Friday, November 29, 2024
Homeតារាខ្មែរសុគន្ធ និសា ​រៀបការជាមួយលោកពៅ សម្បត្ដិ អ្នកជំនួយធំមានភាគហ៊ុននៅ Manulife

សុគន្ធ និសា ​រៀបការជាមួយលោកពៅ សម្បត្ដិ អ្នកជំនួយធំមានភាគហ៊ុននៅ Manulife

នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ភ្លេងការនឹងបន្លឺឡើងយ៉ាងគ្រលួច ដឹកដៃតារាចម្រៀងដ៏ស្រស់ស្អាត កញ្ញាប៊ុន សុគន្ធា ហៅសុគន្ធ និសា លាភាពនៅលីវត្រឹមថ្ងៃទី០១ ខែធ្នូ ធ្នាំ២០១៧ នេះហើយ។ នៅក្នុងធៀបការដែលសុគន្ធ និសា អញ្ជើញភ្ញៀវឲ្យចូលរួមនោះ បានបញ្ជាក់ច្បាស់ថា កូនប្រុសឈ្មោះពៅ សម្បត្តិ រៀបការជាមួយកូនស្រីនាម ប៊ុន សុគន្ធា (សុគន្ធ និសា)។ ចំណែកឪពុកខាងកូនប្រុស ឈ្មោះពៅ សុខា ម្ដាយកូនប្រុស ឈ្មោះ​​នាង ស៊ីផា ហើយឪពុកកូនក្រមុំ ឈ្មោះប៊ូ សុផារ៉ាត់ និងម្ដាយកូនក្រមុំ ឈ្មោះជិន កឹមលីន។ នៅក្នុងធៀបការដ៍ស្រស់ស្អាតនោះ បញ្ជាក់ទៀតថា មង្គលការនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភូគិត្រា។

តាមព័ត៌មានបានឲ្យដឹងថា សុគន្ធ និសា បានហៅភ្ញៀវតែតារាសិល្បៈដែលស្និទ្ធស្នាលជាមួយនាងប៉ុណ្ណោះ គឺមិនជាទូទៅទេ​ដោយហៅច្រើនតែតារាចម្រៀង និងក្រុមការងាររបស់ផលិតកម្មហង្សមាស។ ប៉ុន្តែសុគន្ធ និសា ក៏បានហៅម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ លោកជំទាវសួរ វ៉ាន់នី ផងដែរ ព្រោះនិសា មិនភ្លេចគុណលោកស្រីដែលធ្លាប់ទទួលនាងឲ្យចូលច្រៀងដំបូងនៅផលិតកម្មស្ទឹងសង្កែ នោះឡើយ។

លោកស្រីសួរ វ៉ាន់នី ថែមទាំងធ្លោយមាត់ប្រាប់អ្នកកាសែតទៀតផងថា “ប្ដីសុគន្ធ និសា ជាអាណិកជនខ្មែរ នៅអាមេរិក មានណាស់ គឺជាអ្នកជំនួញធំ ហើយមានភាគហ៊ុននៅក្រុមហ៊ុនធានារ៉ាប់រងមួយ ហើយអ្នកស្រីថា នេះគឺជាសំណាងនិសា ព្រោះកាលនាងនៅច្រៀងដំបូង គឺនៅតែផ្ទះជួលប៉ុណ្ណោះ។

អ្នកសិល្បៈនិងមហាជនជាច្រើនបានចាប់អារម្មណ៍ថា ពេលដែលសុគន្ធ និសា ចែកសំបុត្រការនេះ បែរជាមានឈ្មោះកូនប្រុសដែលជាអនាគតស្វាមីនាងនោះឈ្មោះពៅ សម្បត្តិ ទៅវិញ ខណៈដែលមុននេះសារព័ត៌មានបានផ្សព្វផ្សាយថា ប្ដីនិសា ឈ្មោះលោក ”សាំបា”។ ប៉ុន្ដែចម្ងល់នេះត្រូវបានបញ្ជាក់ដោយអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅអតីតតារាសិល្បៈខ្មែរម្នាក់ រស់នៅរដ្ឋឡូវែល៍ ជាមួយប្ដីសុគន្ធ និសា ហើយត្រូវលោកប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា តាមពិតឈ្មោះពៅ សម្បត្តិ និងលោកសាំបា គឺជាមនុស្សតែ១ទេ គឺនៅអាមេរិក គេហៅលោកសម្បត្តិ ថា លោកសាំបា តែឈ្មោះពិត គឺឈ្មោះពៅ សម្បត្តិ ហ្នឹងហើយ។

តារាជើងចាស់រូបនោះបន្ថែមទៀតថា លោកមិនដឹងថា លោកសាំបា ជាអ្នកមានអទ្រព្យច្រើនប៉ុនណានោះទេ គ្រាន់តែដឹងថា នៅអាមេរិក ប្ដីនិសា មានផ្ទះខ្លួនឯងនៅរដ្ឋឡូវែល៍ នោះ ហើយគាត់មានប្អូនប្រុសម្នាក់ទៀត ឈ្មោះសំបូរ ផងដែរ។

សុគន្ធ និសា បានផ្អាកអាជីពសិល្បៈទាំងស្រុងហើយ នៅមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ធំ នៅមិនដល់១សប្ដាហ៍ទៀតនេះ ហើយក្នុងនោះ ពិធីការិនីណាក់ ស្រីណា រួមទាំងតារាស្រីមួយចំនួនទៀតជាអ្នកកំដរកូនក្រមុំនិសា នេះដែរ។

លោកពៅ សម្បត្តិ ហៅសាំបា

នៅពេលដែលសុគន្ធ និសា កំពុងតែមមាញឹកក្នុងការយកធៀបការហៅភ្ញៀវនោះដែរ អតីតគូដណ្ដឹងរបស់នាង លោកសុខ ជំនោរ ដែលត្រូវចូលរោងការនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ នឹងធ្វើពិធីជប់លៀងធំនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ F នោះ ក៏បានថតឱបប្រពន្ធរបស់ខ្លួន កញ្ញាស្រី សុរង្សី យ៉ាហស្អិតល្មួតដែរ ដើម្បីដាក់តាំងរូបមុខអគារពិធី។

សុគន្ធ និសា និងអ្នកស្រី សួរ វ៉ាន់នី

ប្រភពបានឲ្យដឹងថា សុគន្ធ និសា ដែលត្រូវអនាគតស្វាមីនាង លោកសាំបា ហាមមិនឲ្យទៅចូលរួមមង្គលការសង្សារចាស់ លោកសុខ ជំនោរ នោះ មិនបានហៅធៀបការទៅនិសា ឡើយ ក្រោយទទួលដំណឹងនេះ ហើយនិសា ក៍មិនហៅធៀបការលោកសុខ ជំនោរ ដែរ គឺមិនទៅមិនមកដូចគ្នា។ ការរៀបមង្គលការខុសគ្នា៥ថ្ងៃនេះដែរ នាំឲ្យមហាជនជាច្រើនបានភ្ញាក់ផ្អើលខ្លាំង ចំពោះអតីតគូស្នេហ៍១គូនេះ ដែលពួកគេធ្លាប់រួមរស់ជាមួយគ្នាដល់ទៅ៧ឆ្នាំ តែត្រូវប្រេះឆាត្រឹមឆ្នាំ២០១១នោះថា ទោះជាអស់និស្ស័យស្នេហ៍នឹងគ្នាមែន តែនិសា និងជំនោរ គឺដូចណាត់គ្នាអីចឹង ព្រោះពួកគេចូលរោងការព្រមគ្នាតែម្ដង ហាក់ដូចជាមិនឲ្យចាញ់ឈ្នះគ្នាសោះ។

សុគន្ធ និសា បានភ្ជាប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ ហៅសាំបា ជាង៦ឆ្នាំ ដោយពួកគេបានស្វែងយល់ចិត្តគ្នាច្រើន ទម្រាំឈានដល់ការក្រាបផ្ទឹមនៅពេលនេះ ហើយចំណុចពិសេសដែលនិសា សម្រេចចិត្តជ្រើសរើសលោកសាំបា ធ្វើជាស្វាមីដោយសុខចិត្តចោលតំណែងជំទាវ ព្រោះមានមន្ដ្រីធំៗចាំចម្លើយស្នេហ៍នាងដែរ តែនាងផាត់ចោល នោះព្រោះតែលោកសាំបា ចេះថ្នមចិត្ត និងលើកទឹកចិត្តនាងគ្រប់ពេល និងថែមទាំងចោលការងារនៅអាមេរិក មកតាមនាង ដោយមិនវិលទៅវិញទៀតផង និងចំណុចពិសេសមួយទៀត គឺម្ដាយនិសា អ្នកស្រីជិន គីមលីន បានពេញចិត្តនូវអត្តចរិតរបស់លោកសាំបា ជាខ្លាំងផងដែរ ទើបអាចឈានមករៀបអាពាហ៍ពិពាហ៍ជាចំហនៅពេលនេះបាន។

សុគន្ធនិសា និងគូស្នេហ៍ បានទិញផ្ទះចូលគ្នា១ជុង នៅខណ្ឌឬស្សីកែវ ហើយពួកគេបានរួមរស់ជាមួយគ្នាដូចគ្រូសារតែ១ មុនរៀបការនេះ ដោយថែមទាំងបង្កើតអាជីវកម្មមួយ ក្រៅពីសិល្បៈ គឺបើកហាងគុយទាវខ្ចប់នៅកោះពេជ្រ ចំណែកលោកសាំបា បានធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ដែលលោកមានភាគហ៊ុនធំនៅក្នុងនោះទៀតផង។

ព័ត៌មានបានឲ្យដឹងថា ក្រោយពេលរៀបការហើយ សុគន្ធ និសា ត្រូវប្ដីនៅតែអនុញ្ញាតឲ្យបន្ដអាជីពសិល្បៈដដែល ប៉ុន្ដែត្រូវបន្ថែមមុខជំនួញថ្មី។ ចំណែកការទៅកម្សាន្ដក្រេបច័ន្ទទឹកឃ្មុំ (HoneyMoon) នោះ គឺនិសា ចង់ទៅដើរលេងនៅកោះម៉ាល់ឌីវ ចំណែកស្វាមីនាងចង់ទៅជប់លៀង និងកាត់ចំណងដៃនៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ហើយពួកគេមានគម្រោងយកកូនភ្លាមៗផងដែរ៕

RELATED ARTICLES