ភ្នំពេញ ៖ កុមារពេជ្រ ថៃ ដែលទើបនឹងក្លាយជាជ័យលាភីកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស កាលពីរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមការគាំទ្រផង និងរិះគន់ផងនោះ ស្រាប់តែថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានទម្លាយប្រាប់ថា តាមពិតពេជ្រ ថៃ មានអាយុ១៦ឆ្នាំទៅហើយ ប៉ុន្តែគេបានព្យាយាមលាក់បាំងអាយុពិតប្រាកដ។
ក្រោយពីសង្កេតឃើញកុមារពេជ្រ ថៃ ដែលធ្លាប់ប្រកាសថា មានអាយុទើបតែ១២ឆ្នាំ ពោរពេញទៅដោយវោហារសព្ទ ភាពក្លាហាន ភាពក្រមិចក្រមើម ចេះលើកដាក់សម្តី ឱនលំទោន ដែលក្មេងសាមញ្ញធម្មតាពិបាកនឹងធ្វើទៅបាននោះ ក៏ស្រាប់តែមានប្រភពព័ត៌មានមួយទម្លាយថា ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំទេ តែយ៉ាងហោចណាស់ក៏មានអាយុ១៥ឆ្នាំ ឬ១៦ឆ្នាំដែរ គ្រាន់តែពេជ្រ ថៃ មើលទៅតូចក្រិនប៉ុណ្ណោះ ពោលគឺមិនខុសពីតារាកំប្លែងនាយក្រិន ក្នុងក្រុមនាយកុយ ដែលមានវ័យដល់ទៅជាង៣០ឆ្នាំទៅហើយ តែមានរូបរាងតូចល្អិតដូចកូនក្មេងនោះទេ។
ប្រភពខាងលើបានបន្តថា តាមអ្នកភូមិជាមួយពេជ្រ ថៃ បានប្រាប់ថា កូនៗរបស់ពួកគាត់កើតក្រោយពេជ្រ ថៃ ផង តែសព្វថ្ងៃ ពួកគេមានអាយុ១៥ទៅ១៦ឆ្នាំអស់ទៅហើយ ហេតុនេះ ពេជ្រ ថៃ បើមិនអាយុ១៦ឆ្នាំពេញ ក៏អាចលើសពី១៥ឆ្នាំដែរ តែគេមានរូបរាងតូចល្អិត ហើយបានទម្លាក់អាយុរបស់ខ្លួន ដើម្បីឱ្យស្របទៅនឹងលក្ខន្តិកៈរបស់កម្មវិធីប្រលងចម្រៀង “The voice kids Cambodia” ដែលទទួលត្រឹមអាយុ១៤ឆ្នាំចុះប៉ុណ្ណោះ។ ដោយហេតុថា ពេជ្រ ថៃ មានអាយុដល់ទៅ១៥ឬ១៦ឆ្នាំ ឈានចូលវ័យជំទង់បែបនេះ ទើបបានជាពេជ្រ ថៃ មានសម្តីសម្តៅ ចេះលើកដាក់ ឱនលំទោន ក្លាហាន បញ្ចេញភាពក្រមិចក្រមើម រហូតទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន។
យ៉ាងណា ការលើកឡើងខាងលើនេះ “នគរធំ” មិនទាន់ដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីកុមារពេជ្រ ថៃ និងក្រុមគ្រួសារបានទេ។ “The Voice Kids Cambodia” ក៏មិន អាចទាក់ទងសុំយោបល់បានដែរ កាលពីម្សិលមិញ។
គួរបញ្ជាក់ថា កុមារ ពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ក្រោមការគាំទ្រផង និងរិះគន់ផង រហូតដល់មនុស្សមួយួចំនួនដែលមិនគាំទ្រពេជ្រ ថៃ ធ្លាប់បានសន្យាថា បើពេជ្រ ថៃ លើកពាន The Voice Kids Cambodia គេនឹងកាត់ប្រដាប់ភេទចោល, ដើរស្រាត, ទៅបួស១អាទិត្យ, ឈប់ញ៉ាំបាយ៣ថ្ងៃ, សុំបែកពីសង្សារ, ឈប់ស្រលាញ់ស្រី ទៅស្រលាញ់ប្រុស, ឈប់លេងហ្វេសប៊ុកមួយជីវិត ជាដើមទៀតផង។
យ៉ាងណា ក្រោយក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ពេជ្រ ថៃ ធ្លាប់បញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ហង្សមាស ថា “ខ្ញុំដឹងថា មានអ្នកខ្លះគាំទ្រខ្ញុំ អ្នកខ្លះមិនគាំទ្រ គាំទ្រអ្នកផ្សេង ហើយអ្នកខ្លះទៀតរិះគន់ខ្ញុំ តែខ្ញុំមិនខឹងទេ និងសូមអរគុណចំពោះការគាំទ្រ និងលើកទឹកចិត្តពីមហាជនទាំងអស់”។
គួររំលឹកថា កុមារ ពេជ្រ ថៃ មានអាយុ១២ឆ្នាំ មានស្រុកកំណើតនៅឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដោយរូបគេបានរស់នៅជាមួយជីដូន ឈ្មោះហូ ហុម អាយុ៧៧ឆ្នាំ តាំងពីសម្រាលពីផ្ទៃម្តាយបាន១០ថ្ងៃម៉្លេះ ព្រោះឪពុកម្តាយរបស់គេបានចេញទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ។ លោកយាយ ហូ ហុម ធ្លាប់ប្រាប់ “នគរធំ” ថា ពេជ្រ ថៃ មានឪពុកឈ្មោះពេជ្រ ហើយដោយសារឪពុកគេទៅធ្វើការនៅថៃ ទើបដាក់ឈ្មោះឱ្យថា “ពេជ្រ ថៃ” ហើយកុមារនេះមានទេពកោសល្យសិល្បៈចម្រៀងតាំងពីតូចម៉្លេះ និងពេលម្តាយទៅធ្វើការនៅប្រទេសថៃបាត់ ពេជ្រ ថៃ បៅដោះគាត់ ហើយចៅម្នាក់នេះ បានហៅគាត់ថា “ម៉ែចាស់”។
ពេជ្រ ថៃ ដែលមានទឹកដមសំឡេងច្រៀងធម្មតាដូចក្មេងទូទៅនោះ បានសម្តែងភាពក្លាហាន និងក្រមិចក្រមើមទាក់ទាញទស្សនិកជន និងគ្រូបង្វឹកទាំង៣ នៃកម្មវិធី “The Voice Kids Cambodia” នៅពេលច្រៀងបទ “បាត់ដំបងបណ្តូលចិត្ត” ក្នុងវគ្គ “Blind Audition” ហើយពេជ្រ ថៃ បានជ្រើសរើសយកលោកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក (Coach) និងបានជាប់នៅវគ្គបន្តបន្ទាប់ រហូតមកដល់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៤ ខែតុលា កុមារពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ នេះតែម្តង៕