Friday, November 29, 2024
Homeតារាខ្មែរនី មុនីនាថ ពន្យារពេលចូលបំភ្លឺតុលាការ រឿងអតីតគូដណ្តឹងប្តឹងទារជាង១០មុឺនដុល្លារ

នី មុនីនាថ ពន្យារពេលចូលបំភ្លឺតុលាការ រឿងអតីតគូដណ្តឹងប្តឹងទារជាង១០មុឺនដុល្លារ

ភ្នំពេញ ៖ តារា​សម្ដែង​​នី​ មុនីនាថ​ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​ គឺ ​លោក​ រ៉ូ​ ប៊ីន​ណៃ ​ពុំ​បានចូល​​បំភ្លឺ​តាម​ដីកា​កោះ​ របស់លោក​ អ៊ុក​ សុវណ្ណា​រិទ្ធ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាមទារ​ប្រាក់​ជាង១០ម៉ឺន​ដុល្លារ​អាមេរិក​ របស់អតីត​គូ​ដណ្ដឹងឡើយ។

តាមប្រភពព័ត៌មាន បាន​ឱ្យ​ដឹងថា កា​រខកខាន​មិន​ចូល​បំភ្លឺតាមដីកាកោះ​នោះ ដោយសារ​លោក​មេធាវី​ រ៉ូ​ ប៊ីន​ណៃ​ ជាប់​រវល់​នៅ​ខេត្ត ​ពុំ​ទាន់​បាន​សិក្សា​សំណុំរឿង ទើប​លោក​មេធាវី​ស្នើសុំ​ពន្យារពេលចូល​បំភ្លឺទៅរសៀល​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ វិញ​។

​​គួរបញ្ជាក់ថា លោក​អ៊ឹង សូ​ឡាង អតីត​គូ​ដណ្តឹង​តារា​សម្តែង​ នី មុនីនាថ ​បានដាក់​ពាក្យបណ្តឹង​ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង​ទាមទារ​ឱ្យ​កញ្ញានី មុនីនាថ សង​ប្រាក់​ចំនួន៧ម៉ឺន​ដុល្លារ​ និង​ប្រាក់​ជំងឺចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​អ្នក​ទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នារួច លុះពេលធ្លាក់វីសា ត្រូវចេញទៅរស់នៅសហរដ្ឋអាមេរិក បែរជានី មុនីនាថ មិនព្រមទៅ និងសុំផ្តាច់ពាក្យ។​

​តាមពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់ លោក ​អ៊ឹង សូ​ឡាង​ កាលពី​ចុងខែ​កញ្ញា បាន​ឲ្យ​ដឹងពីមូលហេតុ​នៃ​ការទាមទារប្រាក់សំណងដល់ទៅ១២មុឺនដុល្លារ ពីមុនីនាថ ​ ​គឺ​ដោយសារ​ការដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ ពួកគេបានព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។

​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ មុនីនាថ​ បានទាមទារ​បំពាក់​នូវ​គ្រឿងអលង្ការ​ ដូចជា ​ខ្សែ​​ក​ពេជ្រ​, ​ចិញ្ចៀនពេជ្រ ​និង​ក្រវិល​ពេជ្រ​ មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​។ ​ម្យ៉ាងទៀត​ ដោយសារ​ដើមចោទ​ជា​អាណិកជនខ្មែរ ​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យកគូដណ្តឹងទៅ​រស់នៅ​សហរដ្ឋអាមេរិក។

​ប៉ុន្តែ​ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ទទួល​វី​សា​ឱ្យ​ទៅ​អាមេរិក បែរជា​មុនីនាថ មិន​ទៅ ​ថែមទាំង​លុបចោល​ការភ្ជាប់​ពាក្យ ដោយ​លើក​ហេតុផល​គូដណ្តឹង (ដើមចោទ)​ មិនចេះ​ប្រើពាក្យ​ផ្អែមល្ហែម​ជាមួយនាង។​ ​

បន្ទាប់ពីនាងរងការប្តឹងពីអតីតគូដណ្តឹងនោះមក នី មុនីនាថ បានពឹងពាក់អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ជួយរកមេធាវីការពារក្តីឲ្យនាង ហើយអ្នកនាងចន ច័ន្ទលក្ខិណា​ ក៏បានប្រគល់សិទ្ធិជូនលោកមេធាវី រ៉ូប៊ីនណៃ ជាមេធាវីតំណាងដោយអាណត្តិរបស់កញ្ញានី មុនីនាថ ក្នុងការតតាំងក្តីជាមួយអតីតគូដណ្តឹងនាង គឺលោកអុឹង សូឡាង តាមរយៈលិខិតប្រគល់សិទ្ធិរបស់សមាគមសិល្បករខ្មែរ លេខ០៤២សសខ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕

RELATED ARTICLES