Friday, November 29, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា សារភាពរួមរស់ជាមួយលោកហេង ឡុង ដោយមិនមានគម្រោងរៀបការ

ចន ច័ន្ទលក្ខិណា សារភាពរួមរស់ជាមួយលោកហេង ឡុង ដោយមិនមានគម្រោងរៀបការ

បន្ទាប់ពីបែកស្នេហ៍ពីលោកយុត្ថារ៉ា ឆានី ហើយមកភ្ជាប់ស្នេហ៍ជាមួយលោកហេង ឡុង ខណៈដែលមិនទាន់ឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ផងនោះ អ្នកនាងចន ច័ន្ទលក្ខិណា បានសារភាពប្រាប់ថា បច្ចុប្បន្ននេះ អ្នកនាងនិងម្ចាស់ស្នេហ៍ បានរួមរស់ក្រោមដំបូលតែមួយ ហើយក៏គ្មានគម្រោងរៀបការដែរ…។

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា បានសម្រេចចិត្តចងសម្ព័ន្ធស្នេហ៍ជាមួយបុរសពោះម៉ាយលោកហេង ឡុង បន្ទាប់ពីក្លាយជាអ្នកមេម៉ាយកូនមួយក្នុងរយៈពេលខ្លី ប៉ុន្តែអ្វីដែលមជ្ឈដ្ឋានជាច្រើន មិននឹកស្មានដល់នោះ អ្នកនាងបានបង្ហើបថា អ្នកនាងនិងលោកហេង ឡុង បានសម្រេចចិត្តរួមរស់កសាងសុភមង្គលជាមួយគ្នារួចហើយ បើទោះបីមិនទាន់ដឹកដៃគ្នាចូលរោងការក្តី។

អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងឱ្យដឹងថ្មីៗនេះថា “ខ្ញុំនិងគាត់ (ហេង ឡុង) បានរួមរស់ជាមួយគ្នារួចហើយ ព្រោះពួកយើងបានយល់ពីគ្នាអស់ហើយ។ សម្រាប់គម្រោងរៀបការ ប្រហែលជាគ្មានទេ ប៉ុន្តែ បើមានឱកាសល្អណាមួយ ខ្ញុំនឹងរៀបចំពិធីតូចមួយ”។

អ្នកនាងលក្ខិណា សុំមិនបញ្ជាក់ថា រហូតមកទល់ពេលនេះ អ្នកនាងបានចុះសំបុត្រអាពាហ៍ពិពាហ៍ ឬក៏នៅនោះទេ ខណៈដែលអ្នកនាងអះអាងថា មិនខ្លាចទទួលរងនូវការរិះគន់ណាមួយនោះឡើយ គឺអ្វីដែលសំខាន់ អ្នកនាងនិងស្វាមីថ្មី បានរស់នៅចុះសម្រុងនឹងគ្នា ហើយក៏កំពុងទទួលបានសុភមង្គលយ៉ាងកក់ក្តៅ។

តារាដែលនៅតែទទួលបានភាពលេចធ្លោរូបនេះ បានឱ្យដឹងដែរថា អ្នកនាងគ្មានគម្រោងរៀបការ ដោយសារតែចំណងស្នេហ៍របស់អ្នកនាង គឺជាស្នេហ៍វ័យចំណាស់ដូចគ្នា។ ម៉្យាងអ្នកនាងគិតថា ចំណងគ្រួសាររឹងមាំ មិនអាស្រ័យលើមង្គលការនោះទេ អ្វីដែលសំខាន់លើការយល់ចិត្តគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក និងអាចរស់នៅចុះសម្រុងនឹងគ្នារហូតដល់ចាស់រៀងខ្លួន។ មួយវិញទៀត អំឡុងពេលនេះ អ្នកនាងកំពុងរវល់ក្នុងការរៀបចំមង្គលការប្អូនផងដែរ។ ដូច្នេះ គម្រោងរៀបការរបស់ខ្លួន គឺពិបាកនឹងកើតឡើង។

មួយរយៈចុងក្រោយនេះ បន្ទាប់ពីសម្រេចចិត្តរួមរស់ជាមួយស្វាមីថ្មី ដោយគ្មានគម្រោងរៀបការ អ្នកនាងលក្ខិណា និងស្វាមី កំពុងប្រឹងប្រែងរួមដៃគ្នារកស៊ីបង្កើនទ្រព្យជាខ្លាំង ទាំងមុខរបរហាងរក្សាសម្រស់ លក់ផលិតផលតាមអនឡាញ និងរកស៊ីលើមុខជំនួញមួយចំនួនទៀត ដែលរកបានចំណូលយ៉ាងច្រើនក្រាស់ក្រែល ខណៈដែលអ្នកនាងដកឃ្លាលែងប្រឡូកសិល្បៈពេញទំហឹងដូចមុន។

ក្រោយប្រកាសសាងស្នេហ៍ជាចំហជាមួយលោកហេង ឡុង អ្នកនាងលក្ខិណា ក៏ស្ងាត់ដំណឹងរឿងមន្ត្រីធំមួយចំនួន តាមក្រវែលសុំស្នេហ៍ផងដែរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ មួយរយៈចុងក្រោយនេះ អ្នកនាងលក្ខិណា ក៏បានផ្លាស់ប្តូរឥរិយាបថលែងតបតរឿងរ៉ាវមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក។

លក្ខិណា បានលើកឡើងថា កន្លងមក អ្នកនាងពិតជាមានបញ្ហាមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកមែន។ ប៉ុន្តែអ្នកនាងនឹងបញ្ចៀសលែងឱ្យមានបញ្ហាទាំងនោះទៀតហើយ ខណៈដែលអ្នកនាងក៏ទទូចឱ្យតារាមួយចំនួនត្រូវរក្សាភាពថ្លៃថ្នូរ ដោយមិនត្រូវឈ្លោះទាស់គ្នា ជេរគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតនោះទេ។

មួយរយៈចុងក្រោយនេះ អ្នកនាងលក្ខិណា ហាក់សកម្មជាមួយការងារមនុស្សធម៌ ដោយបានចុះចែកអំណោយដល់តារាសិល្បៈមួយចំនួន ដែលធ្លាក់ខ្លួនឈឺ និងជួបបញ្ហាពាក់ព័ន្ធនឹងជីវភាពខ្វះខាតជាដើម។

គួរបញ្ជាក់ថា ក្រោយពេលអ្នកនាងចន ច័ន្ទលក្ខិណា ធ្លាយរឿងលែងលះស្វាមី លោកយុត្ថារ៉ា ឆានី ដែលបន្សល់នូវចំណងដៃកូនស្រីម្នាក់ អ្នកនាងបានជំពប់នឹងព្យុះពាក្យចចាមអារ៉ាមជាច្រើន ដែលល្បីថា នាងលែងលះស្វាមី ដោយសារតែសម្លឹងឃើញងារជាជំទាវ រស់នៅលើគំនរទ្រព្យ ដែលពេលនោះលេចឮថា អ្នកនាងបានជាប់ពាក់ព័ន្ធនឹងចំណងស្នេហ៍មន្ត្រីធំ ក្នុងជួររាជរដ្ឋាភិបាលម្នាក់ផងដែរ។

យ៉ាងណា កន្លងមក អ្នកនាងធ្លាប់ចេញមុខបកស្រាយបដិសេធថា គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

មួយរយៈមុននេះ អ្នកនាងលក្ខិណា ក៏ត្រូវបានបុរសរស់នៅក្រៅប្រទេសម្នាក់ ហែករឿងអាស្រូវរបស់អ្នកនាងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈផងដែរ ដែលធ្វើឱ្យប៉ះដល់កិត្តិយសអ្នកនាងជាខ្លាំង ដោយចោទអ្នកនាងថា ជាមនុស្សបោកប្រាស់ និងថា ជាស្រីផ្កាមាសជាដើម។ យ៉ាងណា លក្ខិណា ធ្លាប់បានបកស្រាយថា ជារឿងបំភ្លើស ដែលមានចេតនាចង់ជាន់ពន្លិចអ្នកនាង ខណៈដែលបុរសនោះមិនហ៊ានមកតតាំងជាមួយអ្នកនាងនៅក្នុងស្រុក។

យ៉ាងណាក៏ដោយ អំឡុងពេលនេះ អ្នកនាងលក្ខិណា កំពុងតែមានសុភមង្គលយ៉ាងកក់ក្តៅជាមួយស្វាមីថ្មី ដែលបានរួមរស់ជាមួយគ្នា ដោយមិនចាំបាច់ឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ ខណៈដែលព្យុះពាក្យចចាមអារ៉ាមទាំងឡាយក៏ស្ងប់រលត់អស់ដែរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ អ្នកនាងកំពុងតែលេចធ្លោក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ ដែលមានទឹកប្រាក់សប្បុរសធម៌ជាថ៣០ម៉ឺនដុល្លារ ទុកចាំជួយវីរសិល្បករ និងអ្នកសិល្បៈដែលជួបការលំបាកក្នុងជីវភាព៕

RELATED ARTICLES