តារាភាពយន្តរូបស្រស់ កញ្ញាពេជ្រ ចរណៃ ដែលមានជំងឺដាច់សរសៃឈាមបេះដូងធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ នោះ មកទល់ពេលនេះ នាងមិនទាន់ទទួលបានការវះកាត់នៅឡើយទេ ដោយសារតែពុំមានលទ្ធភាពលើការចំណាយខណៈដែលត្រូវការចំណាយរហូតដល់៤ម៉ឺនដុល្លារ ដើម្បីវះកាត់ ហើយក្រុមគ្រួសាររបស់នាងកំពុងដង្ហោយរកជំនួញពីសប្បុរសជននានា។
ទំព័រហ្វេសប៊ុករបស់តារាសម្ដែងម្នាក់ឈ្មោះ Po chalerm ដែលជាអ្នកជិតស្និទ្ធជាមួយគ្រួសារពេជ្រ ចរណៃ បានបង្ហោះសាររកជំនួយពីសប្បុរជននានា ដើម្បើស្វែងរកជំនួយជួយដល់ចរណៃ កាលពីយប់ថ្ងៃទី០៥ វិច្ឆិកា ថា “ខណៈពេលនេះ ចរណៃ មិនទាន់មានលទ្ធភាពសម្រាប់ចូលវះកាត់នៅឡើយទេ ដោយសារការវះកាត់នៅប្រទេសថៃ ត្រូវចំណាយខ្ទង់ជាង៤ម៉ឺនដុល្លារ ហើយពេលនេះ គាត់ត្រូវប្រើថ្នាំទប់ស្កាត់ហើយមកសម្រាកនៅខេត្តស្រះកែវវិញ ព្រោះតែថ្លៃព្យាបាលនៅ Bangkok ថ្លៃពេក ហើយខ្វះលទ្ធភាព ក្នុងការចូលវះកាត់។ ខ្ញុំបាទសុំអំពាវនាវដល់បងប្អូន និងសមាគមសិល្បករខ្មែរ និងបងស្រីចន ច័ន្ទលក្ខិណា មេត្តាជួយគាត់ផង ។ ព័ត៌មាននេះខ្ញុំទទួលបានដំណឹងពីម្តាយបង្កើតរបស់ចរណៃ សូមជួយដល់ជីវិតក្មេងស្រីម្នាក់ដែលកំព្រាឪពុក ហើយតស៊ូគ្រប់បែបយ៉ាងទម្រាំបានធំ ហើយឥឡូវមកជួបប្រទះជំងឺបែបនេះទៀត”។
ក្រោយពេលបង្ហោះសារដង្ហោយរកជំនួយជួយចរណៃ អ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះស្ថានភាពជំងឺរបស់នាង ដែលអ្នកខ្លះបានជូនពរនាងឲ្យបានជាសះស្បើយ និងសុំឲ្យវត្ថុស័ក្ដិសិទ្ធក្នុងលោក តាមជួយថែរក្សានាងរួចផុតពីគ្រោះទុក្ខនេះផង ខណៈដែលអ្នកខ្លះសំណូពរឲ្យសប្បុរជននានា ជួយនាង ជាពិសេសបានអំពាវនាវឲ្យអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ដែលធ្លាប់ប្រមូលថវិកាបានពីកម្មវិធី «កត្តញ្ញូរាត្រី» ជាង៣០ម៉ឺនដុល្លារ ជួយដល់នាងផង។
គួរបញ្ជាក់ថា កញ្ញាពេជ្រ ចរណៃ បានធ្លាក់ខ្លួនឈឺធ្ងន់ដាច់សរសៃឈាមបេះដូង កាលពីចុងខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ស្របពេលដែលម្ដាយរបស់នាងមានជំងឺដុះសាច់ក្នុងខួរក្បាលគួរឲ្យសង្វេគ។ ចរណៃ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្រោមការជួយជ្រោមជ្រែងពីក្រុមគ្រួសារតារាកម្ពុជា។ យ៉ាងណា មកទល់ពេលនេះ នាងមិនទាន់មានលទ្ធភាពវះកាត់នៅឡើយ ខណៈដែលត្រូវការជាង៤ម៉ឺនដុល្លារ ហើយក្រុមគ្រួសាររបស់នាងកំពុងដង្ហោយរកជំនួយពីសប្បុរសជននានា៕
Posted by Po Chalerm on Sunday, 5 November 2017