ឆ្លងកាត់វិញ្ញាសាការដើរបង្ហាញម៉ូដ ច្រៀងរាំ និងការឆ្លើយសំណួរដោយស្វិតស្វាញ ដោយមានគណៈកម្មការទាំងជាតិ និងអន្ដរជាតិ ៦រូប ជាអ្នកដាក់ពិន្ទុដោយសុក្រិតនោះ នៅទីបំផុត ម្ចាស់ពាន Word Miss University 2017 ដែលបានប្រកួតផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគាសូហ្វីតែល ភោគិត្រាភ្នំពេញ នោះ បានធ្លាក់ទៅលើនិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ គឺកញ្ញាសៅ សូត្រទំរង់ពេជ្រ (Sao Saottomrongpic) ពាក់ស្លាកលេខ៨ ជាម្ចាស់ជ័យលាភី។
កញ្ញាសៅ សូត្រទំរង់ពេជ្រ គឺជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ តែម្នាក់គត់ ដែលជាតំណាងឲ្យនិស្សិតសកលវិទ្យាល័យផ្សេងទៀតរបស់កម្ពុជា ក្នុងការមានសិទ្ធិទៅចូលរួមប្រកួតកញ្ញាឯកសាកលវិទ្យាល័យពិភពលោក វគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រារព្ធពិធី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
តាមគណៈក្រុមគណៈកម្មការខ្មែរ ដែលចូលរួមដាក់ពិន្ទុ បានបង្ហើបឲ្យដឹងថា មូលហេតុដែលកញ្ញាសៅ សូត្រទំរង់ពេជ្រ ក្លាយទៅជាអ្នកឈ្នះក្នុងកម្មវិធី ដោយធ្វើឲ្យបេក្ខភាព១៩រូបផ្សេងទៀត ខ្ទាតចេញនោះ ព្រោះតែនិស្សិតស្រីរូបនេះធ្វើបានល្អជាងគេ លើគ្រប់វិញ្ញាសារ ពិសេសគឺការឆ្លើយសំណួរនៅវគ្គចុងក្រោយតែម្ដង ដែលនិស្សិតរូបស្រស់ សូត្រ ទំរង់ពេជ្រ មានភាពឆ្លាតវៃជាងបេក្ខភាពដទៃ ឆ្លើយសំណួរបានលឿន និងអាចនិយាយភាសាអង់គ្លេស បានយ៉ាងច្បាស់ ដោយស្ទាត់ជំនាញទៀតផង។
ក្នុងបទសម្ភាសន៍ជាមួយកញ្ញាសៅ សូត្រទំរង់ពេជ្រ ម្ចាស់មកុដ World Miss University រូបនេះ បានឲ្យដឹងថា ដោយសាតែនាងមានការតាំងចិត្តបានល្អ និងមានការត្រៀមខ្លួនរួចជាស្រេច ទើបបានទទួលជោគជ័យដូចពេលនេះ។
និស្សិតស្រអែមស្រស់ដែលនិយាយភាសាអង់គ្លេស ហូរដូចទឹករូបនេះ ថ្លែងទាំងរីករាយថា ”មូលហេតុដែលខ្ញុំចូលរួមប្រកួត World Miss university 2017 នេះ ព្រោះខ្ញុំគិតថា ខ្ញុំមានសមត្ថភាពអាចចូលរួមប្រកួតនៅលើឆាកអន្ដរជាតិ បានហើយ និងអាចធ្វើឲ្យប្រទេសកម្ពុជា មានមោទនភាពដោយសារតែរូបនាងខ្ញុំដែរ។ ខ្ញុំអាចនិយាយភាសាអង់គ្លេសបានល្អ ដោយសារខ្ញុំរៀនអង់គ្លេសតាំងពីខ្ញុំអាយុ១០ឆ្នាំម្ល៉េះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺខ្ញុំចង់ឲ្យក្មេងៗស្រីដទៃទៀតហ៊ានបញ្ចេញសមត្ថភាពដែលមាន គឺគាត់អាចធ្វើបានដូចគេដែរ ដូចនេះគឺត្រូវតែក្លាហាន ហ៊ានធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ។ ខ្ញុំគិតថា មូលហេតុដែលខ្ញុំឈ្នះកម្មវិធីនេះ គឺមកពីខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំប្រឹងឲ្យអស់ពីសមត្ថភាព ខ្ញុំកាត់បន្ថយភាពភ័យខ្លាចរបស់ខ្ញុំ ការខ្មាសអៀនរបស់ខ្ញុំ។ ខ្ញុំបានហាត់សមជាមួយក្រុមការងាររយៈពេល១០ថ្ងៃ ទើបឈានមកការប្រលងផ្ដាច់ព្រ័ត្រនេះ ហើយខ្ញុំបានទទួលបទពិសោធន៍ល្អៗជាច្រើន ដូចជា ការកាត់បន្ថយភាពខ្មាសអៀនការភ័យខ្លាច ហើយពួកយើងមិនដែលគិតថា កម្មវិធីប្រលងនេះគឺជាការប្រកួតប្រជែងគ្នាទេ គឺពួកយើងស្រលាញ់គ្នា ធ្វើអ្វីៗជាមួយគ្នា អត់មានប្រជែងគ្នាទេ ។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតក្នុងវេទិកាធំ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នោះ ហើយខ្ញុំតាំងចិត្តថា ធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាយើងមានមោទនភាព ហើយខ្ញុំនឹងប្រឹងប្រែងឲ្យអស់សមត្ថភាព១០០%តែម្ដង គឺខ្ញុំសង្ឃឹមថា អាចនឹងឈ្នះនៅថ្ងៃនោះ។ ខ្ញុំសូមផ្ដាំទៅមិត្តៗយុវវ័យទាំងអស់ថា កម្មវិធីនេះគេជ្រើសយកតែរូបសម្រស់ តែតាមពិត គឺអីចេះទេ គេមិនគិតពីរូបសម្រស់ខ្លាំងពេកទេ គឺគេគិតពីភាពឆ្លាតវៃរបស់យើង ភាពក្លាហានបញ្ចេញនូវអ្វីដែលយើងមាន អីចឹងយើងនឹងអាចធ្វើបានដូចគ្នានៅលើឆាកអន្ដរជាតិ ប្រសិនបើយើងមានការតាំងចិត្តនោះ”។
មុនគ្រងមកុដ World Miss University និស្សិតសៅ សូត្រទំរង់ពេជ្រ បានជាប់ក្នុងវគ្គបេក្ខភាព២០រូប ជម្រុះ១៥ យកតែ៥នាក់ចុងក្រោយ នាងចាប់បានសំណួរដែលសួរថា ”ហេតុអ្វីបានជាប្អូនគិតថា ប្អូនស័ក្តិសមគ្រងមកុដ World Miss University នេះ?
និស្សិតរូបស្អាត សូត្រ ទំរង់ពេជ្រ បានឆ្លើយជាភាសារអង់គ្លេស ដែលមានអត្ថន័យជាខ្មែរថា ”ពីព្រោះខ្ញុំមានសមត្ថភាព ខ្ញុំមានភាពឆ្លាតវៃ ខ្ញុំនឹងធ្វើឲ្យកម្ពុជាមានមោទនភាព”។
ក្រៅពីកញ្ញាសៅ សូត្រទំរង់ពេជ្រ អាយុ២២ឆ្នាំ ដែលបានគ្រងមកុដ World Miss University ២០១៧ ដែលអមដោយទឹកប្រាក់រង្វាន់៣៥០០ដុល្លារនោះ ក៏មានបេក្ខភាព៤រូបផ្សេងទៀត ដែលឈានដល់វគ្គចុងក្រោយនោះ ក៏បានពាន និងរង្វាន់លើកទឹកចិត្តផ្សេងៗគ្នាដែរ។
ចំណែកអ្នករៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធី “World Miss University 2017” នេះល្អ ព្រោះអាចធ្វើឲ្យនិស្សិតស្រីនៅគ្រប់សាកលវិទ្យាល័យ អាចបញ្ចេញភាពក្លាហាន សមត្ថភាព ចំណេះដឹងដែលពួកគេមាន នៅលើឆាកអន្ដរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា។ “World Miss University” មានអាយុ៣១ឆ្នាំ (១៩៨៦-២០១៧) មុនមកដល់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ្ន ឆ្នាំ២០១៧ ដែលកម្ពុជា មានកញ្ញាសៅ សូត្រទំរង់ពេជ្រ ជាអ្នកតំណាងឲ្យ World Miss University ២០១៧ របស់កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះ៕