ភ្នំពេញ ៖ បើទោះបីពិធីហែសព និងបញ្ចុះ សពលោកបណ្ឌិតកែម ឡី អ្នកស្រាវជ្រាវសង្គម ដែលត្រូវឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានកន្លងផុតមកហើយ ក៏ដោយ ក៏មជ្ឈដ្ឋានតាមដាននៅតែមិនឯកភាពគ្នារឿងចំនួនមនុស្ស ដែលបានចូលរួមហែសព លោកបណ្ឌិតកែម ឡី ពីរាជធានីភ្នំពេញ ទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ កាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នោះ ដោយក្នុងនោះមជ្ឈដ្ឋានខ្លះ រួមទាំងគណៈកម្មការរៀបចំបុណ្យសពបានអះអាងថា ចំនួន២លាន នាក់ តែមជ្ឈដ្ឋានខ្លះទៀតថា ចំនួននោះ ជាការបំប៉ោងព័ត៌មាន។ ទោះយ៉ាងណា ទាំងតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីរដ្ឋាភិបាល និងសង្គមសីុវិល បានយល់ស្របគ្នាថា អ្វីសំខាន់ជាងរឿងនេះ គួរតែផ្តោតលើការរកឱ្យឃើញមេឃាតករ ឬអ្នកនៅពីក្រោយនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ប្រសើរជាងចំណាយពេលវេលាជជែកវែកញែកពីចំនួនមនុស្សចូលរួមហែសព។
បើគិតមកដល់ពេលនេះ មានរយៈពេល ជិត១សប្តាហ៍ហើយ ដែលសពលោកបណ្ឌិត កែម ឡី បានហែចេញពីវត្តពោធិយារាម ហៅ វត្តចាស់ រាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកកំណើតរបស់លោក ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ហើយសពលោកបណ្ឌិតកែម ឡី ត្រូវបានបញ្ចុះរួចរាល់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ដោយឡែកក្នុងពិធីហែសពលោកបណ្ឌិត កែម ឡី ឆ្ពោះទៅស្រុកកំណើតឯខេត្តតាកែវ ពេញ១ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នោះ ត្រូវបានគណៈកម្មការរៀបចំបុណ្យសព និង អ្នកចូលរួមហែសព ក៏ដូចជាអ្នកឈរជូនដំណើរសពនៅតាមដងផ្លូវ ដែលក្បួនហែឆ្លងកាត់ប៉ាន់ស្មានថា មានអ្នកចូលរួមជូនដំណើរសពលោក បណ្ឌិតកែម ឡី សរុបប្រមាណ២លាននាក់។ ប៉ុន្តែចំនួននេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន លើកឡើងថា ជាការបំប៉ោងចំនួនហួសពីការពិត នាំឱ្យមានការជជែកវែកញែក គណនាជាហូរហែ ត្រប៉ែលត រហូតមកទល់ពេលនេះនៅមិនទាន់មានចំណុចឯកភាពនៅឡើយ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស (TWG-A21) រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលមាន ប្រធានបទ “ប្រព័ន្ធសម្របសម្រួល” នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានបញ្ជាក់ថា ការផ្សព្វផ្សាយពីចំនួន មិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ បើសិនជាអ្នកកាសែតពិតប្រាកដ គឺត្រូវចេះវិភាគ និងគួរតែមានវិជ្ជាជីវៈមួយចេះខ្មាសខ្លួនឯង។
លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍ នៅពេលនោះថា “និយាយរួមអ្នកដែលនិយាយ ២លាននាក់ អត់ដល់ប៉ុណ្ណឹងទេ។ ប្រជាជនទាំងអស់អត់ដល់២លាននាក់ទេ អ៊ីចឹង បើនិយាយ ២លាននាក់ អាចថា សាលារៀនផ្សារពេទ្យ អីនោះ ត្រូវតែបិទមួយចំនួនហើយ ទើបរក ប៉ុន្មាន ទើបបាន២លាន រាប់ទាំងអ្នកមកពីក្រៅ ទៀត ហើយបើយើងគុណពីជ្រោយចង្វា ទៅដល់ពោធិ៍ចិនតុង យើងថា ប្រហែលជា១០គីឡូ ចុះ។ អ៊ីចឹង ១០គីឡូ ដាក់១ផ្លូវ មនុស្សប៉ុន្មាន នាក់ យើងអាចគិតបាន។ អ៊ីចឹង ខ្ញុំមិនសំខាន់រឿងចំនួនទេ គ្រាន់តែថា បើសិនជាអ្នកកាសែតមែនទែន គួរយើងចេះហៅវិភាគ។ ដូច្នេះខ្ញុំគិត ថា អ៊ីចេះ អ្នកសារព័ត៌មាន គួរតែមានវិជ្ជាជីវៈ មួយចេះខ្មាសខ្លួនឯង ហើយទី២-បំប៉ោងតួលេខមិនសំខាន់ទេ ព្រោះយើងទាំងអស់គ្នាបានសម្តែងការស្រឡាញ់រាប់អានលោកកែម ឡី នេះ គឺជាចំណុចល្អពីកន្លែងហ្នឹងទេ ប៉ុន្តែអ្នកកាសែតខ្លួនឯងទេ គួរតែខ្មាសខ្លួនឯងពេលដែល និយាយ”។
ដោយឡែកសម្រាប់អង្គការសង្គមសីុវិល ដែលបានចូលរួមព្រឹត្តិការណ៍ដង្ហែសពលោក បណ្ឌិតកែម ឡី បានបញ្ចេញទស្សនៈថា ការផ្សព្វផ្សាយចំនួនមនុស្សចូលរួម២លាននាក់ ពី សារព័ត៌មានមួយចំនួន អាចជាការសមហេតុផល ដល់ទិដ្ឋភាពដែលបានឃើញទាំងអស់គ្នា ហើយ គឺពិតជាមានអ្នកចូលរួមច្រើនមែន រាប់ទាំងអ្នកចូលក្នុងក្បួន និងអ្នកឈរអមសងខាង ផ្លូវជូនដំណើរសព និងចាំចែកទឹកសុទ្ធ ភេសជ្ជៈ នំប័ុងជាដើម។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបញ្ជាក់ថា អ្នកដែលមិនទទួលស្គាល់ពីចំនួនដែលបានឃើញនោះ ជាការប្រមាថដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចូល រួមសម្តែងសមានទុក្ខ ដល់សពលោកបណ្ឌិត កែម ឡី។ ប៉ុន្តែលោកមិនចាត់ទុករឿងនេះ សំខាន់ជាងការជំរុញឱ្យមានការសើុបករណីឃាតកម្មនេះដោយឯករាជ្យ និងយុត្តិធម៌ទេ ព្រោះជាអ្វីដែលពលរដ្ឋគ្រប់គ្នាចង់ឃើញ។
លោកព្រាប កុល មានប្រសាសន៍ថា “ខ្ញុំបានស្មានថា ជាង១លាន បើយើងរាប់ទាំងអ្នកដែលចូលរួមហែក្នុងក្បួន និងអ្នកដែលឈរ អមតាមផ្លូវ។ តើអ្នកចូលរួមឈរអមតាមផ្លូវ ចាត់ចូលអ្នកដែលចូលរួមហែសពដែរឬអត់? សម្រាប់ខ្ញុំៗថាអ្នកដែលទៅអមតាមផ្លូវ ដោយមានកាន់ផ្កា ឬមានទឹកចិត្តចូលរួមនោះ ខ្ញុំយល់ឃើញថា យើងគួររាប់គាត់ថា ជាអ្នកចូលរួមដែរ ព្រោះតាមផ្លូវមានហូរហែរហូត តាំងពីភ្នំពេញ រហូតទៅដល់ស្រុកកំណើតរបស់គាត់។ បើយើងរាប់ទាំងអ្នកដែលហែក្បួន ហើយនិងអ្នកដែលឈរអមតាមផ្លូវ ខ្ញុំថាចំនួននេះ អាច ជាង១លាន ហើយបើយើងរាប់អ្នកដែលមិនបានទៅចូលសោះ នៅផ្ទះ ប៉ុន្តែកាន់ទុក្ខ ហើយ និងឧទ្ទិសការចូលរួមពីចម្ងាយហ្នឹងដែរ ខ្ញុំថាវាច្រើនលាន។ ដូច្នេះខ្ញុំថាអ្នកនិយាយពីចំនួនអ្នកហែអីៗនេះ វាដូចជាការប្រមាថទឹកចិត្តប្រជាពលរដ្ឋ។ ខ្ញុំថា វាជាប្រធានបទមួយ ដែលយើងយកមកនិយាយ វាអត់ប្រយោជន៍ ហើយវាប្រមាថទឹកចិត្តប្រជាពលរដ្ឋ។ ប្រធានបទប្រកែកគ្នាពីរឿងចំនួន ហើយសារព័ត៌មានខ្លះនិយាយពីរឿង លោកបណ្ឌិតកែម ឡី មានប្រពន្ធ២ ប្រពន្ធ៣ កូន៤-៥អីទៀតហ្នឹង គឺសុទ្ធតែអត់ប្រយោជន៍ ខ្ញុំថាសំខាន់បំផុត គួរតែនាំគ្នាសើុបពីរឿងឃាតករ ហើយដែលពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី រកឱ្យឃើញ ហើយនាំបុគ្គលហ្នឹងទៅផ្ទន្ទាទោសតាមច្បាប់ អាហ្នឹងជាបញ្ហាអាទិភាព បំផុត ហើយរឿងប្រកែកគ្នាពីរឿងមួយចំនួន ហ្នឹង ខ្ញុំថាចូលជាការប្រមាថទឹកចិត្តប្រជាពលរដ្ឋ។ ខ្ញុំនិយាយទៅ ខ្ញុំមិនបានរាប់មនុស្សទេ ខ្ញុំគ្រាន់តែស្មានថា ទាំងអ្នកចូលរួមហែ ទាំងអ្នកឈរអមតាមផ្លូវ វាអត់មានទាបជាង១លាន នាក់ទេ មានតែច្រើនជាង១លាន ហើយនេះ មិនទាន់រាប់អ្នកដែលគាត់ឧទ្ទិស ការចូលរួមពីក្នុងប្រទេស នៅតាមខេត្តផ្សេងៗផង ដូច្នេះវា ច្រើនលានណាស់ អ៊ីចឹងយើងគួរតែឈប់ប្រមាថ ទឹកចិត្តប្រជាពលរដ្ឋ”។
សម្រាប់តំណាងរាស្ត្រគណបក្សប្រឆាំង បានលើកឡើងថា គួរជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចស្រាវជ្រាវវែកមុខឃាតករ និងអ្នក នៅពីក្រោយខ្នងឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ប្រសើរជាងនាំគ្នាជជែកវែកញែកពីចំនួនមនុស្សចូលរួមហែសពលោកបណ្ឌិតកែម ឡី។
លោកអេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល នៃគណបក្សសង្គ្រោះជាតិ បាន សរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ ថា “បើអ្នកនយោបាយ អ្នកតាមដាននយោបាយ និងសារព័ត៌មានជាតិទាំងអស់ ចំណាយពេលវេលា ចំណាយទំព័រ និងម៉ោងផ្សាយរបស់ខ្លួន មកជំរុញឱ្យអាជ្ញាធរ មានសមត្ថកិច្ច ស្រាវជ្រាវវែកមុខឃាតករ និង ជននៅពីក្រោយខ្នងឃាតករ សម្លាប់លោកបណ្ឌិត កែម ឡី វាមានតម្លៃ និងប្រសើរជាងការយក ពេលវេលា និងម៉ោងផ្សាយមកជជែកវែកញែក ពីចំនួនមនុស្សដែលចូលរួមដង្ហែសព”។
ជាមួយគ្នានោះដែរ លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអភិបាលរងនៃ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ថា ជាទស្សនៈរបស់លោកផ្ទាល់ ទាក់ទងនឹងចំនួនអ្នកចូលរួមនោះ ទុកឱ្យមតិសាធារណៈយល់ឃើញដោយខ្លួនឯង ហើយកុំទុកជារឿងសំខាន់ ព្រោះរឿងដែលសំខាន់ គឺ វែកមុខឃាតករ អ្នកផ្សំគំនិតក្នុងករណីឃាតកម្មនោះ ដើម្បីរកយុត្តិធម៌ជូនអ្នករងគ្រោះ និង ដើម្បីប្រយោជន៍ជាតិទាំងមូល កុំឱ្យកើតឡើង ករណីដែលធ្វើឱ្យប៉ះពាល់សង្គមបែបនេះទៀត នៅពេលក្រោយ។
លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា “ជាជាក់ស្តែង ដែលខ្ញុំបានចូលរួម គឺចំនួនហ្នឹង វា លើសលុបមែនទែន ដែលយើងមិនរំពឹងទុក ហើយខ្ញុំតាមដានសារព័ត៌មានដែរ ព្រោះខ្ញុំមិន អាចវាយតម្លៃដោយខ្លួនឯងថាមានចំនួនប៉ុនណាៗ ទេ ហើយខ្ញុំឃើញការចូលរួមហ្នឹង អ្នកខ្លះមើល ឃើញតែនៅក្នុងក្បួន ប៉ុន្តែអ្នកដែលទៅមុនក្បួនហ្នឹងច្រើនណាស់ ច្រើនរហូតដល់ទីតាំងហ្នឹងតែម្តង។ ដូច្នេះវាចំនួនច្រើនមែនទែន ហើយ ទី២ ឃើញអ្នកដែលចូលរួមតាមផ្លូវ ដែលអបអរសាទរ ឬអ្នកដែលកាន់ទុក្ខហ្នឹង លោកមកឈរ តាមផ្លូវរហូត តាំងពីចំណុចចាប់ផ្តើមហ្នឹង រហូត ដល់ទីតាំងបញ្ចុះសពហ្នឹង។ ហើយខ្ញុំមិនអាចវាយតម្លៃពីចំនួនដល់២លាន ឬក៏ក្រោម២លាន ឬក៏អ្នកខ្លះវាយតម្លៃថា វាប៉ុន្មានរយ អាហ្នឹងខ្ញុំ មិនអាចវាយតម្លៃបាន។ ប៉ុន្តែបើអ្នកខ្លះ បន្ទាប ខ្លាំងពេកថា ចំនួន៣០០-៤០០ អាហ្នឹងវាខុស ខ្លាំងណាស់។ ប៉ុន្តែខ្ញុំឃើញសារព័ត៌មានថៃ ទូរទស្សន៍មួយចំនួន ក៏គេវាយតម្លៃថា មនុស្សលើស ពី១លានអ៊ីចឹងដែរ គេថាជាង១លាននាក់ ដែលចូលរួមហ្នឹង។ ខ្ញុំយល់ថា វាមិនជារឿងសំខាន់ រហូតដល់ទៅយើងមានការខ្នែងគំនិតគ្នាទេ សំខាន់ជាមតិសាធារណៈ លោកយល់ថាម៉េច? តើការចូលរួមហ្នឹង ដោយទឹកចិត្តយ៉ាងម៉េច? ក្តីរំភើប ក្តុកក្តួល ឬក៏សង្វេគឬយ៉ាងម៉េច? អាហ្នឹង វាមានសារសំខាន់ជាង។ មានសារសំខាន់ណាស់ ក្នុងការវែកមុខឃាតករពិតប្រាកដហ្នឹង ឬក៏ អ្នកផ្សំគំនិតនៅពីក្រោយហ្នឹង ព្រោះយើងឃើញ មានករណីច្រើនមកហើយ ដែលមានការបាញ់ សម្លាប់ ហើយទុកទៅស្ងាត់ទៅវិញទៅ ហើយ យើងផ្អើលឈូឆរតែមួយភ្លែត ហើយដាក់បន្ទុក ទៅលើអាជ្ញាធរមានសមត្ថកិច្ច ហើយសមត្ថកិច្ច លោកចេះតែយកលេសអ៊ីចេះអ៊ីចុះ រហូតមក ដល់ករណីខ្លះ ៤-១០ឆ្នាំ ក៏អត់ទាន់ឃើញមានរកយុត្តិធម៌ជូនអ្នករងគ្រោះទេ ហើយយើង នឹងបន្តតាមដានទៀត តើករណីហ្នឹងយ៉ាងម៉េច ហើយ? យើងនឹងរំលឹកទៅសមត្ថកិច្ចទៀត មិន អាចទុកឱ្យមានករណីបែបនេះកើតឡើងនៅ ក្នុងប្រទេសមួយ ដែលយើងទាំងអស់គ្នាយល់ ឃើញថា គួរតែធ្វើឱ្យប្រទេសហ្នឹងឱ្យទៅជា ប្រទេសនីតិរដ្ឋត្រឹមត្រូវ ប្រទេសប្រជាធិបតេយ្យ ត្រឹមត្រូវ ហើយការបាញ់សម្លាប់ដ៏ព្រៃផ្សៃបែប នេះ នៅកណ្តាលទីក្រុងបែបនេះ ហើយអនុញ្ញាត ឱ្យរួចខ្លួនដោយមិនមានការរកយុត្តិធម៌ជូនហ្នឹង ដូចមិនត្រូវសោះ”។
ចំពោះអ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកសុខ ឥសាន បានអះអាងថា រឿងសើុបអង្កេតករណីឃាតកម្មលើបណ្ឌិតកែម ឡី នោះ ខាងរដ្ឋាភិបាល អំពាវនាវជំរុញឱ្យសមត្ថកិច្ចធ្វើការងារនេះហើយ។ ដូច្នេះ ទោះបីមិនមានការអំពាវនាវទៀត ក៏សមត្ថកិច្ចមិនព្រងើយកន្តើយឡើយ គឺកំពុងយកចិត្តទុកដាក់សើុបអង្កេត ស្រាវជ្រាវលើករណីនេះ។ ប៉ុន្តែអ្វីដែលលោកចង់ បញ្ជាក់ គឺចំនួនមនុស្សចូលរួមហែសព២លាន នាក់ លោកសុំឱ្យមជ្ឈដ្ឋានមហាជន ជាពិសេស សារព័ត៌មាន ដែលបានផ្សព្វផ្សាយធ្វើការគិត គុណរកតួលេខជាក់ស្តែង មានមូលដ្ឋានច្បាស់ ឡើងវិញ។
លោកសុខ ឥសាន មានប្រសាសន៍ថា “សុំអ្នកកាសែតគិតខ្លួនឯងទៅ តាមហ្វេសប៊ុក ខាងនេះគិតហើយតើ! បើទទឹងផ្លូវ២០ម៉ែត្រ វា២០នាក់ ហើយ២០នាក់ ១គីឡូ វាប៉ុន្មាន? វា២មឺុន។ បើ២មឺុននាក់ ហើយវាប៉ុន្មានគីឡូ? ពីកាណាឌីយ៉ា ទៅរហូតដល់ពោធិ៍ចិនតុង រង្វង់មូលចោមចៅ វាតែ១១គីឡូ។ ដូច្នេះ វាប៉ុន្មាន? វា១១មឺុនហ្នឹង ហើយថា២លាន។ បើ២លាន គេគិតឱ្យហើយវារហូតដល់២០០គីឡូឯណោះ។ បើ២០០គីឡូ វាធ្លាក់ទៅដល់កែប ឯណោះ។ ចំពោះរឿងសើុបអង្កេតមិនបាច់គាត់ (បក្ស ប្រឆាំង) ថាទេ សមត្ថកិច្ចកំពុងតែធ្វើហើយ។ ធ្វើឱ្យលើសពីសមត្ថកិច្ចទៀត ធ្វើអីមិនកើតទេ។ ទុកលទ្ធភាពឱ្យសមត្ថកិច្ច គេស្រាវជ្រាវរឿងហ្នឹង មិនទាន់បិទបញ្ជីឯណា មិនទាន់បិទសំណុំរឿង ឯណា យើងក៏ប្រញាប់ម៉្លេះ! អាហ្នឹងយើង អំពាវនាវតាំងពីដើមមក ឱ្យសមត្ថកិច្ចខិតខំស្រាវជ្រាវ ដើម្បីឱ្យឆាប់ចេញជាលទ្ធផលជាក់ស្តែង មក ដើម្បីឱ្យមហាជនគេអស់ចិត្ត។ ទាំងរដ្ឋាភិបាល ក៏មានការអំពាវនាវជំរុញឱ្យសមត្ថកិច្ច ហ្នឹងធ្វើម៉េចឱ្យបានរហ័សទាន់ពេលវេលា ហើយ ហ្មត់ចត់ ដើម្បីធ្វើម៉េចឱ្យរកប្រភពដើមហ្នឹង ច្បាស់លាស់។ បើធ្វើយឺតយ៉ាវ ហើយមិនមាន ប្រសិទ្ធភាព អាហ្នឹងវាមិនទទួលបានការសាទរ ពីមហាជនទេ”។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការ លោកផៃ សីុផាន ក៏បានមាន ប្រសាសន៍ដែរថា លោកមិនឱ្យតម្លៃទៅលើព័ត៌មានចំនួនហែសពនោះទេ តែលោកឱ្យតម្លៃទៅលើការស្វែងរកអ្នកនៅពីក្រោយខ្នង នៃឃាតកម្មនេះ។
លោកផៃ សីុផាន បញ្ជាក់ថា “ខ្ញុំមិនយកតួលេខចំនួនក្នុងការបំប៉ោង ដើម្បីបង្កើនប្រជា ប្រិយភាពរបស់សពកែម ឡី ទេ ក៏ប៉ុន្តែយកគុណភាព និងសេចក្តីក្លាហានរបស់លោកកែម ឡី ក្នុងការតតាំងជាមួយរាជរដ្ឋាភិបាល អាហ្នឹងខ្ញុំ ឱ្យតម្លៃ។ អ្នកដែលឱ្យតម្លៃលើសពីហ្នឹង គឺគេ យកកែម ឡី ទៅជាគោលនយោបាយក្នុងការតតាំងជាមួយរាជរដ្ឋាភិបាល។ បើសិនជាយើងបកមួយសេចក្តីវិញ ឃើញភ្នាក់ងារបរទេសមួយចំនួន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយដែលជាភ្នាក់ងារបរទេសហ្នឹង គេប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យព្រឹត្តិការណ៍ នៃការបាត់បង់របស់លោក កែម ឡី ក្លាយទៅជាព្រឹត្តិការណ៍នយោបាយ អានេះយើងគួរឱ្យសោកស្តាយ”។
លោកផៃ សីុផាន បញ្ជាក់បន្តថា “យើង រដ្ឋាភិបាល យើងមិនយកចិត្តទុកដាក់ចំពោះ ការតតាំង ដើម្បីដណ្តើមការគិតរបៀបប្រជាភិថុតិ របស់ក្រុមប្រឆាំងជាមួយរាជរដ្ឋាភិបាល ទេ យើងកំពុងធ្វើឱ្យស្ថានការណ៍ស្ងាត់ស្ងៀម ទុកឱ្យសមត្ថកិច្ចចាត់ចែងក្នុងការស្វែងរកជននៅពីក្រោយខ្នង និងជនដៃដល់។ ចំណុចទី២ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក៏ដូចជា ស្ថាប័នតុលាការ ស្វាគមន៍ចំពោះការផ្តល់ព័ត៌មានគ្រប់បែបយ៉ាង ដែលអាចស្វែងរកជននៅពីក្រោយខ្នង នៃការសម្លាប់លោកកែម ឡី ហ្នឹង ហើយ។ ខ្ញុំអត់បានចាប់អារម្មណ៍រឿងហ្នឹង (ចំនួនអ្នកចូលរួម២លាននាក់) ខ្ញុំអត់បានចូល រួម ខ្ញុំឃើញរូបថតដែលគេដាក់មក ជួនកាល រូបថតនោះដាក់ភរ រហូតដល់ទៅថា មានតារាចូលហែសពអង្គុយយំស្រែក ដែលព័ត៌មាននេះ ជាព័ត៌មានប្រឌិតភរ។ ដូច្នេះខ្ញុំមិនឱ្យតម្លៃទៅលើព័ត៌មានទាំងអស់ហ្នឹង ដូច្នេះអ្វីដែលខ្ញុំឱ្យ តម្លៃទី១ ស្វែងរកអ្នកនៅពីក្រោយខ្នង តម្លៃទី២ សុំឱ្យមានភាពស្ងប់ស្ងៀម ដើម្បីទុកឱ្យទឹករង មកថ្លាវិញ ទី៣ គឺយើងចង់ជម្រាបជូនថា កែម ឡី ច្បាស់ជាមានអ្នកនៅពីក្រោយខ្នង ក្រុមនៅពីក្រោយខ្នង គឺថាសុំផ្តល់ព័ត៌មាន”៕
ដោយ ៖ កុលបុត្រ