Friday, November 29, 2024
Homeតារាខ្មែរពេជ្រ ថៃ-ធឿន បូរី ឧកញ៉ា​ណាត់ជួបនៅវិហារសួគ៌

ពេជ្រ ថៃ-ធឿន បូរី ឧកញ៉ា​ណាត់ជួបនៅវិហារសួគ៌

នៅទីបំផុត ក្រោយពីមានការផ្គូផ្គងថា ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ពេជ្រ ថៃ ច្រៀងមិនសូវកើត និងចាញ់តារាចម្រៀងផលិតកម្មថោន កុមារាធឿន បូរី ដែលមិនបានពាន នាំឲ្យមហាជនជាច្រើនបានរិះគន់ថា ហង្សមាស ចេះតែឲ្យពានមិនស្ដាប់ឮសំឡេងនោះ ពេលនេះតាមព័ត៌មានថា លោកឧកញ៉ាម្នាក់ដែលជាម្ចាស់ផ្សារកុងតឺន័រ ហើយមានដីរាប់រយពាន់ហិកតា គឺលោកឧកញ៉ាស្រី ចាន់ថន នោះ បានណាត់ពេជ្រ ថៃ និងធឿន បូរី ឲ្យបានជួបគ្នាផ្ទាល់ ហើយថែមទាំងផ្ដល់កាដូឲ្យកុមារាទាំង២នេះ ជាការលើកទឹកចិត្ដថែមទៀតផង។

កុមារាធឿន បូរី

ប្រភពបានឲ្យដឹងថា លោកឧកញ៉ស្រី ចាន់ថន បានស្រលាញ់និងពេញចិត្តទៅលើពេជ្រ ថៃ តាំងពីមុនកុមារារូបនេះក្លាយទៅជាម្ចាស់ពានមកម្ល៉េះ ព្រោះថា ពេជ្រ ថៃ មានមុខមាត់ស្រដៀង និងកូនប្រុសរបស់លោក ហេតុនេះហើយបានជាលោកបានផ្ដល់ថវិកា និងសម្លៀកបំពាក់ល្អៗជូនពេជ្រ ថៃ ពេលនៅប្រលងចម្រៀងនោះ។ ដោយឡែក ធឿន បូរី លោកឧកញ៉ាមិនដែលបានជួបទេ គឺទើបតែពេលថ្មីៗនេះ លោកឧកញ៉ាបានណាត់កុមារទាំង២ ឲ្យបានជួប និងញាំបាយជាមួយគ្នា បន្ទាប់ពីមានការលើកឡើងថា ពេជ្រ ថៃ ច្រៀងមិនដល់ធឿន បូរី ផង តែក្លាយទៅជាម្ចាស់ពាន ដោយមានការរិះគន់យ៉ាងច្រើននៅលើបណ្ដាញសង្គមថា ហង្សមាស ចេះតែឲ្យពាន មិនបានមើលទៅលើសំឡេងនោះ។

ក្នុងជំនួបជាមួយកុមារាពេជ្រ ថៃ កាលពីពេលថ្មីៗនេះ តារាចម្រៀងកុមាររបស់ផលិតកម្មថោន រូបនេះ និយាយថា ខ្លួនបានជួបលោកឧកញ៉ា និងពេជ្រ ថៃ មែន ហើយថែមទាំងបានកាដូពីលោកឧកញ៉ាទៀតផង។

ធឿន បូរី បាននិយាយថា ”លោកឧកញ៉ាស្រី ចាន់ថន គាត់បានណាត់ខ្ញុំ និងពេជ្រ ថៃ ឲ្យទៅជួបគាត់នៅវិហារសួគ៌ (ខេត្តកណ្ដាល) កាលពីសប្ដាហ៍មុន។ លោកឧកញ៉ាបានប្រាប់ខ្ញុំថា ឲ្យខំរៀន ហើយឲ្យខ្ញុំនិងពេជ្រ ថៃ ចេះស្រលាញ់គ្នា រាប់អានគ្នា។ លោកឧកញ៉ាក៏បានឲ្យប្រាក់ខ្ញុំ និងពេជ្រ ថៃ ម្នាក់៣០០ដុល្លារ និងឲ្យទូរស័ព្ទម្នាក់១គ្រឿង ម៉ាកខេមហ្វូន ផងដែរ។ ខ្ញុំអរគុណលោកឧកញ៉ាស្រី ចាន់ថន​“។

ធឿន បូរី ប្រាប់ថា មិនត្រឹមតែបានជួបលោកឧកញ៉ាស្រី ចាន់ថន ជាលើកដំបូងទេ ប៉ុន្តែរូបគេក៏បានជួបគ្នាដោយផ្ទាល់ជាមួយម្ចាស់ពាន “The Voice kids Cambodia” រដូវកាលទី១ ពេជ្រ ថៃ ជាលើកទី១ ផងដែរ ហើយរូបគេនឹងធ្វើទៅតាមដំបូន្មានរបស់លោកឧកញ៉ា ដែលឲ្យរូបគេចេះស្រលាញ់គ្នា រាប់អានគ្នាដូចបងប្អូននោះ។

លោកឧកញ៉ាស្រី ចាន់ថន ជាមួយកូនប្រុស និងពេជ្រ ថៃ

ឆ្លើយតបសំណួរថា តើបូរី យល់យ៉ាងណាចំពោះគេថា ប្អូនច្រៀងពីរោះជាងពេជ្រ ថៃ នោះ កូនធម៌លោកចា រិទ្ធី រូបនេះ អះអាងថា ”ខ្ញុំមិនគិតថាអីចឹងទេ បើគាត់ (ពេជ្រ ថៃ) ច្រៀងមិនពីរោះ មិនមែនគាត់បានពាននោះទេ”។

ធឿន បូរី អាយុ១១ឆ្នាំ ដែលជាក្មេងរស់នៅខេត្តកំពង់ចាម មានជីវភាពក្រីក្រ ឪពុកម្ដាយជាកសិករ​នោះ ត្រូវបានលោកចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ យកឡើងឆាកតន្ដ្រីនៅពេលដែលលោករិទ្ធី បានប្រទះឃើញបូរី ច្រៀងគោក ពេលឃ្វាលគោ បទ ”ស្ទឹងសែនប៉ារីស” នោះ។ ដោយសារពេញចិត្តសមត្ថភាពទឹកដមសំឡេង និងចរិតស្លូតបូត ទើបលោកចា រិទ្ធី បានយកធឿន បូរី ជាកូនធម៌ ដោយទំនុកបម្រុងគ្រប់បែបយ៉ាង ហើយលោករិទ្ធី ថែមទាំងនាំបូរី ទៅជួបឯកឧត្តមលី ឆេង សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែល ធី ដោយទទួលបានអាហារូបករណ៍១០០% រៀនដោយមិនបង់ប្រាក់ ចាប់ពីថ្នាក់ទី៣ដល់១២ទៀតផង។ ពេលនេះ ធឿន បូរី ដែលជាកូនធម៌របស់លោកចា រិទ្ធី នោះ ត្រៀមចេញច្រៀងរបស់ខ្លួននៅផលិតកម្មថោន ដើម្បីបុកទីផ្សារជាមួយពេជ្រ ថៃ ម្ចាស់ពាន “The Voice Kids Cambodia” ដែលជាកូនធម៌របស់លោកឧកញ៉ាស្រី ចាន់ថន ក្នុងពេលឆាប់ៗនេះ ស្របពេលដែលតម្លៃខ្លួនច្រៀងកម្មវិធីរបស់បូរី ស៊ីថ្លៃ២០០ដុល្លារ ចំណែកពេជ្រ ថៃ ស៊ីថ្លៃជិត៥០០ដុល្លា។

លោកថន តុលា ឪពុកបង្កើតរបស់ធឿន បូរី បានឲ្យដឹងថា ”ខ្ញុំអរគុណគ្មានអ្វីប្រៀបបានចំពោះទឹកចិត្តរបស់លោកចា រិទ្ធី ដែលជួយកូនប្រុសខ្ញុំឲ្យមានពន្លឺជីវិតនៅពេលនេះ។ ឥឡូវគាត់ (ចា រិទ្ធី) មិនត្រឹមតែជួយកូនខ្ញុំទេ តែជួយទាំងខ្ញុំឲ្យមានការងារធ្វើនៅសណ្ឋាគារគាត់ទៀតផង ដោយបានប្រាក់ខែ១ខែ​១៥០ដុល្លារ។​ខ្ញុំក៏អរគុណដល់លោកឧកញ៉ាស្រី ចាន់ថន ដែរ ដែលលោករាប់អានកូនខ្ញុំ និងណាត់ឲ្យមានការជួបជាមួយពេជ្រ ថៃ ហើយផ្ដល់ដំបូន្មានឲ្យពួកគេស្រលាញ់គ្នា។ ចាត់ទុកថាជាភ័ព្វសំណាងរបស់កូនខ្ញុំ ដែលបានស្គាល់លោកទាំង២ ដែលសុទ្ធតែជាអ្នកមានចិត្តធម៌នៅពេលនេះ”៕

លោកឧកញ៉ាស្រី ចាន់ថន
RELATED ARTICLES