Friday, November 29, 2024
Homeតារាខ្មែរសុគន្ធ និសា រៀបការរួច ចង់នាំប្តីទៅក្រេបទឹកឃ្មុំនៅម៉ាល់ឌីវ តែគូដណ្តឹងចង់ទៅអាមេរិក

សុគន្ធ និសា រៀបការរួច ចង់នាំប្តីទៅក្រេបទឹកឃ្មុំនៅម៉ាល់ឌីវ តែគូដណ្តឹងចង់ទៅអាមេរិក

សុគន្ធ និសា តារាចម្រៀងដែលមានរូបសម្រស់ស៊ីដាច់គេនៅហង្សមាស នៅបាំងមិនដល់១ខែទៀតទេ នឹងក្លាយទៅជាកម្មសិទ្ធិរបស់លោកសាំបា ដោយស្របច្បាប់ ដោយតារាចម្រៀងល្បីឈ្មោះរូបនេះ បានជ្រើសស្នេហ៍ “ជួញឆ្ងាយ ប្រសើរជាងជួញជិត” ហើយប្រសិនបើគ្មានអ្វីប្រែប្រួលទេ សុគន្ធ និសា នឹងរៀបការជាមួយលោកសាំបា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះហើយ ដែលកម្មវិធីជប់លៀងធំធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ក្នុងជំនួបផ្ទាល់ជាមួយសុគន្ធ និសា កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះបាននិយាយដោយមិនចង់លាតត្រដាងទាំងស្រុងរឿងរៀបការរបស់នាងនោះឡើយ គ្រាន់តែបានប្រាប់ទីតាំង តែបែរជាសុំមិនទាន់បញ្ជាក់ថ្ងៃណាពិតទៅវិញ?

សុគន្ធ និសា និយាយខ្លីថា “អូបង! ខ្ញុំរៀបការមែន ឆាប់ហ្នឹងហើយ! កម្មវិធីការខ្ញុំធ្វើនៅសណ្ឋាគារសូហ្វីតែល តែខ្ញុំអត់ទាន់ប្រាប់បងបានថា ថ្ងៃណាទេបង (សើច)”។

សុគន្ធ និសា បានសម្រិតសម្រាំងឈ្មោះតារាសិល្បៈ ល្បីៗទាំងអស់នៅក្នុងស្រុក ដែលមើលទៅហាក់គ្មានចន្លោះតារាណាម្នាក់ឡើយ គឺមានចំនួនរាប់រយនាក់ឯណោះ។

ចំណែកអាណិកជនខ្មែរនៅអាមេរិក លោកសាំបា វិញ បានត្រៀមហៅភ្ញៀវភាគច្រើន គឺជាអ្នកជំនួញរកស៊ីជាមួយលោកនៅក្រុមហ៊ុន Manulife និងអាណិកជនខ្មែរ នៅអាមេរិក មួយចំនួនផងដែរ។

ប្រភពបានឱ្យដឹងថា កម្មវិធីមង្គលការតារាចម្រៀងហង្សមាស សុគន្ធ និសា នេះ នឹងធ្វើតាមប្រពៃណីខ្មែរទាំងអស់តែម្តង ហើយតារារូបនេះមិនទទួលច្រៀងរាំតាមឆាកតន្ត្រីធំៗទេ រយៈពេល១សប្តាហ៍ មុននាងគ្រងឈុតជាកូនក្រមុំនោះ ព្រោះដើម្បីកុំឱ្យមានការហត់នឿយខ្លាំងពេក ហើយពេលនេះ និសា និងលោកសាំបា បានពិភាក្សាគ្នាចំពោះគម្រោងទៅដើរលេងកម្សាន្ត (HoneyMoon) ក្រេបចន្ទទឹកឃ្មុំផងដែរ ដោយលោកសាំបា ចង់នាំនិសា ទៅសប្បាយឱ្យអស់ដៃនៅសហរដ្ឋអាមេរិក ព្រោះលោកមានផ្ទះផ្ទាល់ខ្លួននៅទីក្រុងឡូវែល ស្រាប់។ ប៉ុន្តែសុគន្ធ និសា បែរជាចង់នាំប្តីទៅដើរលេងនៅកោះម៉ាល់ឌីវ ដូចគង់ ច័ន្ទស្រីមុំ និងគឹម សីហា ទៅវិញ។

យ៉ាងណា គេជឿថា សុគន្ធ និសា នឹងទៅដើរលេងនៅសហរដ្ឋអាមេរិក ច្រើនជាង ព្រោះក្រៅពីពួកគេនឹងចំណាយលើមង្គលការនៅសណ្ឋាគារផ្កាយ៥ សូហ៊្វីតែល ភ្នំពេញភូគីត្រា នូវទឹកប្រាក់១០ម៉ឺនដុល្លារនោះហើយ និសា នឹងនាំប្តីទៅកាត់ចំណងដៃនៅសហរដ្ឋអាមេរិក ផងដែរ ព្រោះនៅទីនោះមានសាច់ញាតិ មិត្តភក្តិលោកសាំបា ជាច្រើន ដែលអាក់ខានមិនបានមករៀបការនៅស្រុកខ្មែរនោះ ពួកគេបានសំណូមពរឱ្យតារាចម្រៀងល្បីរូបនេះ ទៅកាត់ចំណងដៃនៅអាមេរិក ដោយពួកគេបានត្រៀមកាដូជាច្រើន សម្រាប់ប្តីប្រពន្ធរូបនេះផងដែរ។

សុគន្ធ និសា បានស្វែងយល់ចិត្តថ្លើមគ្នាជាមួយប្រុសខ្មែរនៅអាមេរិក លោកសាំបា អស់រយៈពេលជាង៧ឆ្នាំហើយ បន្ទាប់ពីនាងបានផ្តាច់ស្នេហ៍ពីសង្សារចាស់ លោកសុខ ជំនោរ កាលពីឆ្នាំ២០១១ ក្រោយពេលដែលបានរួមរស់ជាមួយគ្នា ៧ឆ្នាំនោះ។

ប្រភពបានឱ្យដឹងថា មុនរៀបការនេះ សុគន្ធ និសា បានរួមរស់ជាមួយលោកសាំបា ក្រោមដំបូលផ្ទះល្វែងមួយខ្នង នៅបុរីមួយនៅខណ្ឌប្ញស្សីកែវ ហើយអាណិកជនខ្មែរ-អាមេរិករូបនោះ បានសម្របខ្លួនតាមនិសា ជានិច្ច ទើបចុងក្រោយ និសា សម្រេចចិត្តថា ត្រូវតែផ្ញើវាសនាលើបុរសហោះមកពីអាមេរិក មកស្រុកខ្មែរ លែងចង់ទៅអាមេរិក វិញនោះហើយ។ ការលាភាពនៅលីវរបស់សុគន្ធ និសា នៅពេលនេះ ត្រូវបានមហាជនជាច្រើនជជែកគ្នាថា តើសុគន្ធ និសា នឹងនៅតែល្បីឈ្មោះរក្សាតំណែងជាអ្នកចម្រៀងជួរមុខគេក្នុងចំណោមតារាចម្រៀងស្រីនៅហង្សមាស ទៀតបានដែរឬទេ? ព្រោះថា តារាខ្មែរស្ទើរតែទាំងអស់ ឱ្យតែរៀបការហើយ គឺច្រើនតែធ្លាក់កូដ និងពិបាកស្តារឈ្មោះជាខ្លាំង។ ប៉ុន្តែ សុគន្ធ និសា បានកាដូពិសេសពីហង្សមាសដែរ នៅពេលនេះ ដើម្បីជាការទប់លំនឹងកុំឱ្យដាំក្បាលចុះ នោះគឺនាងឆក់បានតំណែងជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice Kids Cambodia” និងតួឯក២រឿងព្រមគ្នា គឺរឿង “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ”។

ទស្សនិកជនមួយចំនួនបានលើកឡើងថា ការចូលរោងការរបស់សុគន្ធ និសា ធ្វើឱ្យតារាមួយចំនួនទៀតដែលរស់នៅជាមួយគ្នារាប់ឆ្នាំ មិនហ៊ានរៀបការនោះ នឹងងាកមកគិតរឿងខាន់ស្លាវិញជាមិនខាន ដើម្បីបញ្ចៀសការរិះគន់ថា ចង់ល្បី សុខចិត្តសាងស្នេហ៍ដូចពួកអឺរ៉ុប ភ្លេចប្រពៃណីខ្មែរ។

ក្រៅពីសុគន្ធ និសា តារាដែលជ្រើសយកប្តីជាប្រុសខ្មែរ-អាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, វ៉េត រតនា, សារ៉ាយ សក្ខណា, គឹម លក្ខិណា, ពេជ្រ សោភា ជាដើម ដែលមកដល់ពេលនេះ មានអ្នកខ្លះបានសុភមង្គល និងខ្លះទៀតប្រេះឆា៕

RELATED ARTICLES