Friday, November 29, 2024
Homeតារាខ្មែរវី ឌីណែត គ្មានអារម្មណ៍ស្នេហ៍នី រតនា

វី ឌីណែត គ្មានអារម្មណ៍ស្នេហ៍នី រតនា

វី ឌីណែត ដែលកាន់តែស្និទ្ធស្នាលចម្លែកៗជាមួយនី រតនា ទាំងនៅក្នុងនិងក្រៅឆាកនោះ បានចេញមកអះអាងសាជាថ្មីថា នាងគ្មានអារម្មណ៍លើរតនា ឡើយ ចំពោះរឿងថា នាងជាដៃគូស្នេហ៍ជាមួយម្ចាស់ពាន Cambodian Idol រូបនេះ គឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ…។

វី ឌីណែត ធ្លាប់ច្រៀងសម្តែងលើឆាកតន្ត្រីជាមួយនី រតនា ដោយមានភាពស៊ីចង្វាក់គ្នាខ្លាំង និងមានពេលខ្លះឱបគ្នាយ៉ាងស្អិតល្មួតទៀតផង ទើបធ្វើឱ្យគេមានការសង្ស័យថា ពួកគេមានស្នេហាជាមួយគ្នានៅក្រៅឆាក។ ស្របពេលជាមួយគ្នានេះដែរ ហង្សមាស ក៏ជំរុញឱ្យពួកគេចាប់ដៃគ្នាជាតួឯកប្រុសស្រីក្នុងរឿង “រាជបុត្រកង្កែប” ទៀត ដែលចៀសមិនផុតពីឈុតឱបថើបគ្នានោះទៀតឡើយ ហេតុនេះហើយបានជានាំឱ្យមានការខ្សឹបខ្សៀវកាន់តែខ្លាំង ពេញចង្កោមអ្នកសិល្បៈថា ក្រោយពេលថតរឿងនេះចប់ ឌីណែត និងរតនា កាន់តែមានទំនាក់ទំនងពិសេសជាមួយគ្នាថែមទៀតជាមិនខាន ព្រោះតែពួកគេយល់ចិត្តគ្នាកាន់តែច្បាស់លាស់ជាងមុន។

តារាចម្រៀងហង្សមាស រូបនេះ និយាយ លាយឡំសំណើចថា “និយាយទៅ ខ្ញុំនិងរតនា គ្មានអីពិសេសជាមួយគ្នាទេ គ្រាន់តែជាមិត្តរួមអាជីពប៉ុណ្ណោះ។ ធម្មតាទេ ការស្និទ្ធស្នាលគ្នា គឺតែងតែមានអីចឹងហើយ នៅពេលដែលយើងមានការសម្តែងរួមគ្នានោះ តែអារម្មណ៍ស្នេហាអី គឺគ្មានតែម្តង។ ដូចខ្ញុំថាអីចឹង ខ្ញុំមិនដឹងថា ហេតុអីបានជាក្រុមហ៊ុនតម្រូវឱ្យយើងទាំង២ចាប់ដៃគ្នានោះដែរ គ្រាន់តែថាយើងមានការសម្តែងជាមួយគ្នាបានល្អ ខ្ញុំពេញចិត្តក្នុងការចាប់ដៃជាមួយរតនា សម្តែងរឿងនេះ តែបើថ្ងៃក្រោយ ហង្សមាស គាត់ឱ្យថតរឿងទី២ ឬយ៉ាងណានោះ យើងមិនទាន់គិតដល់ទេ ហើយខ្ញុំមិនយកអាជីពភាពយន្ត ស្មើនឹងចម្រៀងទេ គឺគ្រាន់តែជាការបន្ទាប់បន្សំប៉ុណ្ណោះ”។

វី ឌីណែត កាលពីឆ្នាំ២០១៦ ច្រៀងមួយកម្មវិធី ស៊ីថ្លៃ១០០០ដុល្លារនោះ ស្រាប់តែនៅឆ្នាំ២០១៧ និង២០១៨នេះ តារាចម្រៀងតូចច្រឡឹងរូបនេះបានឡើងតម្លៃខ្លួន ដូចតារារៀមច្បងរបស់នាងនៅហង្សមាស ដែរ ពោលគឺតាមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានឱ្យដឹងថា សម្រាប់ការច្រៀង Concert ធំៗតាមខេត្ត កូនស្រីលោកហួរ ឡាវី រូបនេះស៊ីថ្លៃដល់ទៅ១៥០០ដុល្លារឯណោះ។

វី ឌីណែត និយាយពីតម្លៃខ្លួននាងថា “សម្រាប់ការច្រៀងតាមខេត្ត គឺខ្ញុំយកអីចឹងមែន គឺ១៥០០ដុល្លារ។ តែនៅភ្នំពេញ គឺពី១០០០ទៅ១២០០ដុល្លារទេ។ និយាយទៅ ឆ្នាំនេះ ខ្ញុំមានក្រុមហ៊ុនផ្សេងៗទាក់ទងច្រើនជាងមុន ហើយហង្សមាស ក៏គាត់មានការងារឱ្យធ្វើច្រើនដែរ ព្រោះគាត់មាន Concert ច្រើនណាស់ អីចឹងហើយខ្ញុំសង្ឃឹមថា នឹងទទួលបានប្រាក់ចំណូលច្រើនជាងឆ្នាំមុន។ ចំពោះការថតភាពយន្តនោះ ខ្ញុំគិតថា នៅពេលដែលរឿងនោះត្រូវដាក់បញ្ចាំងនោះ គឺយើងអាចល្បីថែមមួយកម្រិតទៀត គ្រាន់តែថា យើងជាអ្នកចម្រៀង គឺនៅតែផ្តោតលើចម្រៀងច្រើនជាងអីចឹង!”។

វី ឌីណែត មិនធ្លាប់មានរឿងអាស្រូវស្នេហ៍ឡើយ ដោយតាំងតែពីមុនចូលហង្សមាស នាងត្រូវបានលោកឪពុកនាងជូនទៅមកជានិច្ច ទាំងការច្រៀងនៅប៉ុស្តិ៍និងក្លឹប តែពេលនេះ ឌីណែត ពេញក្រមុំហើយ ទើបលោកហួរ ឡាវី ដែលមានវ័យចាស់ជាងមុននោះ មិនសូវបានជូនកូនទៅមកដូចមុនឡើយ ហើយមុននេះ លោកឡាវី ថា ឌីណែត មិនទាន់មានស្នេហាជាមួយបុរសណាម្នាក់ទេ ព្រោះពេលនេះផ្តោតលើអាជីពចម្រៀងច្រើន ហើយចំពោះរឿងគេល្បីថា កូនស្រីលោកមានទំនាក់ទំនងពិសេសជាមួយនី រតនា នោះ ក៏មិនមែនជាការពិតដែរ ព្រោះពួកគេគ្រាន់តែច្រៀងសម្តែងជាមួយគ្នា តែដូចជាបងប្អូនអីចឹង។

ទស្សនិកជនរង់ចាំមើលថា តើឌីណែត និងរតនា ដែលពេលនេះកាន់តែល្អូកល្អិនគ្នាខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺពិតជាគ្មានអារម្មណ៍ស្នេហ៍ជាមួយគ្នាដូចឌីណែត អះអាងមែនឬយ៉ាងណា ព្រោះកន្លងមក មានគូស្នេហ៍តារាសិល្បៈជាច្រើនដួងមកហើយ ដែលដំបូងប្រកែក តែចុងក្រោយ បែរជាព្រមសារភាពថា ស្រលាញ់គ្នាមែន៕

RELATED ARTICLES