ឈ្មួញ​ឈើ​គ្រ​ញូង​បើក​រថយន្ត​កៀរ​ឡាន​ អ្នក​កា​សែត​ទម្លាក់​ផ្លូវ​

ខេត្តឧត្តរមានជ័យ ៖ អ្នកយកព័ត៌មានប្រចាំ ខេត្តឧត្តរមានជ័យចំនួន២នាក់ បានអះអាងថា  ត្រូវបានបក្ខពួករបស់ឈ្មួញឈើគ្រញូងដ៏មាន ឥទ្ធិពលប្រចាំស្រុកអន្លង់វែង បើករថយន្តកៀរ  រួចប៉ុនប៉ងធ្វើឃាត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ ទឹកជុំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង។

អ្នកកាសែតទាំង២នាក់ ដែលអះអាងថា ត្រូវបក្ខពួកក្រុមឈ្មួញឈើគ្រញូង បើករថយន្តកៀរ រួចប៉ងធ្វើឃាតនោះ ទី១-ឈ្មោះប៉ែន នួន ជាអ្នកយកព័ត៌មានទូរទស្សន៍អប្សរា និង ទី២-ឈ្មោះខៀវ សុផាន់ណារស់ អ្នកយកព័ត៌មានទូរទស្សន៍អប្សរា និងPNN។ អ្នកទាំង២ ជិះរថយន្តមួយគ្រឿង ម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-6171 ។ ចំណែកភាគីបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាបក្ខពួក ឈ្មួញឈើគ្រញូង បើករថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1218។

តាមប្រភពពីអ្នកយកព័ត៌មានទាំង២រូប បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បាននាំគ្នាបើករថយន្តទៅ ថតគំនរឈើគ្រញូងមួយកន្លែង នៅចំណុចភូមិ ពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខណៈ ដែលក្រុមឈ្មួញ កំពុងលើកឈើគ្រញូងដាក់ក្នុង រថយន្ត។ លុះថតរួចរាល់ ពួកគាត់បាននាំគ្នា បើករថយន្តត្រឡប់មក ទីប្រជុំជនស្រុកអន្លង់វែងវិញ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើ មានរថយន្តឡិចស៊ីសមួយគ្រឿង បានបើកមកក្បែរ រួចស្រែកគំរាមថា “អ្ហែង ចង់ម៉េច!”។ ដោយឃើញសភាពមិនស្រួល ទើបពួកគាត់ទាំង២នាក់ បានបន្តដំណើរទៅមុខទៀត ស្រាប់តែរថយន្តឡិចស៊ីសនោះ បានបើកមកតាមនិងបានកៀររថយន្តរបស់ពួកគាត់ ទម្លាក់ផ្លូវទៀតផង។

22222

ប្រភពដដែលបន្តថា ភ្លាមនោះ ក៏មាន មនុស្សប្រុស៣នាក់ បានចុះពីរថយន្តឡិចស៊ីស ខាងលើ ដើរសំដៅមករករថយន្តរបស់ពួកគាត់ ហើយបានទាញទ្វារហៅឱ្យពួកគាត់ឱ្យចេញមកក្រៅ ដោយស្រែកគំរាមថា “អញសម្លាប់អ្ហែង ចោល!”។ លុះឃើញស្ថានភាពបែបនេះពួកគាត់ ក៏ចុចបិទសោឡាន ធ្វើឱ្យពួកគេខឹង ក៏លើកជើង ធាក់រថយន្តរបស់ពួកគាត់១ជើង ហើយក៏បើក រថយន្តចេញបាត់ទៅ។

ក្រោយកើតហេតុ ពួកគាត់បានទូរស័ព្ទ រាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយ ប្រាប់ថា ថៅកែឈើគ្រញូងនោះ មានឈ្មោះ យាយម៉ាយ ជាជនជាតិវៀតណាម។ ស្រាប់តែរថយន្តឡិចស៊ីសនោះ បានជិះសំដៅទៅដល់ អធិការដ្ឋាននគរបាលស្រុកអន្លង់វែង រួចបាន ដាក់ពាក្យប្តឹងថា រថយន្តរបស់អ្នកកាសែត ស្ទាក់ពីមុខរថយន្តរបស់ពួកគេ ធ្វើឱ្យមានការខូចខាតទៅវិញ។

ដោយឡែក សមត្ថកិច្ចចរាចរណ៍ស្រុក អន្លង់វែង បានបញ្ជាក់ថា ករណីនេះ គឺជាករណី បើករថយន្តជែងគ្នា តែភាគីអ្នកកាសែតមិន យល់ព្រមដោះស្រាយជារឿងចរាចរណ៍ទេ ដោយ បានដាក់ពាក្យបណ្តឹងទៅជារឿងព្រហ្មទណ្ឌទៅ វិញ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាច ទាក់ទងសុំការបំភ្លឺពីភាគីម្ខាងទៀត ដែលត្រូវ បានក្រុមអ្នកកាសែត ចោទប្រកាន់ថាបានបើក រថយន្តកៀរ និងប៉ុនប៉ងធ្វើឃាតនោះបានទេ កាលពីម្សិលមិញ តែយ៉ាងណាយើងរង់ចាំទទួល ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់ថា សកម្មភាពជួញដូរឈើគ្រញូង នៅក្នុងខេត្តឧត្តរមានជ័យ ពិសេសនៅក្នុងស្រុក អន្លង់វែង មានភាពគគ្រឹកគគ្រេងខ្លាំងណាស់ ហើយឈ្មួញឈើភាគច្រើន សុទ្ធតែអាងខ្នង អាង ស្បែក មិនគោរពឬខ្លាចញញើតច្បាប់ សោះ ឡើយ”

ដោយ៖ ឡុង