ថ្លែងក្នុងជំនួបផ្ទាល់ជាមួយតារាកំប្លែងជើងចាស់ កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយក្រឹម ដែលប្រពន្ធទី២ អ្នកនាងគង់ ចាន់ស៊ីណា ហៅនាងព្រលឹត ទើបសម្រាលកូនស្រីភ្លោះនោះ បាននិយាយបែបលេងបន្លំមែនអីចឹងថា លោកបានកូនភ្លោះហ្នឹង គឺដូចជាជួយបណ្តុះបណ្តាលធនធានមនុស្សអីចឹង គឺគ្មានរឿងអ្វីជាទោមនស្សឡើយ តែលោកគ្មានគម្រោងរៀបការជាមួយនាងព្រលឹត ទេ។
លោកអ៊ូ ប៊ុណ្ណារ៉ាត់ បានឱ្យដឹងលាយឡំនឹងសំណើចថា “ហ្នឹងហើយ គឺដូចជួយបណ្តុះបណ្តាល ធនធានមនុស្សអីចឹង។ ជាការពិត កូនស្រីខ្ញុំស្រលាញ់ តែប្រុសក៏ខ្ញុំស្រលាញ់ដែរ ហើយបើថា មានហើយចង់យកចេញអី គឺអត់មានទេ ព្រោះបើយកកូនចេញម៉េចបណ្តុះបណ្តាលធនធានមនុស្ស ម៉េចទៅ? ប៉ុន្តែការប៉ងរបស់យើងចង់បានកូនស្រី គឺពេលនេះបានមែន អាហ្នឹងជាការត្រេកអរ របស់ខ្ញុំ។ ភរិយាមុនខ្ញុំមានកូន៤នាក់ (ស្រី១)។ ស្រីលាភ គ្នាគ្មានបំណងអីចង់ទាមទារខ្ញុំរៀបការ អីទេ គឺសុំតែសុខទេ ព្រោះអ្វីដែលយើងធ្វើនេះ គឺគ្មានគម្រោងគិតដល់រឿងហ្នឹងទេ។ នេះគឺជារឿង ចៃដន្យទាំងអស់គ្នា មិនមែនថា ខ្ញុំបានថ្មីចោលចាស់ទេ មិនបានស្វាយណាយក្រូចទេ គឺខាងណាក៏ល្អដូចគ្នាដែរ តែធ្វើម៉េចឱ្យចិត្តគាត់ត្រជាក់ ព្រោះពេលនេះអង្ករក្លាយទៅជាបាយហើយ បើយើងនៅតែក្តៅទៀត គឺវានៅតែដដែល។ ភរិយាខ្ញុំធ្លាប់មានបញ្ហាជាមួយស្រីលាភ គំរាមអីច្រើន ដង ញយដងណាស់ អីចឹងហើយបានថាអ្វីដែលគាត់ធ្វើនោះ គឺមានការខុសឆ្គងខ្ លះព្រោះបើគិតពីសិទ្ធិមនុស្សវិញ គឺសម័យមុនយើងអាចធ្វើបាន តែសម័យនេះមិនអាចធ្វើបានទេ គឺត្រូវការច្បាប់។ នៅពេលដែលស្រីលាភ សម្រាកពីការងារសិល្បៈនេះ គឺយើងសល់លុយពីការមកទុកអីចឹង គ្មានបញ្ហាទេមិនមែនរកបានមកចាយវាយម៉ាគែៗទេ គឺយើងត្រៀម មិនដូចអ្នកខ្លះបង្ហោះដាក់ខ្ញុំថា ត្រៀមលុយ៥០០០ដុល្លារសម្រាប់កើតកូន។ អ្នកណាកើតកូន៤ទៅ៥ពាន់ដុល្លារកើតកូនហ្នឹង? ស្រីលាភ វះសម្រាលកូនភ្លោះអីចឹងគ្នាសម្រាកឱ្យសុខភាពស្រួលបន្តិច ទើបវិលចូលសិល្បៈវិញ”។
ភរិយាទី២នាយក្រឹម អ្នកនាងព្រលឹត បានសម្រាលកូនភ្លោះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ២០១៧ នៅមន្ទីរពេទ្យសម្ភពវិចិត្រ នាំឱ្យមហាជនជាច្រើនបានភ្ញាក់ផ្អើលខ្លាំងថា នៅពេលនេះ នាយក្រឹម បានបន្សល់ចំណងដៃស្នេហ៍ជាមួយនាងព្រលឹត កូនភ្លោះបានសម្រេចហើយ ស្របពេលដែលមុននេះ អ្នកស្រីវង់ ឡុងមុនី្ន បានវាយប្រហារនាងព្រលឹត ថា ដណ្តើមប្តីគាត់ ដោយអ្នកស្រីថែម ទាំងប្តឹងនាងព្រលឹត និងនាយក្រឹម ឡើងតុលាការទៀតផង។ ចំណែកកូនប្រុសនាយក្រឹម ដែលជា វិចិត្រករនោះ ឈ្មោះអ៊ូ ដានីញ៉ែល ហៅឆាអូស (Chaos) នោះបានបញ្ចោញសារដោយតូចចិត្ត មុនប្រពន្ធទី២ ឪពុករបស់គេសម្រាលកូនភ្លោះនោះ ដោយឆាអូស សម្តែងការអាណិតអាសូរដល់ម្តាយគេខ្លាំង ព្រោះថាឪពុកតាំងពីបានថ្មីមក មិនគិតគូរដល់រូបគេដែលមានជំងឺ និងម្តាយគេ ដែលរងទឹកភ្នែកឡើយ។
នាយក្រឹម និយាយបណ្តើរ ជក់បារីបណ្តើរ ហាក់គ្មានទុក្ខព្រួយសោះនោះថា “អូ! គ្មានរឿងប្តឹងផ្តល់អីទេ! ខ្ញុំនៅតែចេញចូលផ្ទះដើមអីចឹង។ ប៉ុន្តែធម្មតាទេ បើគាត់ធ្វើក្តៅពេក ខ្ញុំមានតែចេញ មកក្រៅសិនទៅ។ ខ្ញុំមិនចោលមួយណាទេ! ទៅមកៗ ហើយខ្ញុំសូមជម្រាបថា ផ្ទះប្រពន្ធខ្ញុំ (ប្រពន្ធ ទី១) គ្រាន់តែចំណាយលើភ្លើងក្នុង១ខែ ១លាន ៦០ម៉ឺនរៀល ព្រោះគ្រាន់តែម៉ាស៊ីនត្រជាក់៦ បើកត្រជាក់គ្រប់បន្ទប់ទាំងអស់ តែគាត់អត់ធ្វើអីទេ។ ខ្ញុំអ្នករ៉ាប់រងទាំងអស់ រាល់ខែគឺមិនក្រោម ១ពាន់ដុល្លារទេ ហើយថាខ្ញុំមិនគិតដល់ផ្ទះយ៉ាងម៉េចទៅ? ចំពោះកូនប្រុសខ្ញុំដែលមានជំងឺហ្នឹង សរសេរថា មកហាក់ទម្លាក់កំហុសលើខ្ញុំទាំងស្រុង ឱ្យគេយល់ច្រឡំលើខ្ញុំ ឥឡូវឮថា គិតសរសេអី ណាទៀតហើយ។ ខ្ញុំប្រាប់អ្នកសារព័ត៌មានថា កូនខ្ញុំ (ឆាអូស) ហ្នឹង គេមានសញ្ជាតិអាមេរិក តែពីមុនរៀននៅណតប៊្រីដ (Northbridge) ហើយតាំងពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២នោះ ខ្ញុំចំណាយទាំងស្រុងលើកូនប្រុសហ្នឹងអស់១២ម៉ឺនដុល្លារ និងព្យាបាលកូននៅថៃ អស់១ម៉ឺន ៩ពាន់ដុល្លារ ហើយខ្ញុំមានវិក្កយបត្រហ្នឹងនៅទាំងអស់។ អីចឹងអ្នកខ្លះថា យើងមិនគិតដល់កូនយ៉ាងម៉េចទៅ បើរៀនសាលាល្អៗអីចឹង?”។
លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ថ្លែងទៀតថា លោកគ្មានការបារម្ភចំពោះការរកប្រាក់តែម្នាក់ឯង មកផ្គត់ផ្គង់ជីវភាពគ្រួសារដល់ទៅ២ ពិសេសគឺនៅពេលដែលនាងព្រលឹត ត្រូវសម្រាកពីសិល្បៈនោះទេ ព្រោះពេលនេះថ្វីត្បិតតែមានក្រុមកំប្លែងច្រើនមែន តែប្រាក់ចំណូលលោកប្រ-ចាំខែ គឺនៅរក្សាបានដូចមុន ដោយក្នុង១ខែ លោកអាចរកប្រាក់បានពីចន្លោះ៣ទៅ៤ពាន់ដុល្លារដែរ ហើយលោកថា ទោះជាមានក្រុមកំប្លែងថ្មីចេញមកល្បីយ៉ាងណា ក៏មិនមែនមនុស្ស១៦លាននាក់ គេមើលតែម្នាក់ដែរ អីចឹងលោកគ្មានប្រឈម ឬការប៉ះទីផ្សារធ្លាក់ចុះឡើយ។
បើទោះជានាយក្រឹម ថា លោកជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ក្រោយនាងព្រលឹត សម្រាលកូនភ្លោះដោយវះកាត់ក៏ដោយ តែតារាកំប្លែងជើងចាស់រូបនេះ ហាក់នៅស្ទាក់ស្ទើរក្នុងចិត្ត ក្នុងការយកកូនថែមទៀត ហើយលោកជឿថា មិនយូរទេ ភរិយាដើមលោក អ្នកស្រីវង់ ឡុងមុន្នី នឹងត្រជាក់ចិត្តឡើងវិញជាមិនខាន ព្រោះថារឿងលោកស្រីលាភ គឺជារឿងជ្រុលជ្រួសដោយចៃដន្យប៉ុណ្ណោះ៕