តារាចម្រៀងស្រីវ័យក្មេងរបស់ផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា ស្ពឹកមុខខ្លាំងនៅពេលដែលស្ងាត់ៗ ស្រាប់តែមានបុរសម្នាក់ ឈ្មោះឆៃ ណាតូ បានបង្ហោះនៅលើហ្វេសប៊ុក ដោយអួតថា រូបគេបានដេកជាមួយតារាល្បីឈ្មោះ២នាក់ គឺរូបនាង និងលី អ៊ីវ៉ាធីណា នោះ ពេលនេះ អ៊ីវ៉ា បានប្រកាន់ជំហរយ៉ាងដាច់អហង្ការថា ត្រូវតែប្ដឹងបុរសនោះទៅតុលាការតែម្ដង ដើម្បីកុំឲ្យចេះតែហ៊ានពេក។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា អ្នកចម្រៀងវ័យក្មេងរូបនេះ ថ្លែងថា ”ខ្ញុំបាននិយាយជាមួយបងលី អ៊ីវ៉ាធីណា ហើយ គាត់ខឹងអាគាត់ហ្នឹងជាងខ្ញុំទៅទៀត។ បងធីណា ថា ត្រូវតែប្ដឹងវា កុំឲ្យរួចខ្លួនឲ្យសោះ ហើយឥឡូវយើងកំពុងតែរកផ្ទះម្នាក់ហ្នឹងហើយ។ តាមពិតអារម្មណ៍ខ្ញុំផ្ទាល់ ខ្ញុំជាអ្នកសិល្បៈ គឺខ្ញុំមិនចង់មានរឿងអីទេ តែនេះហួសហេតុពេកហើយ គឺជ្រុលតែម្ដង អីចឹងគាត់ហ៊ាននិយាយអីចឹង បើគិតតាមផ្លូវច្បាប់ គាត់ជាប់បទបរិហារកេរ្ដិ៍ដែលអាចជាប់គុក ហើយបង់ពិន័យជាប្រាក់ទៀតផង។ ពេលនេះខ្ញុំបានឲ្យគេធ្វើការហើយ គឺមេធាវីខ្ញុំកំពុងពិនិត្យ និងធ្វើការលើរឿងនេះ ព្រោះបើមិនធ្វើតាមផ្លូវច្បាប់ទេ ថ្ងៃក្រោយគេនឹងហ៊ានធ្វើដាក់យើង និងធ្វើទៅលើតារាផ្សេងៗទៀតជាមិនខាន”។
តាមប្រភពថា បុរសឈ្មោះឆៃ ណាតូ នោះ ច្រើនតែបន្លំខ្លួនទៅតាមឆាកតន្ដ្រី ដើម្បីថតរូបជាមួយតារាស្រីស្អាតៗ ដែលក្នុងនោះ មានរួមទាំងអ៊ីវ៉ា និងលី អ៊ីវ៉ាធីណា ផងដែរ ហើយចុងក្រោយស្រាប់តែរូបគេហ៊ានបង្ហោះថា ធ្លាប់បានគេងជាមួយតារាទាំង២នាក់នេះ ជាសារធារណៈទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងទាំង២ជាខ្លាំង។
អ៊ីវ៉ា បន្ថែមថា ”តាមពិតមុននឹងសម្រេចចិត្តដាក់ពាក្យប្ដឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នោះ ខ្ញុំបានទុកពេលឲ្យគាត់សុំទោសខ្ញុំដែរ គឺឲ្យគាត់បង្ហោះវីដេអូជាសារធារណៈ សុំទោសទៅ ខ្ញុំមិនប្ដឹងផ្ដល់អីទេ។ តែគាត់ឆាត (Chat) មកខ្ញុំសុំទោស ខ្ញុំថាគាត់មិនបានធ្វើអីចឹងទេ គឺមានគេ Hack Account គាត់ គាត់មិនដឹងអីទេ ហើយគាត់ក៏មិនធ្វើវីដេអូសុំទោសខ្ញុំដែរ។ ខ្ញុំចង់ដឹងច្បាស់ គឺខ្ញុំបានឲ្យអ្នកជំនាញ IT គេពិនិត្យមើលឲ្យច្បាស់ គេថាគ្មានអ្នកណាយក Account Hack គាត់ទេ គឺគាត់ធ្វើដោយខ្លួនឯង អីចឹងគាត់មិនចេញវីដេអូ សុំទោស ទើបខ្ញុំថាត្រូវប្ដឹងតែម្ដង។ ប្រុសម្នាក់ហ្នឹងបានជួបខ្ញុំនៅ CTN ក៏សុំខ្ញុំថត ហើយមិនមែនតែខ្ញុំទេ តារាផ្សេងក៏គេធ្ចើអីចឹងដែរ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងដែរនៅពេលដែលគាត់និយាយលើខ្ញុំអីចឹង គាត់ជាមនុស្សរោគចិត្ត អីចឹងទុកឲ្យតុលាការធ្វើការវិញ”៕