ភ្នំពេញ៖ ជនប្រដាប់អាវុធ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពបាញ់៣គ្រាប់ ប្លន់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្តដា តាមបណ្តោយផ្លូវ១៤៦ នៅចំណុចផ្ទះលេខ146A ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
សាក្សីដែលឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះធៀម រិទ្ឋិឌិការ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនជប៉ុនមួយកន្លែង ស្នាក់នៅបុរីភូមិសែនសុខ ខណ្ឌសែនសុខ មុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅចូលរួមកម្មពិធីជប់លៀងនៅផ្ទះមិត្តភ័ក្រ ផ្ទះលេខ125A ផ្លូវ១៤៦ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក ។ លុះពេលផឹកស៊ីរួចរាល់ហើយគាត់ចេញត្រឡប់ទៅផ្ទះវិញដោយជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AD7483 ដែលចតទុកនៅផ្ទះ កើតហេតុខាងលើ ប៉ុន្តែពេលចេញត្រឡប់ទៅផ្ទះវិញនោះត្រូវបានម្ចាស់កម្មពិធីបានជួនដំណើរដល់រថយន្ត ខណៈពេលដែលជនរងគ្រោះកំពុងតែចាក់សោរថយន្តរួចហើយបម្រុង បើកទ្វាររថយន្តក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស មិនចាំស្លាកលេខប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបានជិះទៅជិតហើយធ្វើសកម្មភាពភ្ជង់ប្លន់ស្ត្រីរងគ្រោះយកកាបូបលុយបានសម្រេចហើយជនសង្ស័យជិះម៉ូតូចេញទៅបានបន្តិចជនរងគ្រោះស្រែកថាចោរៗ ត្រូវជនសង្ស័យដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ជាប់គ្នាបណ្តាលអោយស្រ្តីរងគ្រោះត្រូវរបួសចំក្បាលនឹងស្មារងរបួសធ្ងន់ រីឯជនសង្ស័យគេចខ្លួនបាត់ដយោយសុវត្ថិភាព ចំនែកឯម្ចាស់កម្មពិធីវិញឃើញបែបនេះភ័យស្លន់ស្លោពេករត់ចូលក្នុងផ្ទះបាត់ ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានបញ្ចូន់យកទៅព្យាបាលនៅគ្លីនិកវណ្ណលីដា តែដោយសារភាពធ្ងន់ធ្ងរពេកក៏បញ្ចូន់បន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ឥន សាន់ស៊ីដេត