ភ្នំពេញ ៖ អតីតតារាចម្រៀងរូបស្រស់ដែលបានបោះបង់អាជីពសិល្បៈ ងាកទៅបើកហាងលក់បាយ ពេជ្រ សូលីកា ថ្មីៗនេះ បានជួបនូវទុក្ខធំមួយក្នុងជីវិត ដោយសារតែជីដូនជាទីគោរពស្រលាញ់របស់នាងបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមរយៈគណនីហ្វេសប៊ុករបស់អតីតតារាចម្រៀង ពេជ្រ សូលីកា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹកបង្ហាញពីរូបភាពស្និទ្ធស្នាលជាមួយនឹងជីដូន ព្រមទាំងពិធីបុណ្យសពរបស់ជីដូនជាទីគោរពស្រលាញ់របស់នាងផងដែរ។ ព្រមជាមួយនេះ ពេជ្រ សូលីកា បានបង្ហោះសារបង្ហាញពីទុក្ខក្រៀមក្រំដែលនាងកំពុងប្រឈម ពោលគឺបាត់បង់មនុស្សជាទីស្រលាញ់។
កញ្ញាពេជ្រ សូលីកា បានសរសេរសារក្រៀមក្រំនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា “សូមឱ្យវិញ្ញាណក្ខន្ធយាយបានទៅកាន់សុគតិភព កំពូលស្ត្រីរបស់ខ្ញុំ…”។ ពេជ្រ សូលីកា បានសសេរ បន្ថែមថា “ចៅស្រលាញ់ ហើយនឹកម៉ាក់យាយ រហូតណា៎ ម៉ាក់យាយណា៎…”។
យ៉ាងណាមិញ កញ្ញាពេជ្រ សូលីកា មិនបានបញ្ជាក់ថាជីដូនជាទីគោរពស្រលាញ់របស់នាងទទួលមរណភាព ដោយសាររោគាពាធ ឬដោយជរាពាធនោះទេ។
គួរបញ្ជាក់ផងដែរថា ពេជ្រ សូលីកា គឺជាអតីតតារាចម្រៀងជួរមុខប្រចាំផលិតកម្ម M ប៉ុន្តែក្រោយមក រូបនាងបានសម្រេចចិត្តបោះបង់ចោលអាជីពជាតារាចម្រៀង និងបាត់មុខពីវង្វង់សិល្បៈអស់ពេលជាយូរមកហើយ ហើយទើបតែបង្ហាញវត្តមានជាថ្មីម្តងទៀត នៅពេលដែលរូបនាងបានប្តូរអាជីពមកបើកហាងបាយថ្មី ដែលមានឈ្មោះថា “បាយអូនអ៊ូក”៕