Friday, November 29, 2024
Homeតារាខ្មែរជុំ លីណូ និងឳពុកមា ស្នើតុលាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ខណៈជនល្មើសនៅមានសេរីភាព មិនខ្លាចទោសទណ្ឌ

ជុំ លីណូ និងឳពុកមា ស្នើតុលាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ខណៈជនល្មើសនៅមានសេរីភាព មិនខ្លាចទោសទណ្ឌ

ជុំ លីណូ ទទូចឲ្យតុលាការអនុវត្តសាលក្រម ចាប់ទណ្ឌិត ភុំ មុនីរ័ត្ន ទីប្រឹក្សាសម្ដេចហេង សំរិន ដាក់គុក ក្រោយពេលសាលក្រមតុលាការរបស់សាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរ ដោយបានកាត់ក្ដីឲ្យទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃ ក្នុងសំណុំរឿង​ប្រើអំពើហិង្សា លើអនីតិជន ដោយតុលាការបានកាត់ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ និងបង់ជំងឺចិត្ត ចំនួន១២លានរៀល កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ប៉ុន្តែទណ្ឌិតរូបនេះ​ នៅតែមានសេរីភាពធម្មតា មិនត្រូវបានតុលាការអនុវត្តតាមច្បាប់នោះ ជាថ្មីម្ដងទៀតដើមបណ្ដឹង គឺលោកជុំ លីណូ បានទទូចស្នើដល់តុលាការ មេត្តាអនុវត្តតាមច្បាប់ឲ្យមានប្រសិទ្ធភាព ជាទីបំផុត ខណៈដែលការកាត់ក្ដីនេះ មានតែនៅលើក្រដាស ប៉ុន្តែទណ្ឌិតនៅតែមានសេរីភាព​ដដែល ពោលគឺហាក់ពុំមានទោសទណ្ឌអ្វីបន្តិចសោះ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ លោកជុំ លីណូ និងលោកមាស ឡេង ដែលត្រូវជាពូបង្កើតបានថ្លែងទាំងហួសចិត្តដូចគ្នាថា “ទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន មិនត្រឹមតែសេរីភាពដើរហើរតាមអំពើចិត្តនោះទេ ថែមទាំងបានដាក់ពាក្យប្ដឹងបកមករូបលោកវិញ ទៅកាន់សាលាឧទ្ធរណ៍ទៀតផង ហើយតុលាការសាលាឧទ្ធរណ៍ នឹងកោះហៅរូបលោកឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ”។

​ឪពុកមារបស់តារាចម្រៀង ជុំ លីណូ គឺលោកមាស ឡេង បានថ្លែងឲ្យដឹងថា “​ជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោក ដែលបានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការ​បានចេញសាលក្រមកំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះ ជនល្មើសនៅតែមានសេរីភាពដដែល។ លោក​បានបង្ហាញអារម្មណ៍ខកចិត្ត និងស្នើដោយផ្ទាល់ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគារ ដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ”។

កូនស្រីលោកមាស ឡេង រងទារុណកម្មពីឳពុកចុង ភុំ មុនីរ័ត្ន

លោកបន្តថា “ឈ្មោះ ភុំ មុនីរ័ត្ន បានប្រើអំពើហឹង្សា​ក្នុងនាមជាឪពុកចុង លើកូនច្បងរបស់​​លោក បង្កឲ្យនាងមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ព្រមជាមួយនឹងគំរាមកំហែង​យ៉ាងព្រៃផ្សៃ ទើប​លោកសម្រេចទៅយកកូនស្រីទាំង២​ ឲ្យមករស់នៅជាមួយខ្លួនវិញ ប៉ុន្តែបែរជាត្រូវឈ្មោះ ភុំ មុនីរ័ត្ន ប្រើអំណាចជាទីប្រឹក្សាសម្ដេច ហេង សំរិន ដាក់បណ្ដឹងឲ្យចាប់រូបលោក និងចោទពីបទចាប់ជំរិតកូនស្រីរបស់ខ្លួនឯង ទាំងទទឹងទិសទៅវិញ។ លោកសម្ដែងការសោកស្ដាយ ដែលយុត្តិធម៌នៅ​តែមើលមិនឃើញពន្លឺ ហើយសាលាឧទ្ធរណ៍ នឹងប្រកាសលទ្ធផលជាថ្មីនៅថ្ងៃទី២៧ ខែវិច្ឆិកា តបតាមការតវ៉ាដោយមិនញញើតច្បាប់របស់ឈ្មោះ ភុំ មុនីរ័ត្ន។

ដោយឡែក លោកជុំ លីណូ បានឲ្យដឹងថា “ឈ្មោះ ភុំ មុនីរ័ត្ន ភេទប្រុស ដែលកាលពីមុន គឺជាព្រះសង្ឃល្បីឈ្មោះមួយ និងត្រូវគេស្គាល់ថា ជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បន្តស្ថិតនៅក្រៅឃុំ ក្រោយពីខាងតុលាការកាត់ទោសឲ្យជាប់ទោស២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាលើអនីតិជន ដែលជនរងគ្រោះត្រូវប្អូនស្រីជីដូនមួយរបស់លោក ហើយមិនត្រូវបានចាប់ខ្លួន ក្រោយសាលក្រមប្រកាសចេញ តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។

បុគ្គលឈ្មោះ ភុំ មុនីរ័ត្ន បានទាក់ទងជាមួយ​អតីតភរិយារបស់លោក មាស ឡេង ដែលជាពូបង្កើតរបស់លោក តាំងពីនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ទំនងស្នេហានោះ កាន់តែស្អិតល្មួតដោយចំហរ ក៏បង្កឲ្យឪពុកមារ និងម្ដាយមីងថ្លៃរបស់លោកជុំ លីណូ លះលែងគ្នា ហើយម្ដាយមីងថ្លៃរបស់លោក ក៏រួមរស់ជាមួយឈ្មោះ ភុំ មុនីរ័ត្ន ក្រោយសឹកពីបួស ដោយម្ដាយមីងថ្លៃរបស់លោក ក៏បានយកកូនស្រី២នាក់ ទៅរស់នៅជាមួយផង។ ​ចាប់តាំងពីពេលនោះមក ក៏មានការប្ដឹងដាក់គ្នាទៅវិញទៅមក​ បានកើតឡើងរវាងឈ្មោះ ភុំ មុនីរ័ត្ន ​និងលោកមាស ឡេង ​តាំងពីឆ្នាំ២០១៥ ដោយខាងតុលាការទើបតែបានកាត់ក្ដីឲ្យលោក មាស ឡេង ​ឈ្នះក្ដី កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧ តែឈ្មោះ ភុំ មុនីរ័ត្ន នៅតែស្ថិតនៅក្រៅឃុំ និងមិនមានការបង់ជំងឺចិត្តឲ្យគ្រួសារលោក មាស ឡេង តាមកាលកំណត់ចំនួន១២លានរៀល បូកនឹងប្រាក់ពិន័យ៤លានរៀល ដូចការប្រកាសរបស់សាលក្រមឡើយ។

លោក មាស ឡេង ជាឪពុកមាបង្កើតរបស់លោកជុំ លីណូ បញ្ជាក់ថា “មកទល់ពេលនេះ កូនស្រីរបស់លោកដែលរងហិង្សាយ៉ាងដំណំ ក្នុងពេលដែលនាងរស់នៅជាមួយភរិយា និងស្វាមីក្រោយ មានវ័យ១៤ឆ្នាំហើយ បន្ទាប់ពីនាងបានរងហិង្សា តាំងពីអាយុ១២ឆ្នាំ។​ យ៉ាងណាមិញ លោកនិងជុំ លីណូ នៅតែជឿជាក់ថា តុលាការមិនអាចកែប្រែលទ្ធផលសាលក្រម ដែលបានប្រកាសឡើង ហើយធ្វើឲ្យលោក និងគ្រួសារអស់ជំនឿលើភាពយុត្តិធម៌នោះទេ ដោយលោករំពឹងថា ការប្រកាសខ្លឹមសារជាថ្មី នៅថ្ងៃទី២៧ ខែវិច្ឆិកា នឹងដាក់បន្ទុកលើឈ្មោះ ភុំ មុនីរ័ត្ន ហើយចាប់ខ្លួនបុគ្គលនេះ ឲ្យជាប់ពន្ធនាគារតាមច្បាប់នោះផង។ ​ឈ្មោះ ភុំ មុនីរ័ត្ន គឺជាជនព្រៃផ្សៃចំពោះកូនស្រី​របស់លោក ដោយមិនដូចជាការអះអាងថា ដែលថាលោកអតីតព្រះសង្ឃ​ ដែលមានការបួសរៀនជ្រៅជ្រះ ហើយជា​មនុស្សធម៌អារ្យនោះទេ។ លើសពីនេះ​ឈ្មោះ ភុំ មុនីរ័ត្ន មិនត្រឹមតែមិនមានការចាប់ខ្លួនឲ្យជាប់ឃុំតាមការសាលក្រមនោះទេ គឺថែមទាំងបានប្រើអំណាចប្ដឹងទៅសាលាឧទ្ធរណ៍ ហើយខាងសាលាឧទ្ធរណ៍ នឹងប្រកាសក្ដីជាថ្មីនៅពេលខាងមុខ ដែល​មិនដឹងថា តើនឹងនៅរក្សាខ្លឹមសារកាត់ក្ដីចាស់ ឬត្រូវប្រែប្រួលនោះទេ៕

ជនស្មើស​ ភុំ មុនីរ័ត្ន
RELATED ARTICLES