Friday, November 29, 2024
Homeតារាខ្មែរធីណាតា បែកបាក់គូដណ្តឹង នៅតែរាប់អានគ្នាធម្មតា តែអស់និស្ស័យស្នេហ៍

ធីណាតា បែកបាក់គូដណ្តឹង នៅតែរាប់អានគ្នាធម្មតា តែអស់និស្ស័យស្នេហ៍

ពិតជាគួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញនេះ នៅក្នុងពិធីសម្ពោធរឿង “សសរកន្លោង” របស់ផលិតកម្មឥន្ទ្រានិម្មិត តារាចម្រៀងយ៉េយ៉េ នាងធីណាតា បានប្រកាសប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ព័ន្ធស្នេហ៍រវាងនាងជាមួយលោកម៉ន គង់ ដែលបានភ្ជាប់ពាក្យ និងបានរួមរស់ជាមួយគ្នាមួយរយៈកន្លងមកនេះ បានឈានដែលផ្លូវបំបែក ហើយខណៈដែលពេលនេះនាងចង់ចេញទៅរស់នៅប្រទេសអូស្ត្រាលី។

ធីណាតា បានថ្លែងឲ្យដឹងថា “នាងនិងគូដណ្ដឹងបានសម្រេចចិត្តចែកផ្លូវគ្នារយៈពេលជិត៣ខែមកហើយ ដោយសារតែមិនចុះសម្រុងនឹងគ្នា។ នាងថា ស្នេហារបស់នាងប្រេះឆាពុំមែនដោយសារតែមានអ្នកទី៣ជ្រៀតជ្រែក ឬក៏លោកម៉ន គង់ មានដៃគូស្នេហាថ្មីនោះទេ។

ណាតា បន្ថែមថា ”ពួកយើងបែកគ្នា គឺដោយសារតែមិនចុះសម្រុងគ្នា ខ្វែងគំនិតគ្នាស្ទើរគ្រប់យ៉ាងតែម្ដង ហើយក៏គ្មានអ្នកទី៣ណាចូលជ្រៀតជ្រែកដែរ ហើយមូលហេតុដែលខ្ញុំទើបទម្លាយចេញនៅពេលនេះ ក៏ព្រោះតែក្រោយពេលពួកយើងរកាំរកូស ក៏បានទុកពេលដើម្បីពិចារណាផ្សះផ្សាដែរ។ ប៉ុន្តែទីបំផុត នៅតែមិនអាចទៅរួច”។

ណាតា អះអាងថា “ក្រោយចែកផ្លូវគ្នារវាងនាងនឹងអតីតគូដណ្ដឹងនៅតែរាប់អានគ្នាធម្មតា ថែមទាំងនៅធ្វើជំនួញរួមគ្នានាំចូលផលិតផលមកពីអូស្ត្រាលី រួមគ្នាទៀតផង។ ប៉ុន្តែបើឲ្យវិលទៅរកសម្ព័ន្ធស្នេហ៍វិញ គឺមិនអាចទៅរួចទេ។ ព្រោះបានអស់និស្ស័យជាមួយគ្នាទៅហើយ។

តារាចម្រៀងមានឈ្មោះលេចធ្លោគួរសមរូបនេះ បានឲ្យដឹងដែរថា អំឡុងពេលនេះនាងលែងមានអារម្មណ៍ស្នេហ៍បុរសក្នុងស្រុកទៀតហើយ ពោលគឺនាងចង់មានជីវិតគ្រួសារមួយនៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។ ត្បិតអីក្រោយពេលនាងធ្លាប់ទៅសម្ដែងនៅប្រទេសនោះបាន៦លើក គឺនាងមានភាពកក់ក្ដៅ និងចង់ផ្ញើជីវិតលើទឹកដីដ៏ត្រជាក់មួយនោះតែម្ដង។

ធីណាតា ថា នៅអំឡុងខែធ្នូ ខាងមុខនេះ នាងនឹងត្រូវចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី រយៈពេល៣ខែ តែនាងនឹងបន្តវីសារហូតដល់កន្លះឆ្នាំតែម្ដង។ យ៉ាងណា នាងថាក្នុងពេលនេះនាងមិនទាន់មានអ្នកពិសេសនៅអូស្ត្រាលី ទេ តែបើពេលនាងទៅហើយជួបបុរសដែលស្រលាញ់នាងពិតប្រាកដ នាងនឹងអាចពិចារណា។

ក្រោយបែកស្នេហ៍ណាតា អះអាងថា នាងគ្មានការឈឺចាប់អ្វីធ្ងន់ធ្ងរទេ ត្បិតអីមុនពេលភ្ជាប់ស្នេហ៍ជាមួយលោកម៉ន គង់ នាងបានត្រៀមចិត្តរួចហើយ។ ម្យ៉ាងពុំមែនជាលើកទី១ ដែលនាងបរាជ័យរឿងស្នេហ៍នោះទេ។ ប៉ុន្តែយ៉ាងណា ពេលភប់ប្រសព្វស្នេហ៍ថ្មីទៀត នាងនឹងពិចារណាឲ្យបានល្អិតល្អន់ ដោយមិនសម្រេចចិត្តប្រថុយប្រថាន និងមិនអាចរួមរស់ជាមួយគ្នាមុនរៀបការដូចមុនទៀតទេ ហើយក៏មិនចង់ជួបស្នេហាខកចិត្តជាថ្មីទៀតដែរ៕

RELATED ARTICLES