Friday, September 20, 2024
Homeតារាខ្មែរនៅ សុនិតា លែងខ្វល់សិល្បៈ ព្រោះម្ចាស់ស្នេហ៍ហួងហែង?

នៅ សុនិតា លែងខ្វល់សិល្បៈ ព្រោះម្ចាស់ស្នេហ៍ហួងហែង?

ចាប់តាំងពីឡើងកូដលេចធ្លោ និងកាន់តែហ៊ឺហាបង្អួតរថយន្តទំនើប ព្រមទាំងសង់វីឡាតម្លៃជាង២០ម៉ឺនដុល្លារ ផ្អើលអ្នកសិល្បៈផងនោះ មួយរយៈចុងក្រោយនេះ តារាភាពយន្តរូបស្រស់ កញ្ញានៅ សុនិតា ហាក់លែងអើពើពីអាជីពសិល្បៈប្រាក់ល្អិតដូចមុនទៀតទេ ដែលតាមដំណឹងថា មានម្ចាស់ស្នេហ៍ហួងហែងខ្លាំង លែងចង់ឱ្យនាងលេងសិល្បៈ…។

មួយរយៈចុងក្រោយនេះ កញ្ញានៅ សុនិតា បានធ្វើឱ្យមជ្ឈដ្ឋានជាច្រើន រួមទាំងអ្នកសិល្បៈផង ចាប់អារម្មណ៍នាងជាខ្លាំង នៅពេលដែលជីវភាពរបស់នាងកាន់តែលេចធ្លោហ៊ឺហា មានទ្រព្យខ្ទង់សែនដុល្លារនៅក្នុងដៃ ស្របពេលដែលមានដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយមន្ត្រីធំទ្រព្យស្តុក ហើយចាប់តាំងពីសុនីតា ឡើងកូដនិងហ៊ឺហា នាងពុំបានបង្ហាញវត្តមាននៅក្នុងឈុតខារ៉ាអូខេ និងសម្តែងភាពយន្តថ្មីៗទៀតទេ ខណៈដែលផលិតករមួយចំនួនបង្ហើបឱ្យដឹងថា ពិបាកទាក់ទងហៅនាងថត។

មានការទម្លាយឱ្យដឹងពីចង្កោមអ្នកសិល្បៈថា សុនិតា មិនខ្វល់ពីអាជីពសិល្បៈប្រាក់ល្អិតដូចមុនទៀតទេ ពោលគឺមួយរយៈចុងក្រោយនេះ នាងបានជម្រុះចោលឱកាសថតភាពយន្តជាច្រើនរឿង បើទោះបីផលិតករមួយចំនួនហ៊ានឱ្យតម្លៃខ្លួននាងខ្ពស់ក្តី។

ប្រភពខាងលើបន្ថែមថា សុនិតា មានអ្នកពិសេសហួងហែងពីក្រោយខ្នង ទើបនាងលែងអើពើពីតំណែងតួឯក និងភាពល្បីល្បាញដូចមុន គឺនាងនៅតែរក្សាតំណែងពិធីការិនីប៉ុស្តិ៍បាយ័ន តែប៉ុណ្ណោះ។ នាងប្រើជីវិតប្រៀបដូចជាជំទាវតូចទៅហើយ នាងសម្ងំថែសម្រស់ មានប្រាក់ចាយវាយពេញៗដៃ និងចូលចិត្តប្រើប្រាស់របស់ម៉ាកល្បីថ្លៃៗ ទាន់សម័យ រួមទាំងគ្រឿងអលង្ការខ្ទង់រាប់ពាន់ដុល្លារ ក្នុងមួយឈុតៗ ចំពោះអាជីពជាពិធីការិនីនៅប៉ុស្តិ៍បាយ័ន ដែលនាងនៅបន្តលេងនោះ គ្រាន់តែដើម្បីកំដរអារម្មណ៍តែប៉ុណ្ណោះ ដោយគ្មានបំណងសន្សំប្រាក់ល្អិតពីវិស័យនេះទៀតទេ។

មុនពេលសាយភាយដំណឹងនេះ មានព័ត៌មានថា នៅ សុនីតា កំពុងត្រូវបានបុរសសម្បូរទ្រព្យពីរនាក់ តាមប្រជែងស្នេហ៍ មានមន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនបាវិតម្នាក់ និងលោកអភិបាលខណ្ឌម្នាក់ ខណៈដែលអ្នកខ្លះថា ប៉ូលិសអន្តោប្រវេសន៍ ដែលមានប្រពន្ធកូនរួចទៅហើយ បានតាមនាងស្អិតជាងគេ។

តាមប្រភពថា ក្នុងចំណោមបុរសសម្បូរទ្រព្យទាំងពីរ មានម្នាក់ជាអ្នកជួយជ្រោមជ្រែងឱ្យនាងហ៊ឺហា។

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយពីកញ្ញានៅ សុនិតា បានទេ ខណៈដែលកន្លងមក នាងតែងតែអះអាងថា គ្មានបុរសណាជួយជ្រោមជ្រែងនាងទេ ពោលគឺអ្វីដែលនាងមាននៅពេលនេះជាកម្លាំងញើសឈាមរបស់នាង និងក្រុមគ្រួសារទាំងស្រុង។ ម៉្យាងនាងមិនទាន់មានម្ចាស់ស្នេហ៍នៅឡើយទេ។

កញ្ញានៅ សុនិតា ត្រូវបានចាត់ទុកថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ចាប់តាំងពីទាញបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ល្បីមានបុរសៗទ្រព្យស្តុកជាច្រើនតាមថ្ពក់ស្នេហ៍ ហើយកន្លងមក នាងក៏ធ្លាប់សារភាពថា មានកូនមន្ត្រីធំមួយរូបតាមស្នេហ៍នាងយ៉ាងស្អិតផងដែរ ប៉ុន្តែបានប្រេះឆាទៅវិញ។ សុនិតា ក៏ធ្លាប់ធ្វើឱ្យតារាចម្រៀងម្នាក់ខកចិត្ត កកឈាមពេញបេះដូងផងដែរ នៅពេលដែលនាងច្រានចោលសំណើស្នេហ៍។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលដែរនោះ មុននេះបន្តិច មានដំណឹងថា មានប្រពន្ធមន្ត្រីធំម្នាក់បានព្រមានសុនិតា តាមបណ្តាញសារព័ត៌មានផងដែរ។ ប៉ុន្តែសុនិតា បានបដិសេធថា នាងមិនភ្ជាប់ចំណងស្នេហ៍ជាមួយបុរសដែលមានប្រពន្ធកូនរួចទៅហើយនោះទេ។

កញ្ញានៅ សុនីតា ដណ្តើមបានភាពលេចធ្លោយ៉ាងឆាប់រហ័សនៅក្នុងសួនសិល្បៈ តាមរយៈការសម្តែងភាពយន្តល្បីៗមួយចំនួន របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន សម្តែងឈុតខារ៉ាអូខេ បង្ហាញម៉ូដនៅក្នុងក្រុម Cambodia Super Models ដែលដឹកនាំដោយឌួង ហ្សូរីដា និងចាប់អាជីពចម្រៀងជាក្រុមជាដើម។ យ៉ាងណា ក្រោយពេលជីវភាពនាងកាន់តែហ៊ឺហា និងល្បីមានអ្នកជួយជ្រោមជ្រែងផងនោះ នាងបានចម្រុះចោលការងារសិល្បៈស្ទើរទាំងស្រុង ដោយលែងខ្វល់ពីប្រាក់ចំណូលពីសិល្បៈ។

តាមដំណឹងថា ក្រោយពេលសាយភាយដំណឹងមានមន្ត្រីធំ2នាក់ កំពុងតាមប្រជែងស្នេហ៍ ក៏មានបុរសសម្បូរទ្រព្យមួយចំនួនទៀត ខកចិត្តស្តាយស្នេហ៍នាងផងដែរ។ ប៉ុន្តែយ៉ាងណា មិនទាន់ដឹងថា សុនិតា ជ្រើសស្នេហ៍បុរសណានោះទេ ខណៈដែលការទាក់ទងសុំសម្ភាសន៍ជាថ្មី មិនបានសម្រេច ហើយយើងនឹងរង់ចាំទទួលការឆ្លើយតបពីនាងជានិច្ច៕

RELATED ARTICLES