ខេត្តសៀមរាប៖ សពបុរសម្នាក់ ត្រូវបានអ្នកឃ្វាលគោ ប្រទះឃើញដេកស្លាប់នៅក្នុងព្រៃក្បែរភូមិ សង្ស័យថាជាករណីឃាតកម្មសម្លាប់រួចយកទៅប្លុងចោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី២៨ កក្កដា ២០១៦ ចម្ងាយពីភូមិប្រហែល២០០ម៉ែត្រ ក្នុងភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានករណីនេះ កម្លាំងនគរបាល ប៉ុស្តិ៍ឃុំ ស្វាយលើ ចុះទៅដល់ កន្លែងកើតហេតុ បានធ្វើការហុំព័ទ្ធកន្លែងសពជនរងគ្រោះ រងចាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ក្រោយពីពិនិត្យសាកសព សមត្ថកិច្ចនគរបាល បានសន្និដ្ឋានថា ករណីខាង លើនេះ ជាអំពើឃាតកម្ម ពីព្រោះនៅ លើរូបរាងកាយ ជនរងគ្រោះ មានស្លាកស្នាមចាក់ និងវត្ថុអ្វីមួយ នៅផ្នែកខាងក្រោយ ទើបបណ្ដាល ឲ្យស្លាប់។
នៅកន្លែងកើតហេតុ មិនបានបន្សល់ទុកអ្វី ដែលឲ្យសមត្ថកិច្ច យើងស្គាល់ អត្តសញ្ញាណ នោះទេ សពស្លៀក ពាក់អាវការ៉ូល្អិត ពណ៌ប្រផេះ ស្លៀកខោ ខូវបូយជើងវែង ហើយមានរុំស្បៃ ម៉ុងពណ៌ខៀវ។
មន្ត្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះអាច ត្រូវបានជនល្មើស ចាក់សម្លាប់ហើយ ប្លន់យករបស់អ្វីមួយ ហើយយកសព ទៅទម្លាក់ចោលនៅព្រៃក្បែរភូមិ ។
បច្ចុប្បន្ន សពត្រូវបានយកទៅ រក្សាទុកនៅវត្តត្រាង ស្ថិតក្នុងស្រុកស្វាយលើ រងចាំក្រុមគ្រួសារ ឫសាច់ញាតិមក ទទូលយកទៅធ្វើបុណ្យតាមប្រពៃណី ៕