Friday, September 20, 2024
Homeតារាខ្មែរងួន ចាន់ដេវីត ឡើងច្រឡំឆាក ព្រោះកុងត្រាជាមួយ G.Park ១ឆ្នាំ

ងួន ចាន់ដេវីត ឡើងច្រឡំឆាក ព្រោះកុងត្រាជាមួយ G.Park ១ឆ្នាំ

ម្ចាស់បទ ”រាំញីកែងជើង” តារាចម្រៀងហង្សមាស ងួន ចាន់ដេវីត ហៅ G-Devith ក្លាយជាអ្នកតំណាងឲ្យភេសជ្ជៈមួយ ដែលនាំចូលមកពីប្រទេសកូរ៉េ ឈ្មោះ G.Park ដែលមានការចុះកុងត្រាជាមួយគ្នា១ឆ្នាំ ហើយស្ពតពាណិជ្ជកម្មដែលដេវីត ថតផ្សព្វផ្សាយពាណិជ្ជកម្មនឹងចេញក្នុងពេលឆាប់ៗនេះហើយ។

តាមព័ត៌មានថា ងួន ចាន់ដេវីត ទទួលបានតម្លៃខ្លួនខ្ពស់ស្មើតារាចម្រៀងល្បីជួរមុខរៀមច្បងដែរនោះ គឺជាង៣ម៉ឺនដុល្លារ តែដេវីត មិនអាចថត ឬច្រៀងឲ្យផលិតផលប្រហាក់ប្រហែលគ្នាបានឡើយ។

ក្នុងជំនួបផ្ទាល់ជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះរបស់ហង្សមាស ងួន ចាន់ដេវីត សារភាពថា ពិតជាបានថតស្ពតថ្មីមែន ហើយចំពោះតម្លៃខ្លួននោះ ក៏មិនខុសពីការលេចឮនោះដែរ។

ម្ចាស់បទ ”No Smoke” រូបនេះថ្លែងថា ”ខ្ញុំបានយល់ព្រមការថតស្ពតនោះ គឺភេសជ្ជៈG.Park ហើយខ្ញុំក៏ជាអ្នកតំណាងឲ្យផលិតផលនេះដែរ ដោយកុងត្រារយៈពេល១ឆ្នាំ បានតម្លៃខ្លួនជាង៣ម៉ឺនដុល្លារដែរ។ ស្ពតពាណិជ្ជកម្មនេះគឺទើបតែថតហើយថ្មីៗ អីចឹងគឺអាចចេញក្នុងពេលខាងមុខដ៏ឆាប់ៗនេះដែរជាមិនខាន។ និយាយទៅ ខាងក្រុមហ៊ុនគាត់មានគោលការណ៍ល្អជាមួយយើងដែរ អីចឹងបានជាខ្ញុំពេញចិត្តធ្វើការជាមួយគាត់ ហើយតាមគោលការណ៍ក្រុមហ៊ុន គឺគាត់សិក្សាលើទីផ្សារឲ្យបានច្បាស់លាស់សិន ទើបអាចមានការរៀបចំប្រគំតន្ដ្រីដូចផលិតផលផ្សេងៗដែរ ហើយក្នុងនោះខ្ញុំនឹងចូលរួមធ្វើសកម្មភាពច្រើនផងដែរ។ ខ្ញុំមិនទាន់ហ៊ានថាយ៉ាងណាទេ ចំពោះរឿងចប់១ឆ្នាំ ហើយអាចបន្ដការកុងត្រាថ្មីទៀតឬអត់នោះ គឺខ្ញុំនៅមើលលើសភាពជាក់ស្ដែងនៅលើទីផ្សារដែរ”។

ដោយសារតែងួន ចាន់ដេវីត ជាអ្នកតំណាងរបស់ G.Park នេះហើយ បានជានៅថ្ងៃបុណ្យអុំទូកទាំង៣ថ្ងៃ កាលពីពេលថ្មីៗនេះ គេមិនឃើញតារាចម្រៀងរូបនេះឡើងឆាកតន្ដ្រីរបស់ខារ៉ាបាវ របស់ហង្សមាស ឡើយ ព្រោះតែខាងក្រុមហ៊ុនគេបានបិទមិនឲ្យដេវីត ច្រៀងឲ្យភេសជ្ជៈណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានោះទេ។ ជាក់ស្ដែងដូចជាកាលប្រគំតន្ដ្រីខារ៉ាបាវរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា​ឆ្នាំ២០១៧ ដេវីត បានទៅដល់ឆាកតន្ដ្រីអាស៊ីអាគ្នេយ៍ ទៅហើយ តែនៅពេលនោះ ដេវីត បានទូរស័ព្ទឲ្យទេព បូព្រឹក្ស មកច្រៀងជំនួសជាបន្ទាន់ ក្រោយដឹងថា ការប្រគំតន្ដ្រីនោះ គឺឧបត្ថម្ភធំដោយខារ៉ាបាវ។

G. Devith ថ្លែងថា ”ជាការពិតហើយបង ខ្ញុំមិនអាចច្រៀងឲ្យភេសជ្ជៈណាដែលមានលក្ខណៈប្រហាក់ប្រហែលជាមួយ G.Park បានទេ ជាពិសេស ដូចជាខារ៉ាបាវ នេះ តែបើច្រៀងឲ្យអ៊ីឈីតាន់ បាន។ ខ្ញុំមកប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ នេះ គឺស្មានតែតន្ដ្រីអ៊ីឈីតាន់​ តែជាខារ៉ាបាវ សោះ អីចឹងខ្ញុំមិនអាចច្រៀងបានទេ ១ឆ្នាំនេះ។ ខ្ញុំបានឲ្យបូព្រឹក្ស គាត់មកជំនួសខ្ញុំ ហើយគាត់មកទាន់ ព្រោះត្រៀមឡើងប៉ុស្ដិ៍ PNN ដែរ អីចឹងអាចមក Sea tv មុន ចាំទៅ PNN តាមក្រោយ។ ចំពោះការបាត់មុខខ្ញុំពីឆាកតន្ដ្រីទាំងអស់របស់ហង្សមាស នៅថ្ងៃបុណ្យអុំទូកនោះ ក៏មកពីខ្ញុំមិនអាចទៅច្រៀងបាន ដោយសារតែជាប់ជាមួយ G.Park នេះ ព្រោះហង្សមាស គាត់ប្រគំតន្ដ្រីខារ៉ាបាវដែរ”។

ឆ្លើយតបសំណួរថា នៅពេលដែល G-Devith ត្រូវភេសជ្ជៈ G.Park ចងជើងបែបនេះ តើមិនខ្លាចបាត់ប្រាក់ចំណូលពីការច្រៀងឲ្យភេសជ្ជៈផ្សេងៗទៀតឬអត់នោះ? ដេវីត អះអាងថា ”អត់អីទេបង! ព្រោះ G.Park គាត់បានចេញឲ្យខ្ញុំទាំងអស់ចំពោះការមិនឲ្យទៅច្រៀងនៅក្រុមហ៊ុនផ្សេងៗហ្នឹង។ ឆ្នាំនេះខ្ញុំមានក្រុមហ៊ុនផ្សេងៗ គាត់ទាក់ទងមកច្រើនដែរ ខ្លះកំពុងតែចរចា និងខ្លះទៀតគេកក់ហើយ អីចឹងឆ្នាំនេះខ្ញុំសង្ឃឹមថា នឹងអាចរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុន”។

ងួន ចាន់ដេវីត ដែលក្លាយទៅជាគូសង្សារជាមួយស្រីស្អាតទេព បូព្រឹក្ស នោះ ថ្មីៗនេះពួកគេបាននាំគ្នាទៅថតឈុតកូនកំលោះក្រមុំ ដូចជាការធ្វើតេស្ដមួយ ដើម្បីឲ្យ Fan ពួកគេឲ្យមើលថា តើស័ក្តិសមគ្នាឬអត់? ក្រោយបង្ហាញភាពផ្អែមល្ហែមគ្នាតាមរយៈរូបថត ដូចជា Pre-Wedding នោះមក ដេវីត និងបូព្រឹក្ស ត្រូវបាន Fan ទាំងសងខាងជំរុញឲ្យចូលរោងការ តែគូស្នេហ៍យុវវ័យ១គូ ជ្រកកោនក្រោមដំបូលតែ១នេះ នៅស្ងៀមស្ងាត់សិន ហើយតាមរយៈសកម្មភាពថ្មីៗនេះ បញ្ជាក់ថា ដេវីតនិងបូព្រឹក្ស មិនត្រឹមតែស្អិតល្មួតគ្នាទាំងក្នុងនិងក្រៅឆាកនោះទេ តែស្រីស្រស់ប្រុសសង្ហារនេះក៏ជាគូស្នេហ៍ដែលមានការយល់ចិត្តគ្នាខ្លាំងណាស់ដែរ ជាក់ស្ដែងដូចជា ដេវីត មិនអាចច្រៀងខារ៉ាបាវ បាន គឺបូព្រឹក្ស ដែលជាប់រវល់នោះបានឆ្លៀតមកជួយច្រៀងជំនួសភ្លាមៗតែម្ដង ដែលទង្វើបែបនេះ ធ្វើឲ្យ G.Devith កាន់តែមិនអាចមើលឃើញស្រីណាផ្សេងល្អជាងបូព្រឹក្ស ឡើយ៕

RELATED ARTICLES