សុខ ពិសី ដែលល្បីមានស្នេហាជាមួយលោកថៅកែសាន់ដេ ឡាយ សុខចំរើន ហៅសេង នោះ ត្រូវបានប្រជែងស្នេហ៍ដោយកូនឧកញ៉ាមហាសេដ្ឋីម្នាក់ ជាច្រើនឆ្នាំហើយ មកដល់ពេលនេះ ពិសី មិនដែលទម្លាយរឿងស្នេហ៍ថា នាងជ្រើសយកប្រុសណាម្នាក់ក្នុងបេះដូងឡើយ ទើបធ្វើឱ្យពេលនេះ ដំណឹងរៀបការរបស់អ្នកចម្រៀងស្បែកសាច់ស្អាតរូបនេះ នៅតែគ្មានស្រមោលដដែល…។
នៅពេលដែលសុគន្ធ និសា សម្រេចចិត្តចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារផ្កាយ៥ សូហ្វីតែលភ្នំពេញ នោះ បានធ្វើឱ្យតារាស្រីល្បីៗជាច្រើន មានការច្របូកច្របល់ ព្រោះថា និសា ជាអ្នកចម្រៀងស្រីឈានមុខគេម្នាក់ កំពុងត្រូវប៉ាន់ តែបែរជាមិនខ្លាចធ្លាក់កូដ ហ៊ានគ្រងឈុតកូនក្រមុំមែនទែន អីចឹងតើតារាស្រីល្បីៗដទៃទៀត ម៉េចបានជាក្រាញមិនហ៊ានរៀបការ?
សុខ ពិសី ដែលជាស្រីស្អាតដាច់គេនៅផលិតកម្មសាន់ដេ នោះ ធ្លាប់មានមន្ត្រីធំៗ លោកឧកញ៉ា និងប៉ូលិសក្នុងជួររាជការជាច្រើននាក់តាមស្រលាញ់នាង រហូតដល់ចង់ចូលស្តីដណ្តឹងរៀបការតាមប្រពៃណីខ្មែរទៀតផង តែពិសី នៅមិនទាន់ចង់បានប្តី។ ប៉ុន្តែ រយៈពេលជាង៣ឆ្នាំមកនេះ សុខ ពិសី បានជំពប់ទៅនឹងរឿងស្នេហាជាមួយលោកថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ហៅសេង ទើបធ្វើឱ្យប្រុសៗទាំងឡាយដែលតាមស្នេហ៍នាងជាច្រើនឆ្នាំនោះបានខកចិត្ត ព្រោះថា ទោះជាពួកគេបានព្យាយាមតាមស្នេហ៍តារាចម្រៀងស្រីល្បីរូបនេះយ៉ាងណា ក៏ស្នេហ៍មិនឈ្នះស្និទ្ធដែរ ព្រោះថា ជាញឹកញាប់ គេតែងឃើញពិសី ជិះរថយន្តជាមួយលោកសេង ដោយស្និទ្ធស្នាលគ្នាដូចគូសង្សារអីចឹង។ ទោះជាយ៉ាងណា រហូតមកដល់ពលនេះ ទាំងពិសី និងលោកសេង មិនទាន់សារភាពថា ពួកគេពិតជាមានទំនាក់ទំនងស្នេហ៍ដូចការលេចឮនោះឡើយ។
ប្រភពបានឱ្យដឹងថា កូនលោកឧកញ៉ាមហាសេដ្ឋីដែលតាមស្រលាញ់សុខ ពិសី ជាច្រើនឆ្នាំនោះ នៅតែរង់ចាំចម្លើយស្នេហ៍ពីតារាចម្រៀងរូបនេះ ដោយបុរសដែលចាយលុយដូចក្រដាសនោះ ហាក់ដូចជាមិនខ្វល់ខ្វាយរឿងដែលល្បីសុសសាយថា ពិសី មានស្នេហាជាមួយលោកថៅកែក្មេងផលិតកម្មសាន់ដេ នោះឡើយ។ ប្រភពបានឱ្យដឹងថា ក្រោយពេលដែលមានដំណឹងថា សុគន្ធ និសា ចូលរោងការនៅខែធ្នូ នេះ តារាចម្រៀងសុខ ពិសី ហាក់មានអារម្មណ៍ច្របូកច្របល់ក្នុងចិត្តខ្លាំង ព្រោះតែនាងចង់ចូលរោងការដែរ តែរហូតមកដល់ពេលនេះ បើទោះបីជាមិត្តភក្តិដ៏ជិតដិតបំផុតជាមួយពិសី បានជជីកសួរថា តើពិសី នឹងរៀបការជាមួយអ្នកណានោះ គឺតារាចម្រៀងរបស់សាន់ដេ រូបនេះនៅតែគ្មានចម្លើយតបដដែល ទើបធ្វើឱ្យមានចម្ងល់ជាច្រើនថា តើរវាងលោកថៅកែផលិតកម្មសាន់ដេ និងកូនប្រុសលោកឧកញ៉ាមហាសេដ្ឋីនោះ ពិសី នឹងដឹកដៃបុរសមួយណាចូលក្រាបផ្ទឹម នាពេលឆាប់ៗខាងមុខនេះ?
ប្រភពបានឱ្យដឹងថា ក្រៅពីមានប្រុសមានទ្រព្យស្តុកស្តម្ភជាច្រើននាក់ខកស្នេហ៍ សុខ ពិសី ព្រោះតែគ្រប់គ្នាម៉ៃថា នាងជាសង្សារលោកសេង នោះ យ៉ាងហោចណាស់ ក៏មានតារាសម្តែងស្រីស្អាត៤នាក់ដែរ ដែលឃ្លាតចេញពីភាពស្និទ្ធស្នាលជាមួយលោកសេង ព្រោះថា ថៅកែផលិតកម្មវ័យក្មេងរូបនេះ មាននារីៗជាច្រើនក៏បានតោងស្នេហ៍លោកដែរ។ ប៉ុន្តែ នៅពេលដំណឹងស្នេហ៍សុខ ពិសី និងលោកសេង កាន់តែរីកសាយភាយឡើងៗនោះ ស្រីស្អាតៗទាំងនោះ មិនសូវហ៊ានស្និទ្ធស្នាលជាមួយលោកថៅកែក្មេងទៀតឡើយ បើទោះជាលោកសេង មិនដែលបានសារភាពថា លោកមានស្នេហាជាមួយពិសី ក៏ដោយ។
សុខ ពិសី អាយុ២៧ឆ្នាំ បានឈរជើងនៅផលិតកម្មសាន់ដេ ជិត៧ឆ្នាំមកហើយ ដោយត្រូវផលិតកម្មនេះជួយជ្រោមជ្រែងនាងជាខ្លាំង តាមរយៈការផ្តល់ឱ្យចាប់ដៃគូជាមួយអតីតតារាចម្រៀងល្បីឈ្មោះរបស់សាន់ដេ លោកខេមរៈ សិរីមន្ត ទាំងការច្រៀង និងសម្តែងភាពយន្ត។ ប៉ុន្តែ តាំងពីសិរីមន្ត ចាកចេញពីសាន់ដេ ទៅចូលរួមជាមួយហង្សមាស មក ពិសី ហាក់បាត់បង់ដៃម្ខាង ព្រោះបាត់បង់ដៃគូយល់ចិត្តម្នាក់ ធ្វើឱ្យនាងពិបាកក្នុងការរកអ្នកថ្មីមកជំនួស តែគេជឿថា សាន់ដេ នឹងបង្វិលឱ្យពិសី ងាកទៅចាប់ដៃគូជាមួយឆាយ វីរៈយុទ្ធ, ខាន់ ជេមស៍ និងនាយចឺម ជំនួសសិរីមន្ត ជាមិនខានឡើយ ហើយគេរង់ចាំមើលថា តើតារាដែលល្បីថា ចង់ចូលរោងការដូចសុគន្ធ និសា តែមិនប្រាប់ថា កូនកំលោះរបស់នាងជាអ្នកណានេះ នឹងកាន់តែល្បី ឬចុះខ្សោយ នៅពេលដែលប្តូរដៃគូនេះ…?៕