចមានការចាប់ខ្លួន បន្ទាប់ពីត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទល្មើសជាក់ស្តែង “បដិសេធក្នុងការចូល ខ្លួន” នោះ បានប្រកាសនៅថ្ងៃដង្ហែសពលោក បណ្ឌិតកែម ឡី កាលពីថ្ងៃទី24 ខែកក្កដា ឆ្នាំ2016 ថា បើទោះបីលោកមិនមានឱកាស បានទៅចូលរួមហែសព តែលោកសន្យានឹង យកគំនិតយោបល់ល្អៗរបស់លោកបណ្ឌិតកែម ឡី មកប្រើប្រាស់ក្នុងការអនុវត្តគោលនយោបាយគណបក្ស ជាពិសេសគោលនយោបាយ “វិមជ្ឈការអំណាច”។

លោកកឹម សុខា បានបញ្ជាក់តាមបណ្តាញ សង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី24 ខែកក្កដា ឆ្នាំ2016 ថា “ជូនចំពោះវិញ្ញាណក្ខន្ធលោកប្អូនបណ្ឌិតកែម ឡី ថ្ងៃទី24 ខែកក្កដា ឆ្នាំ2016 នេះ បងប្អូនខ្មែរស្នេហាជាតិ ទាំង ប្រុសស្រី ក្មេងចាស់ ព្រះសង្ឃ គ្រហស្ថ បាននិង កំពុងដង្ហែរជូនដំណើរសពរបស់លោកប្អូនកែម ឡី ទៅកាន់ទីកន្លែងដែលលោកប្អូន និងក្រុមគ្រួសារ ប្រាថ្នាចង់ទុកដាក់ក្នុងស្រុកកំណើតរបស់យើង នៅស្រុកត្រាំកក់ ខេត្តតាកែវ នោះហើយ។

ក្នុងថ្ងៃនេះដែរ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនៅ ចង់ចាំជានិច្ចនូវពាក្យពេចន៍របស់លោកប្អូន ដែល បាននិយាយនិងពិភាក្សាជាមួយខ្ញុំផ្ទាល់ នូវ យោបល់របស់លោកប្អូនផ្តល់ឱ្យខ្ញុំកន្លងមក ក្នុង ការរៀបចំសង្គម និងប្រទេសជាតិ ជាពិសេស កម្មវិធីនយោបាយមូលដ្ឋាន “វិមជ្ឈការអំណាច” ដែលលោកប្អូនបានសរសេរឱ្យខ្ញុំនោះ។ ខ្ញុំសូម សន្យាថា ខ្ញុំនឹងយកគំនិតយោបល់ដ៏ល្អៗរបស់ លោកប្អូនរៀបចំសង្គម និងដឹកនាំប្រទេសកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ឱ្យបានតាម បំណងប្រាថ្នារបស់លោកប្អូន នៅពេលដែលខ្ញុំ មានឱកាសដឹកនាំប្រទេស។ ខ្ញុំនឹងបន្តដំណើរ ទៅមុខរហូតដល់គោលដៅដែលប្រជាពលរដ្ឋ ខ្មែរយើងចង់បាន”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES