ភាពយន្តខ្នាតធំរឿង “នរណា Come back” របស់ផលិតកម្មក្លាស៊ិក បានដាក់បញ្ចាំងជាផ្លូវការហើយ នៅគ្រប់រោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា តទៅ ខណៈដែលចាងហ្វាងផលិតកម្មបានប្រកាសពីគោលជំហថា បើទោះបីមិនទាញបានផលចំណេញផលិតកម្ម នៅតែបរិច្ចាគថវិកាយ៉ាងតិច៥០០០ដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទាហាននៅតាមព្រំដែន ក្នុងគោលបំណងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខន្ធ លោករាជ បុរី។
លោកហួរ សុផល ចាងហ្វាងផលិតកម្មក្លាស៊ិក បានថ្លែងឲ្យដឹងនៅក្នុងពិធីដាក់បញ្ចាំងរឿង “នរណាCome back” នៅរោងភាពយន្តMajor Cineplex នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអនថា “រឿងនេះគឺមានរសជាតិថ្មីមួយប្លែកខុសពីគេ ដោយហេតុថា បានឆ្លុះបញ្ចាំងពីសង្គមពិតក្នុងការរើសអើងភេទដូចគ្នា និងបង្ហាញពីអារម្មណ៍អាឡោះអាល័យចំពោះតារាចម្រៀងមួយរូបរបស់ផលិតកម្មក្លាសស៊ិក គឺលោករាជ បុរី ដែលបានជួបគ្រោះថ្នាក់ចរារណ៍បាត់បង់ជីវិតនាពេលកន្លងទៅ”។ លោកថា រឿងនេះបានសម្រិតសម្រាំងការផលិតរយៈពេល១ឆ្នាំ ជាមួយកម្រិតកាំមេរ៉ា 4k ភ្លឺច្បាស់ ត្រជាក់ភ្នែក ខណៈដែលរឿងនេះបានប្រើខ្ទង់ចំណាយអស់ជាង៥ម៉ឺនដុល្លារ និងមានតារាចូលរួមសម្ដែងជាង១០០នាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកហួរ សុផល អះអាងថា ប្រាក់ចំណេញដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវបែងចែកមួយចំណែកធំ ដើម្បីជួយដល់សង្គម ដូចជាមន្ទីរពេទ្យគន្ធបុប្ផា ទាហាននៅតាមព្រំដែន និងមានកញ្ចប់សម្រាប់អង្គការមួយចំនួនផងដែរ។ លោកថា ការប្រកាសពីគោលជំហរបរិច្ចាគជួយសង្គម តាមរយៈរឿង “នរណា Come back” នេះ គឺដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាក្ខន្ធលោករាជ បុរី ។ លោកអះអាងថា បើទោះបីរឿងនេះមិនទាញបានផលចំណេញ ក៏នៅតែមានកញ្ចប់សម្រាប់បរិច្ចាគជួយសង្គម។ ត្បិតអីនៅក្នុងពិធីបើកសម្ពោធកាត់ខ្សែបូ រឿង “នរណា Come back” នៅផ្សារទំនើបស៊ីធីម៉ល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឯកឧត្តម ហួ ចំរើន ដែលជាបងប្អូនធម៌របស់អ្នកស្រី លឹម ម៉ារីណា ម្ចាស់ក្លឹបម៉ារ៉ុក និងម្ចាស់ភាគហ៊ុននៅក្នុងរឿង “នរណាCome back” បានប្រគល់ថវិកាចំនួន៥០០០ដុល្លារ ដើម្បីជួយដល់សង្គម តាមរយៈរឿង “នរណា Come back“ គឺថវិកានឹងរៀបចំប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងទាហាននៅតាមព្រំដែន នៅក្រោយពេលរឿងនេះបញ្ចប់ការដាក់បញ្ចាំង។ ដូច្នេះបើទោះបីខាត ក៏នៅតែមានកញ្ចប់ថវិកាយ៉ាងតិច៥០០០ដុល្លារ សម្រាប់បរិច្ចាគជួយសង្គមដែរ។
លោកហួរ សុផល ក៏បានឲ្យដឹងដែរថា ក្លាសស៊ិក កំពុងត្រៀមផលិតរឿងថ្មីមួយទៀត ហើយក៏មានគម្រោងបរិច្ចាគថវិកាដែលទទួលបានផលចំណេញជួយដល់សង្គមផងដែរ៕