ខណៈដែលអាជីពចម្រៀងកំពុងតែស្ទុះឡើង ហើយរំពឹងថា នឹងអាចក្លាយជាតារាចម្រៀងលំដាប់ជួរមុខនៅទ្រនំសាន់ដេ ផងនោះ លោកសុខ មេសា ហៅនាយចឺម បានសម្រេចចិត្តផ្អាកអាជីពកំប្លែងដោយគ្មានពេលកំណត់ ខណៈដែលលោកតាវ៉ិចទ័រ ក៏សម្រេចឲ្យលោកផ្អាកផងដែរ ព្រោះខ្លាចទស្សនិកជនសាំ ដែលត្រូវកំប្លែងផង ច្រៀងផង ដោយទុកឲ្យលោកពង្រឹងតែអាជីពចម្រៀងនៅសាន់ដេ តែប៉ុណ្ណោះ។
មុននេះបន្តិចមានដំណឹងថា នាយចឺម ត្រូវបានកាច់កុងដោយសមាជិករួមក្រុម ក្រោយពីទីផ្សារចម្រៀងរបស់លោកឈានឡើង ហើយដោយសារតែលោកតាវ៉ិចទ័រ មិនចង់ឲ្យមានបញ្ហាកើតឡើង ទើបសម្រេចផ្អាកអាជីពកំប្លែងមួយរយៈ។
យ៉ាងណា កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នាយចឺម បានធ្វើពិធីសុំទោសចំពោះលោកតាវ៉ិចទ័រ ក្រោយទទួលសំណេរប្រាប់ឲ្យលោកឈប់សម្ដែងកំប្លែងក្នុងក្រុម ដោយលោកបានលើកមួយគ្រួសារមកពីខេត្តកំពង់ស្ពឺ ដើម្បីសុំទោសលោកតាដែលជាឪពុកទី២នោះផង។
នាយចឺម ថ្លែងឲ្យដឹងថា លោកមិនបានដឹងខ្លួនមានកំហុសឬគ្មានកំហុសនោះទេ ប៉ុន្តែក្រោយការទទួលសាររបស់លោកវ៉ិចទរ័រ ឲ្យលោកផ្អាកកំប្លែង លោកក៏បានគិតភ្លាមថា ត្រូវតែធ្វើពិធីសុំទោសលោកតា ដោយបានដឹកនាំបងប្អូនយកកាដូ និងថវិកាមួយចំនួនមកជូនលោកតាវ៉ិចទ័រ ដល់ផ្ទះ នៅបុរីពិភពឫស្សីកែវ ដោយបានទាំងធ្វើឲ្យលោកតាវ៉ិចទ័រ រំភើបចិត្តចង់ស្រក់ទឹកភ្នែក។
លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ អ្នកដឹកនាំក្រុមកំប្លែង CBS របស់ CTN បានអះអាងថា “លោកពិតជាសម្រេចផ្អាកតារាកំប្លែងនាយចឺម ឲ្យសម្ដែងក្នុងក្រុមដែលលោកដឹកនាំប្រាកដមែនដោយសារតែលោកយល់ថា នាយចឺម កាន់តែមានសន្ទុះល្អ ក្នុងនាមជាតារាចមៀងយុវវ័យនៅក្នុងផលិតកម្មសាន់ដេ ហើយមិនសមនឹងមកកំប្លែងធ្វើឆ្កួត ធ្វើជា ក្នុងក្រុមដូចមុន។
លោកថាកាលពីមុន នាយចឺម គឺគ្រាន់តែជាតារាកំប្លែងប៉ុណ្ណោះ ប៉ុន្តែពេលនេះលោកជាតារាចម្រៀងមួយរូបដែលមានអ្នកគាំទ្រមិនចាញ់តារាល្បីឈ្មោះមួយចំនួននោះទេ ទើបលោកយល់ថា បើនៅតែបន្តឲ្យនាយចឺម សម្ដែងកំប្លែងក្នុងក្រុមបន្តទៀត គឺមិនខុសពីទាញទម្លាក់របស់គេឲ្យមានការបាក់ស្រុតទៅវិញ។
លោកថា ហេតុផលដែលលោកសម្រេចផ្អាកការងាររបស់នាយចឺម គឺមិនមែនជារឿងអន់ចិត្ត ឬចង់ឲ្យលោកបាត់បង់ការងារដែលធ្លាប់បំពេញនោះទេ ប៉ុន្តែគោលដៅសំខាន់ គឺចង់ឲ្យគេមានទីផ្សារឈានឡើង ក្នុងនាមជាតារាចម្រៀងយុវវ័យឲ្យបានល្អប្រសើរទៅវិញ។ ម្យ៉ាងទៀតប្រសិនបើនាយចឺម ចាប់អាជីពចម្រៀងផងសម្ដែងកំប្លែង ធ្វើឆ្កួត ធ្វើជា ចេញមុខរាល់ចុងសប្តាហ៍ផង ទីផ្សាររបស់គេនឹងឆាប់សុាំជាពុំខាន។
លោកបានទាំងលើកសរសើរថា “នាយចឺម គឺជាក្មេងល្អ ចេះស្គាល់ទាបខ្ពស់ និងចេះដឹងគុណ ដោយមិនភ្លេចកំណើតដើមនោះផង”។ លោកថាហេតុផលដកចេញ នៅតែស្ថិតនៅក្នុងយុទ្ធសាស្រ្តដែលលោកចង់ឲ្យនាយចឺម មានការចាប់អារម្មណ៍ជាងមុន ហើយកុំឲ្យប៉ះពាល់ការងារជាតារាចម្រៀងរបស់គេ ដែលកាន់តែមានការឈានឡើង។
នាយចឺម បានអះអាងថា ”លោកនិងតាមលោកតាវ៉ិចទ័រ គ្រប់ជ្រុង បើលោកសម្រេចឲ្យខ្លួនចូលសម្ដែងវិញជាធម្មតាពេលណា គឺលោកនឹងទទួល ត្បិតថា លោកតាវ៉ិចទ័រ បានឲ្យលោកផ្អាកនាពេលនេះក្ដី។ ពោលគឺលោកនៅតែស្រលាញ់អាជីពកំប្លែង៕