ទេព បូព្រឹក្ស-ងួន ចាន់ដេវីត ដែលត្រូវដឹងថា ជាគូស្នេហ៍នោះ ស្រាប់តែថ្មីៗនេះ ពួកគេបានគ្រងឈុតកូនក្រមុំ-កំលោះ សម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាត ដែលមើលទៅហាក់ដូចជាការថតរូបសម្រាប់ Pre-Wedding អីចឹង ទើបផ្អើលថា គូស្នេហ៍យុវវ័យ១គូនេះ នឹងចូលរោងការ តាមក្រោយតារារៀមច្បងរួមទ្រនំ សុគន្ធ និសា និងឱក សុគន្ធកញ្ញា។
ទេព បូព្រឹក្ស-ងួន ចាន់ដេវីត បានចេញមុខបកស្រាយរឿងជិតក្លាយទៅជាប្តីប្រពន្ធស្របច្បាប់នេះ ដោយពួកគេអះអាងដូចគ្នាថា មិនខ្លាចធ្លាក់កូដឡើយ…។
ទេព បូព្រឹក្ស ពិតជាស្រស់ស្អាតនៅពេលដែលនាងគ្រងឈុតកូនក្រមុំថតកៀកកើយគ្នាជាមួយម្ចាស់បទ “រាំញីកែងជើង” ងួន ចាន់ដេវីត នូវឈុតប្រពៃណីខ្មែរ ដូចគ្នា ដែលនាំឱ្យអ្នកគាំទ្រ (Fan) តារាចម្រៀងទាំងសងខាងសុទ្ធតែជំរុញឱ្យស្រីស្រស់ប្រុសសង្ហា១គូនេះ ប្រញាប់ចូលរោងការឱ្យបានឆាប់ ដើម្បីកុំឱ្យទុកយូរ នាំជូរជ្រេញ។
ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ លោកងួន ចាន់ដេឮវីត អះអាងថា លោកនៅក្មេងខ្ចីពេក ហាក់មិនចង់រៀបការទាំងខ្លួននៅក្មេងបែបនេះឡើយ ហើយការនាំគ្នាទៅថតនោះ គឺមិនមែនសុខៗគិតចង់តេស្តមើលថា សមគ្នាឬអត់នោះទេ តែគេហៅថតយកលុយ។
G-Devith និយាយលាយឡំសំណើចថា “ខ្ញុំឆ្នាំនេះទើបអាយុ២៣ឆ្នាំ បើរៀបការ គឺដូចជានៅក្មេងពេកហើយ។ ខ្ញុំចង់ឱ្យមានអាយុច្រើនជាងនេះបន្តិចសិន ទើបគិតគូរ ព្រោះពេលនេះចង់ផ្តោតលើអាជីពចម្រៀង ការធ្វើបទភ្លេងថ្មីៗច្រើនជាង។ ចំពោះការថតឈុតអាពាហ៍ពិពាហ៍ជាមួយបូព្រឹក្ស នោះ គឺខ្ញុំត្រូវហាងសម្អាងការមួយជួលឱ្យថត ៣ឈុតជាមួយគ្នា មិនដឹងជាធ្វើម៉េច បើគាត់ជ្រើសរើសយកយើងទាំង២ ដោយខ្លួនគាត់ មិនមែនខ្ញុំតម្រូវខ្លួនឯងទេ។ តាមពិត ខ្ញុំក៏មិនសូវចង់ថតសម្អាងការដែរ ព្រោះខ្ញុំស្គម មើលទៅមិនសូវសមទេ ហើយនេះគឺជាលើកទី១ ដែលខ្ញុំថតសម្អាងការ ឃោសនាជាមួយបូព្រឹក្ស”។
ទេព បូព្រឹក្ស បានក្លាយជាដៃគូចម្រៀង និងស្នេហាជាមួយងួន ចាន់ដេវីត ក្រោយពេលដែលម្ចាស់បទ “រាំញីកែងជើង” រូបនេះប្រេះឆាគ្នាជាមួយពេជ្រ សោភា ដោយតាមព័ត៌មានថា បូព្រឹក្ស និងដេវីត គ្រោងភ្ជាប់ពាក្យជាមួយគ្នា មុននឹងរៀបការទៀតផង បន្ទាប់ពីអ្នកទាំង២ បានដឹកដៃគ្នាទៅកម្សាន្ត និងសាងអនុស្សារីយ៍ជាច្រើននៅក្រៅប្រទេសមក។
ប្រភពបានឱ្យដឹងថា គ្រួសារទេព បូព្រឹក្ស និងងួន ចាន់ដេវីត មានការគាំទ្រចំពោះស្នេហាពួកគេ តែរឿងរៀបការ គឺនៅលើបូព្រឹក្ស និងដេវីត ជាអ្នកសម្រេចចិត្តដោយខ្លួនឯង ដោយសារតែខ្លាចប៉ះពាល់ដល់អាជីពចម្រៀង ទើបមិនមានអ្នកណាហ៊ានជំរុញគូស្នេហ៍យុវវ័យ១គូនេះ ឱ្យចូលរោងការ ជំនួសការសម្រេចចិត្តរបស់គេទាំង២ឡើយ។
ទេព បូព្រឹក្ស បានថ្លែងតាមទូរស័ព្ទ កាលពីពេល ថ្មីៗនេះថា ការថតឈុតកូនកំលោះក្រមុំនោះ គឺពិតជាត្រូវសម្អាងការមួយជួលនាង និងដេវីត ទៅថតមែន គឺអត់មានសុខៗនឹកឃើញទៅតេស្តមើលទុកជាមុននោះទេ តែនាងមិនខ្លាចធ្លាក់កូដឡើយ បើសិនជាត្រូវការ គឺត្រូវតែការ គ្រាន់តែពេលនេះមិនទាន់ដល់ពេលប៉ុណ្ណោះ។
បូព្រឹក្ស ហៅស្រីនិច្ច វាចាថា “និយាយទៅ ថ្ងៃហ្នុង ខ្ញុំនិងដេវីត ត្រូវហាងគេហៅឱ្យថតសម្អាងការគេ គឺថតយកលុយទៅ អត់មានគិតថា ថតខ្លួនឯង មើលសមគ្នាឬមិនសមគ្នាអីទេ។ បើនិយាយពីរឿងរៀបការវិញ ខ្ញុំថា ពេលនេះដូចជាមិនទាន់ដល់ពេលទេ ព្រោះខ្ញុំនៅក្មេងណាស់ តែខ្ញុំមិនដែលធ្លាប់គិតថា ខ្លាចរៀបការហើយធ្លាក់កូដលែងល្បីអី គឺមិនអីចឹងទេ បើត្រូវរៀបការ គឺការ គ្រាន់តែពេលនេះមិនទាន់ដល់ពេលហ្នឹង”។
ទេព បូព្រឹក្ស មុនពេលប៉ះស្នេហ៍ជាមួយដេវីត នេះ នាងធ្លាប់មានព័ត៌មានថា ស្រីស្អាតរូបនេះមានសង្សារជាកូនឧកញ៉ា និងរឿងដែលរសើបនោះ គឺគេទម្លាយថា បូព្រឹក្ស ហៅស្រីនិច្ច ក៏មានទំនាក់ទំនងស្នេហ៍ជាមួយលោកធំផ្កាយ៤ ដែលជាអតីតប្តីរបស់ពិធីការិនីប៉ុស្តិ៍លេខ៣ ម្នាក់ផងដែរ។ ប៉ុន្តែបូព្រឹក្ស មិនដែលទទួលស្គាល់ឡើយ ហើយថា ចង់ឱ្យគេស្គាល់កូនលោកឧកញ៉ា និងលោកផ្កាយ៤នោះទៀតផង ព្រោះនាងចង់ឃើញណាស់ តើពិតជាសង្សារនាងដូចគេថា ឬមិនមែន?
ទោះជាទេព បូព្រឹក្ស ដែលពេលនេះកំពុងតែស្អិតល្មួតជាមួយងួន ចាន់ដេវីត អះអាងថា នាងមិនធ្លាប់មានសង្សារជាអ្នកធំ តែស្រីស្រស់ពូកែរាំរូបនេះថា ធម្មតាទេ នាងជាតារាស្រីនៅក្មេង គឺពិតជាធ្លាប់មានអ្នកធំៗតាមស្រលាញ់មែន តែនាងថាអ្វីៗ គឺនៅលើខ្លួនឯងប៉ុណ្ណោះ៕