ទាំងលោកខេមរៈ សិរីមន្ត និងលោកខាន់ ជេមស៍ ត្រូវបានគេដឹងថា មានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែតារាចម្រៀងទាំង២ បានព្យាយាមលាក់បាំងជាច្រើនឆ្នាំ ព្រោះខ្លាចប៉ះពាល់ដល់អាជីពសិល្បៈ គឺខ្លាចធ្លាក់កូដក្រោយពេលលាតត្រដាងពីជីវិតគ្រួសារ។ ប៉ុន្តែអ្វីដែលស្ទើរមិនគួរឱ្យជឿនោះ ថ្មីៗនេះ លោកខាន់ ជេមស៍ ស្រាប់តែហ៊ានបង្ហាញមុខប្រពន្ធកូនដែលខំលាក់បាំងជិត២០ឆ្នាំ ដោយបានបង្ហោះរូបភាពប្រពន្ធកូន ថែមទាំងបញ្ចោញសារផ្អែមល្ហែមទៀតផង ដែលបានសរសេរថា “នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសម្លាញ់”។ ការទម្លាយនូវអាថ៌កំបាំងនេះ លោកជេមស៍ បានធ្វើឱ្យភរិយាឈ្មោះសុខ សុចិន្តា សប្បាយចិត្តជាខ្លាំង ថែមទាំងបានប្រកាសជាសាធារណៈថា “មិនដែលគិត ហើយក៏មិនដែលខ្វល់ តែចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្រួសារមួយនេះមានក្តីសុខបំផុតហើយ”។
លោកខាន់ ជេមស៍ ហាក់មិនញញើតខ្លាចធ្លាក់កូដដូចមុនទេ ទើបហ៊ានទម្លាយពីជីវិតគ្រួសារជាសាធារណៈ ស្របពេលដែលលោកកំពុងក្លាយជាតារាចម្រៀងលេចធ្លោមួយរូបរបស់សាន់ដេ ក្រោយពេលសិរីមន្ត ចាកចេញ។ យ៉ាងណា ទន្ទឹមនឹងលោកជេមស៍ បង្ហាញមុខប្រពន្ធកូន គេចាប់អារម្មណ៍ថា លោកខេមរៈ សិរីមន្ត ដែលទើបហក់ចូលផលិតកម្មរស្មីហង្សមាស ហាក់មិនហ៊ានបង្ហាញមុខប្រពន្ធកូន ដូចលោកជេមស៍ នៅឡើយទេ។
ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា មានប្រពន្ធនិងកូនប្រុស២នាក់ គួរឱ្យស្រលាញ់ ហើយភរិយារបស់លោក មានសម្បុរស្រអែមស្រស់ និងធ្លាប់ទៅតាមលោក ពេលចុះច្រៀងតាមបណ្តាខេត្តម្តងម្កាល។ អំឡុងពេលសិរីមន្ត ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលមានអ្នកស្លាប់ផង កាលពីប៉ុន្មានឆ្នាំមុន ភរិយានិងកូនរបស់លោកម្នាក់ក៏ស្ថិតនៅក្នុងហេតុការណ៍នោះដែរ ប៉ុន្តែក្រុមគ្រួសាររបស់លោកពុំមានបញ្ហាអ្វីនោះទេ។ គេដឹងទៀតថា ឪពុកក្មេករបស់លោកសិរីមន្ត ជាមន្ត្រីធំម្នាក់ ដែលមានឋានៈផ្កាយ២ទៀតផង។
យ៉ាងណា រហូតមកទល់ពេលនេះ លោកខេមរៈ សិរីមន្ត នៅមិនទាន់ហ៊ានបង្ហាញមុខប្រពន្ធកូននៅឡើយទេ។ ជាពិសេស ខណៈទើបក្លាយជាតារាចម្រៀងរស្មីហង្សមាស ប្រឹងតាមប្រជែងលោកព្រាប សុវត្ថិ ផងនោះ លោកកាន់តែខ្លាចបង្ហាញមុខប្រពន្ធកូន។
មានការលើកឡើងពីតារាសិល្បៈថា ក្នុងដំណាក់កាលនេះ សិរីមន្ត ពុំមានចិត្តសឿងបង្ហាញពីជីវិតក្រុមគ្រួសារដូចលោកជេមស៍ ទេ ព្រោះទើបចូលហង្សមាស និងកំពុងប្រឹងបំបែកទីផ្សារ និងចង់ប្រជែងទម្លាក់លោកព្រាប សុវត្ថិ ពោលគឺគ្មានហេតុផលណាដែលលោកត្រូវបង្ហាញប្រពន្ធកូនប្រជែងលោកជេមស៍ នៅពេលនេះទេ ព្រោះអ្វីដែលសំខាន់ លោកកំពុងពង្រឹងគ្រឹះឱ្យរឹងមាំនៅរស្មីហង្សមាស សិន។
មានការចាប់អារម្មណ៍ថា តារាចម្រៀងប្រុសល្បីៗជាច្រើនបានបង្ហាញពីចំណងអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ ដូចជា លោកព្រាប សុវត្ថិ, លោកឆាយ វីរៈយុទ្ធ, លោកកែវ វាសនា និងថ្មីៗនេះ លោកជេមស៍ ក៏បានបង្ហាញប្រពន្ធកូនដែរ ដោយនៅតែសិរីមន្ត ម្នាក់ទេ ដែលនៅតែព្យាយាមលាក់លៀមពីគ្រួសារ។
ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីលោកខេមរៈ សិរីមន្ត បានទេ ខណៈដែលកន្លងមក លោកតែងតែគេចវេះមិនឆ្លើយទាក់ទងនឹងការចោទសួររឿងស្នេហា។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីខេមរៈ សិរីមន្ត ជានិច្ច។
ក្រោយពេលសម្រេចចិត្តចោលទ្រនំសាន់ដេ មកជ្រកនៅរស្មីហង្សមាស ខេមរៈ សិរីមន្ត កំពុងតែត្រូវបានទ្រនំថ្មីជួយជ្រោមជ្រែងជាខ្លាំង ទាំងការសម្រិតសម្រាំងធ្វើបទស្នាដៃថ្មីឱ្យលោកច្រៀង ព្រមទាំងឱ្យចាប់ដៃគូច្រៀងជាមួយកញ្ញាឱក សុគន្ធកញ្ញា ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក៏ត្រៀមឱ្យលោកថតភាពយន្តជាតួឯកនៅក្នុងខ្សែភាពយន្តភាគមួយចំនួន និងឱ្យលោកកាន់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកទៀតផង ខណៈដែលមានការព្យាករថា សិរីមន្ត អាចដណ្តើមតំណែងកំពូលលោកព្រាប សុវត្ថិ បានទៀតផង ស្របពេលដែលវ័យរបស់លោកព្រាប សុវត្ថិ កាន់តែច្រើន ពិបាកទាញសំឡេងគាំទ្រពីស្រទាប់យុវវ័យ។
តាមដំណឹងថា ការសម្រេចចិត្តចាកចេញពីសាន់ដេ មករស្មីហង្សមាស ក៏ព្រោះតែសិរីមន្ត ចង់ប្រជែងយកឈ្នះលោកព្រាប សុវត្ថិ ត្បិតអីបើបន្តនៅសាន់ដេ គ្មានឱកាសផ្តួលលោកព្រាប សុវត្ថិ បានទេ។ ដូច្នេះក្នុងដំណាក់កាលនេះ សិរីមន្ត នឹងមិនហ៊ានបង្ហាញមុខប្រពន្ធកូនដូចលោកខាន់ ជេមស៍ ទេ៕