Monday, December 23, 2024
Homeព័ត៌មានជាតិរូប​ភាព​ចល័ត​ទ័ព​បក្ស​ប្រឆាំង​ភ្ញាក់​ផ្អើល ក្រសួង​ការ​ពារ​ជាតិ​ថា​ធម្ម​តា

រូប​ភាព​ចល័ត​ទ័ព​បក្ស​ប្រឆាំង​ភ្ញាក់​ផ្អើល ក្រសួង​ការ​ពារ​ជាតិ​ថា​ធម្ម​តា

ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញរូបភាព ចល័តទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេល ថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រឆាំង បាន សម្តែងការភ្ញាក់ផ្អើលនិងបានធ្វើការតាមដាន លើករណីនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ជារឿងធម្មតា ដោយបញ្ជាក់ថា ការចល័តទ័ព នាពេលនេះ គឺជាការផ្លាស់ប្តូរកម្លាំងកងទ័ព ដែលធ្វើឡើងរៀងរាល់៣ខែម្តង ក្នុងការជួយ សម្រួលកម្លាំងដល់កងទ័ពជួរមុខ។

តាមសេចក្តីរាយការណ៍ព័ត៌មាន បានឱ្យ ដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ មានរថយន្តយោធារាប់សិបគ្រឿង បាន បើកឆ្លងកាត់ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ធំ ក្នុងទិសដៅពីត្បូងទៅជើង។

ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្ត កំពង់ធំ និងមជ្ឈដ្ឋានមួយចំនួនដែលតាមដាន រឿងនេះ លើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែង ការភ្ញាក់ផ្អើល នៅពេលបានឃើញកម្លាំងទ័ពចល័តដ៏ច្រើននោះ។

ជាមួយគ្នានោះដែរ តំណាងរាស្ត្រគណ- បក្សប្រឆាំង ក៏បានសម្តែងការភ្ញាក់ផ្អើល និង ចង់ដឹងថា តើការចល័តកម្លាំងទ័ពរបស់រាជ- រដ្ឋាភិបាល ពីព្រំដែននេះ តើមានមូលហេតុអ្វី ពិតប្រាកដ?

1

 

តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៃ គណបក្សសង្គ្រោះជាតិ លោកស្រីមួរ សុខហួរ បានសរសេរនៅក្នុងហ្វេសប៊ុកអ្នកស្រីនៅព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ថា “រថយន្ត កងដឹកជញ្ជូនរាប់សិបគ្រឿង បានធ្វើដំណើរលើ ផ្លូវជាតិលេខ៦ ពីខាងត្បូងទៅជើង (ម្តុំស្រុក បាធាយ)។ យើងមិនទាន់ដឹងថា គេដឹកទៅ កាន់គោលដៅណានៅឡើយនោះទេ”។

បន្ថែមលើសំណេរខ្លីតាមហ្វេសប៊ុកនោះ លោកស្រីមួរ សុខហួរ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកស្រីសូមសំណូមពរ ទៅក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាផ្តល់ព័ត៌មាននេះឱ្យបានច្បាស់លាស់ ជូន ដល់សាធារណជន ព្រោះរឿងចល័តកម្លាំងទ័ព ក្នុងស្ថានភាពពេលនេះ ពិតជារឿងគួរឱ្យភ្ញាក់ ផ្អើល។

លោកស្រីមួរ សុខហួរ មានប្រសាសន៍ថា “នៅពេលណាដែលមានការចល័តទ័ព នៅពេល ណាដែលយើងឃើញថា មានគ្រឿងប្រដាប់អាវុធ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋលោកមានការ ព្រួយបារម្ភ ពេលនោះយើងត្រូវតែរួមគ្នាគិត រួមគ្នាឆ្ងល់ ហេតុអ្វី? ហើយខ្ញុំយល់ឃើញថា ពេលវេលានេះគឺជាពេលវេលាដែលគួរឱ្យប្រជា- ពលរដ្ឋលោកព្រួយបារម្ភដែរ បើសិនជាមាន ឃើញទ័ព មានឃើញរទេះតង់អីៗ ទោះបីជា ទៅណាមកណាក៏ដោយ ក៏គួរតែប្រជាពលរដ្ឋ លោកជ្រាបថា ទៅណា? ខ្ញុំយល់ឃើញថា ធ្វើ យ៉ាងម៉េចក៏ដោយ គួរតែក្រសួងការពារប្រទេស ហ្នឹង ផ្តល់ព័ត៌មានឱ្យត្រឹមត្រូវ ហើយជាក់លាក់ ជូនទៅដល់សាធារណជន”។

លោកស្រីមួរ សុខហួរ មានប្រសាសន៍ បន្តថា “ជាការពិត ពេលនេះជាពេលដែល ប្រជាពលរដ្ឋ កំពុងតែមានការព្រួយបារម្ភ ជា- ពិសេសអ្នកដែលសកម្មនៅក្នុងការធ្វើការងារ ការពារសិទ្ធិមនុស្ស ហ៊ាននិយាយការពិត អ្នក ទាំងនោះកំពុងតែមានការព្រួយបារម្ភនៅក្នុង សុវត្ថិភាពរបស់គេ។ ដូច្នេះខ្ញុំយល់ឃើញថា ការដែលធ្វើឱ្យប្រជាពលរដ្ឋអាចនៅស្ងៀមស្ងាត់ បាន លុះត្រាតែរដ្ឋាភិបាល ជាពិសេស កងទ័ព ធ្វើការដោយប្រុងប្រយ័ត្ន។ ខ្ញុំគ្រាន់តែសុំឱ្យ រដ្ឋាភិបាល ជាពិសេស ក្រសួងការពារប្រទេស មេត្តាផ្តល់ព័ត៌មានឱ្យច្បាស់លាស់ជូនដល់សាធារណជន។ ចំពោះប្រជាពលរដ្ឋ ខ្ញុំថា ប្រជាពលរដ្ឋ លោកមានវិន័យរបស់លោក ហើយប្រជាពលរដ្ឋ លោកមានសិទ្ធិគ្រប់គ្រាន់ពេញលេញនៅក្នុង ការទាមទារឱ្យដឹងការពិត ទទួលបានព័ត៌មាន ថា ហេតុអ្វីបានជាមានការចល័តទ័ពរបៀប នេះ?”។

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៃគណ- បក្សសង្គ្រោះជាតិ លោកជាម ច័ន្ទនី ក៏បានមាន ប្រសាសន៍ដែរថា តាមរយៈការភ្ញាក់ផ្អើលនេះ លោកក៏សូមឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំធ្វើអ្វីឱ្យខុសនឹងច្បាប់ ព្រោះបានឃើញច្រើន ហើយ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ។

លោកជាម ច័ន្ទនី បញ្ជាក់ថា “បាទ! ខ្ញុំ បានឃើញព័ត៌មាននេះតាមរយៈគេហទំព័រដែរ  ហើយខ្ញុំមិនបានជ្រាបថា ការចល័តកងទ័ពនេះ រដ្ឋាភិបាល លោកផ្ទេរកម្លាំងពីកន្លែងមួយទៅ កន្លែងមួយ ឬក៏យ៉ាងណាទេ ដូច្នេះខ្ញុំមិនបាន ជ្រាបបញ្ហានេះទេ។ ដូច្នេះការអត្ថាធិប្បាយ មានការលំបាក ពីព្រោះយើងអត់ដឹង”។

លោកជាម ច័ន្ទនី បញ្ជាក់បន្តថា “វាមាន ទិដ្ឋភាព២ ទី១-អាចកម្លាំងហ្នឹងដកមកបន្ទាយ វិញ ដោយសារថា តំបន់ព្រំដែនវាមានស្ថិរភាព ហើយ ទី២-អាចថា រដ្ឋាភិបាលលោកអាចផ្ទេរ កម្លាំង ចង់រៀបចំអ្វីមួយ យើងអត់បានជ្រាប វាមាន២ចំណុចប៉ុណ្ណឹងទេ”។

លោកជាម ច័ន្ទនី បញ្ជាក់បន្តទៀតថា “ខ្ញុំគ្រាន់តែជម្រាបថា គណបក្សសង្គ្រោះជាតិ យើងគាំទ្រគោលនយោបាយសន្ទនា ផ្សះផ្សា ជាតិ ហើយចូលរួមនៅក្នុងការបោះឆ្នោត នៅ ឆ្នាំក្រោយៗនេះ។ ដូចខ្ញុំជម្រាបអ៊ីចឹង គឺការ ផ្ទេរអំណាចដោយសន្តិវិធី យើងអត់អាចប្រើ អំពើហិង្សាបានទេ ហើយក្រុមណាគេប្រុង យ៉ាងម៉េច ប្រើកម្លាំងអីយ៉ាងម៉េច អាហ្នឹងជា រឿងរបស់គេទៅ។ ប៉ុន្តែក្នុងនាមខ្ញុំផ្ទាល់ ក៏ដូច ជាគណបក្សសង្គ្រោះជាតិ យើងមិនគាំទ្រទេ ចំពោះបញ្ហានេះ ពីព្រោះថា ស្រុកយើងបានមក ដល់នេះ ដែលយើងបន្តទៅទៀត គឺវប្បធម៌ សន្ទនា ហើយការផ្សះផ្សាជាតិ បង្រួបបង្រួម ជាតិ ការបោះឆ្នោត ការផ្ទេរអំណាច ការផ្លាស់ប្តូរ ទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជាសំណូមពររបស់ខ្ញុំ ដែលយើងធ្លាប់ឆ្លងកាត់ ច្រើនមកហើយ គឺថាបងប្អូនប្រជាពលរដ្ឋ មេត្តា ប្រុងប្រយ័ត្ន កុំធ្វើអ្វីមួយឱ្យខុសទៅនឹងច្បាប់ ជាពិសេស គឺបញ្ហាដែលពាក់ព័ន្ធនឹងការប្រើ កម្លាំងហ្នឹង កុំឱ្យសោះ ពីព្រោះយើងឃើញច្រើន ហើយ ខ្ញុំមិនបាច់លើកទេ ក្នុងរយៈពេល២០ឆ្នាំ នេះ។ ដូច្នេះបើយើងមានឱកាស យើងទៅធ្វើ អត្តសញ្ញាណប័ណ្ណ ត្រៀមខ្លួនចុះឈ្មោះបោះឆ្នោត នៅខែ៩នេះ ជារឿងដែលយើងត្រូវធ្វើ នេះជា ការគិតរបស់ខ្ញុំ”។

ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោកឈុំ សុជាតិ បានបញ្ជាក់ថា ការ ចល័តទ័ពនោះ គឺជាការផ្លាស់ប្តូរកម្លាំងទ័ព ដើម្បីបំប៉នសុខភាពកងទ័ពក្រោយពីបានទៅ ឈរជើងនៅជួរមុខរយៈពេល៣ខែ។ ពោលគឺ ជាការផ្លាស់ប្តូរពីក្រោយទៅមុខពីកងទ័ពចេញ ពីខេត្តទៅព្រំដែន ហើយពីអ្នកនៅព្រំដែន មក ខេត្តវិញ។

លោកឈុំ សុជាតិ បានមានប្រសាសន៍ថា “ការងារនេះ ជាការងារផ្លាស់ប្តូរកម្លាំង វាអត់ មានបញ្ហាទាក់ទងនឹងសន្តិសុខអីទេ ការផ្លាស់ប្តូរ កម្លាំងកងទ័ពយើងដែលលោកឈរជើងនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងព្រំដែន បណ្តាប្រទេសដែលឆ្ងាយៗពីតំបន់ខាងមូលដ្ឋាន ក្រោយរបស់គាត់ ជាពិសេសប្រតិបត្តិការសឹករង របស់ខេត្ត ទ័ពកងពលដែលប្រចាំការនៅខាង ក្រោយហ្នឹង យើងឃើញសភាពការណ៍កន្លងមក យើងមានការបញ្ជូនឡើងទៅលើនៅតាមព្រំ- ដែន ធ្វើការត្រៀមប្រយុទ្ធ ប៉ុន្តែឥឡូវសភាព- ការណ៍ធូរស្រាលទៅ បញ្ជូនត្រឡប់មកវិញ ហើយ ខ្លះមានទៅ គឺមានមក។ បានន័យថា អ្នកចាស់ ទៅបំពេញ អ្នកថ្មីមកវិញ។ អ៊ីចឹងបានយើង ឃើញប៉ុន្មានថ្ងៃហ្នឹងមានការផ្លាស់ប្តូរពីកំពង់ចាម ក៏មាន ផ្លូវលេខ៦ ក៏មាន ព្រោះកំពង់ចាម ខាង ឆែប គាត់ត្រឡប់មកតាមផ្លូវថ្មី ផ្លូវទន្លេស្ពានថ្មី គាត់ត្រឡប់មកផ្លូវតាមស្ទឹងត្រែង ហ្នឹងវិញ គាត់ មកតាមនេះវាឆ្ងាយ។ អ៊ីចឹងការផ្លាស់ប្តូរកម្លាំង នោះ ខ្លះនៅឧដុង្គក៏មាន ខ្លះនៅកងពលលេខ១ ខ្លះនៅខេត្តព្រះវិហារ តាមខេត្តកំពង់ចាម ក៏មាន យើងផ្លាស់ប្តូរអ៊ីចឹង ព្រោះយើងយកថ្មីទៅ យក អាចាស់មកវិញ អ៊ីចឹងបានឃើញមានទៅ មាន មក។ ខាងរថក្រោះ កាំភ្លើងធំ ក៏យើងឃើញ មានការផ្លាស់ប្តូរដែរ ហើយយើងយកកម្លាំង ដែលគាត់មានការនឿយណាយនៅខាងមុខហ្នឹង យូរពេក យកមកបំប៉នគាត់ ហើយយើងធ្វើការ ហ្នឹង ហាត់ក្នុងរដូវវស្សាហ្នឹង បំប៉នបច្ចេកទេស យោធា បច្ចេកទេសវិទ្យាសាស្ត្រ អីហ្នឹង។ សព្វ ថ្ងៃ យើងមានកាំភ្លើងយន្តអីហ្នឹង វាមិនមាន ទាក់ទងបញ្ហាសន្តិសុខខាងក្នុងទេ”។

ចំពោះចំនួនកងទ័ពដែលបានចល័តផ្លាស់ប្តូរ កម្លាំងនោះ លោកឈុំ សុជាតិ មិនអាចជម្រាប បានទេ ដោយបញ្ជាក់ថា ជាការងារសម្ងាត់ របស់ប្រទេសជាតិ មិនអាចនិយាយបានឡើយ។

លោកឈុំ សុជាតិ បានមានប្រសាសន៍ បន្តថា “គេមានទីតាំងរបស់គេឆ្លងកាត់តាម ផ្លូវភ្នំពេញ ខ្លះនៅខេត្តនេះ នៅខេត្តនោះ ខ្លះ ទៅកងពលនេះ កងទាក់ទងនឹង ទី ច្រើន យើងយកគាត់មកបង្រៀនពីបញ្ហាហ្នឹង ដើម្បី ផុដាតេ ព័ត៌មានហ្នឹងឡើងវិញទៅ ហើយ កម្លាំងពលំ យើងយកអ្នកថ្មីទៅផ្លាស់ប្តូរអ្នក ចាស់ហ្នឹង ព្រោះទ្រុឌទ្រោម។ ខ្ញុំគិតថាបញ្ហា នេះទូទាំងប្រទេស ប្រទេសណាដូចប្រទេសណា ដែរ ព្រោះនៅជុំវិញយើង ខាងថៃ ខាងអីគេក៏ មានធ្វើអ៊ីចឹងអចិន្ត្រៃយ៍ដែរ គាត់អត់មានភ្ញាក់ផ្អើលផង។ ប៉ុន្តែយើងថ្មីចេះតែចាប់អារម្មណ៍ ថានេះនោះ អត់មានបញ្ហាអីទេ ដូចជម្រាបឱ្យ ប្រជាពលរដ្ឋដឹងផង”។

គួរបញ្ជាក់ដែរថា ការភ្ញាក់ផ្អើលអំពីការ ចល័តកម្លាំងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា នេះ បានកើតមានក្រោយពេលដែលមានបុរស ម្នាក់ដែលអះអាងថា ជាសមាជិករណសិរ្សរំដោះជាតិខ្មែរដែលជាក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្រប ច្បាប់ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយកងទ័ពកំពុងតាមស្វែងរក ចាប់ខ្លួនបុរសនោះ ដែលធ្វើឱ្យមានមជ្ឈដ្ឋាន ខ្លះយល់ថា  ការផ្លាស់ប្តូរកម្លាំងទ័ពនេះ ជាការ ត្រៀមកម្លាំងទប់ស្កាត់បាតុភាពមិនប្រក្រតី កើតឡើង។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ អះអាងថា មិនមានការត្រៀម  កម្លាំងដូចមជ្ឈដ្ឋានទាំងនោះយល់ឃើញទេ គឺគ្រាន់តែជាការផ្លាស់ប្តូរកម្លាំងទ័ពដូចអ្វីដែល លោកបានរៀបរាប់ខាងលើ។ ម៉្យាងទៀត ត្រឹម តែមនុស្សម្នាក់ ហើយថែមទាំងកំណត់មុខសញ្ញា តាមស្វែងរកចាប់ខ្លួននោះ មិនមានការចាំបាច់ អីទៅចល័តកម្លាំងទ័ពនោះទេ។

លោកឈុំ សុជាតិ មានប្រសាសន៍បន្ថែម ថា “ដូចជាមិនទាក់ទងទេ ព្រោះការប្រកាស ហ្នឹង យើងបានចាត់វិធានការហើយៗគ្រាន់តែ បុគ្គលម្នាក់ វាគ្មានអីទេ។ អាហ្នឹងការលើកឡើង ជាទស្សនៈរបស់គេទេ មិនមែនជាចលនាអ្វីផង ហ្នឹង តែអ្វីសំខាន់ ដើម្បីការបង្កើតការហ្វឹកហាត់ នៅខាងក្រោយ ហើយយកអ្នកដែលមានកម្លាំង ពលំហ្នឹងទៅខាងមុខវិញ អត់មានទាក់ទងអី ទាំងអស់ ព្រោះសភាពការណ៍សន្តិសុខយើង ស្រួលអស់ហើយ។ ជំហររបស់ក្រសួងការពារជាតិ ចង់ឱ្យប្រជាជនមានការចូលរួមក្នុងការថែរក្សាសន្តិសុខខាងក្រោយនេះឱ្យមានស្ថិរភាព ដើម្បីប្រជាពលរដ្ឋយើងមានឱកាសប្រកបរបរ រកស៊ី ហើយការសប្បាយក្នុងជីវភាពគ្រួសារឱ្យ បានល្អ។ អ៊ីចឹងហើយ យើងប្រឹងប្រែងបញ្ជូន កម្លាំងយើងទៅមុខហ្នឹង ដើម្បីឱ្យបងប្អូនយើង មានសេចក្តីសុខខាងក្នុង។ អ៊ីចឹងហើយបានកន្លង មកយើងឃើញសភាពការណ៍នៅតាមតំបន់ ផ្សេងៗមួយចំនួន ប្រទេសមួយចំនួននោះ គេ មានការបាញ់បោះសម្លាប់គ្នាអចិន្ត្រៃយ៍រាល់តែ ថ្ងៃ តែនៅក្នុងប្រទេសកម្ពុជាយើង សន្តិសុខ ១ថ្ងៃៗកាន់តែកើនឡើងជាបន្តបន្ទាប់ បើប្រៀប ធៀបប្រទេសដទៃ វាមានអសន្តិសុខជាងយើង។ យើងមានសភាពការណ៍ល្អ អត់មានទាក់ទង បញ្ហាអីខាងក្នុងទេ បញ្ហាកម្មវិធីផ្លាស់ប្តូរកង- ទ័ព ដែលយើងធ្វើជាប្រចាំរបស់យើងទេ។ ខ្ញុំ គ្រាន់តែជម្រាបជូនថា បញ្ហាឃើញការចល័ត កម្លាំងតាមផ្លូវប្រជាពលរដ្ឋបានឃើញនេះ ជា ការផ្លាស់ប្តូរកម្លាំងពីមុខទៅក្រោយ ពីក្រោយ ទៅមុខ ដើម្បីបង្កើនកម្លាំងទៅខាងមុខឱ្យមាន កម្លាំងគ្រប់បរិបូណ៌ ហើយកម្លាំងខាងមុខ យក មកហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាពរបស់ គាត់ប៉ុណ្ណឹងទេ កុំឱ្យចាប់អារម្មណ៍ខុសពីហ្នឹង ទៀត”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES