Friday, November 29, 2024
Homeតារាខ្មែរលោកអ៊ិន សុភិន ឈ្នះក្រុមគោចាស់ព្រៃវៃង មុនចេញទៅប្រជុំកាងារជំនួញនៅឥណ្ឌូនេសុី

លោកអ៊ិន សុភិន ឈ្នះក្រុមគោចាស់ព្រៃវៃង មុនចេញទៅប្រជុំកាងារជំនួញនៅឥណ្ឌូនេសុី

កូនស្រីសំណព្វចិត្តរបស់លោកអ៊ិន សុភិន គឺអ្នកនាងភិន សុដាលីស ទើបហោះទៅសិក្សាជំនាញឌីហ្សាញកុន នៅសហរដ្ឋអាមេរិក ជាមួយក្រុមផលិតករហូលលីវូដ ម្សិលមិញនេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ លោកអ៊ិន សុភិន ដែលជាឪពុក ក៏មានភារកិច្ចចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីទៅប្រជុំកម្រិតអាស៊ានជាមួយនឹង១០ប្រទេស ពាក់ព័ន្ធនឹងការងារជាអ្នកជំនួញផងដែរ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មុនពេលលោកឡើងយន្តហោះ គឺនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា លោកបានដឹកនាំក្រុមបាល់ទាត់របស់ផលិតកម្មមហាហង្ស បំបាក់ក្រុមគោចាស់ព្រៃវែង ដែលលទ្ធផល៤ទល់និង៣ ខណៈក្រុមគោចាស់ព្រៃវែង មានអតីតកីឡាករជម្រើសជាតិ ចូលរួមប្រកួតផងនោះ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងមុនឡើងយន្តហោះទៅឥណ្ឌូនេស៊ី ថា មុនពេលលោកចេញទៅបំពេញភារកិច្ចនៅក្រៅប្រទេស នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ម្សិលមិញនេះ លោកបានដឹកនាំក្រុមតារាបាល់ទាត់របស់មហាហង្ស ដោយទទួលបានជ័យជម្នះក្នុងលទ្ធផល៤ទល់៣ ជាមួយក្រុមគោចាស់ព្រៃវែង ដែលជាលទ្ធផលដែលលោកមិននឹកស្មានដល់។ លោកថា នេះជាមោទនភាពមួយដែលក្រុមបាល់ទាត់មហាហង្ស កាន់តែរីកចម្រើននិងកាន់តែរឹងមាំ។ ត្បិតអីក្រុមគោចាស់ព្រៃវែង អាចចាត់ទុកថាជាក្រុមខ្លាំងមួយ ត្បិតអីមានកីឡាករល្អៗ ព្រមទាំងមានសមាជិកជាអតីតកីឡាករជម្រើសជាតិទៀតផង ។ ប៉ុន្តែក្រុមរបស់លោកនៅតែអាចដណ្ដើមយកជ័យជម្នះបាន ដែលធ្វើឲ្យក្រុមរបស់លោកកាន់តែវិវឌ្ឍន៍មួយកម្រិតថែមទៀត។

លោកអ៊ិន សុភិន បានឲ្យដឹងដែរថា ក្រោយការប្រកួតជាមួយក្រុមគោចាស់ព្រៃវែង ដោយលទ្ធផលជោគជ័យ នៅថ្ងៃទី២៣​ខែវិច្ឆិកា លោកត្រូវទៅប្រជុំពិភាក្សាពាក់ព័ន្ធនឹងមុខជំនួញដោយលោកបញ្ជាក់ថា នេះមិនមែនជាការអញ្ជើញលោកឲ្យចូលរួមជាលើកទី១នោះទេ តែជាការចូលរួមច្រើនលើកមកហើយ ដោយគ្រាន់តែសម្រាប់ការផ្ដល់ឱកាសឲ្យលោកបានប្រជុំនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាលើកទី១។ លោកសម្រេចទម្លាក់ចោលការងារផលិតកម្ម ដោយសារតែចង់ទៅចូលរួមក្នុងកិច្ចប្រជុំមួយនេះ ដើម្បីទទួលបានបទពិសោធន៍ឲ្យកាន់តែច្រើន ពាក់ព័ន្ធនឹងជំនួញមួយចំនួនដែលលោកកាន់កាប់ បូករួមទាំងយុទ្ធសាស្រ្តត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យផលិតកម្មមានការប្រកួតប្រជែងបានល្អនោះផងដែរ។ លោកថា ដំណើរចាកចេញលើកនេះ គឺលោកទៅគ្នា៤នាក់ ដែលសុទ្ធតែក្រុមការងារពាក់ព័ន្ធនឹងក្រុមហ៊ុនដឹកជញ្ជូនរបស់លោក ហើយលោកនឹងប្រញាប់មកវិញមិនឲ្យលើសពីល្ងាចថ្ងៃច័ន្ទ ទី២៧ វិច្ឆិកា នោះទេ ដោយសារតែការងារនៅក្នុងផលិតកម្មក៏មិនអាចដកឃ្លាចោលបាន។

លោកបន្តថា អាចជារឿងចៃដន្យ ដែលកូនស្រីរបស់លោក គឺភិន សុដាលីស ក្នុងនាមជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មមហាហង្ស ក៏ត្រូវមានភារកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីបន្ថែមជំនាញផ្នែកឌីហ្សាញកុន ហើយលោកដែលជាចាងហ្វាងផលិតកម្មក៏មានភារៈត្រូវចេញទៅប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណា លោកថាផលិតកម្មមហាហង្ សនៅតែមានដំណើរការដោយមិនផ្អាកការថតនោះដែរ គឺនៅតែបន្តសកម្មភាពថតជាប្រចាំ ដោយសារតែលោក និងភិន សុដាលីស សុទ្ធតែបានប្រគល់ភារកិច្ចឲ្យមានការជំនួសការងារ។

យ៉ាងណា អ្វីដែលធ្វើឲ្យលោកអ៊ិន សុភិន សប្បាយចិត្តនោះ គឺមុនពេលលោកចេញទៅឥណ្ឌូនេស៊ី លោកបានឆ្លៀតដឹកនាំក្រុមបាល់ទាត់មហាហង្ស រហូតទទួលបានជ័យជម្នះលើក្រុមគោចាស់ព្រៃវែង ខណៈដែលលោកបានប្រកាសថា នឹងធ្វើឲ្យក្រុមបាល់ទាត់របស់ខ្លួនទទួលផ្លែផ្កា ជាពិសេស គឺកីឡាករ ហេង នរៈកក្កដា ដែលតែងតែរកគ្រាប់បាល់ឲ្យក្រុមស្ទើរតែគ្រប់ការប្រកួត ដែលធ្វើឲ្យក្រុមទាំងមូលស្គាល់តែជ័យជម្នះ ចាប់តាំងពីបានប្រកាសក្រុមជាផ្លូវការ។ លោកថា ក្រោយការត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី វិញ លោកនឹងរៀបចំក្រុមដើម្បីធ្វើការប្រកួតជាមួយក្រុមអាជីពឲ្យបានច្រើន ដើម្បីឲ្យក្រុមមហាហង្ស កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងនាមជាកីឡាបាល់ទាត់ដែលលេចចេញពីតារាសិល្បៈ៕

RELATED ARTICLES