Friday, April 26, 2024
Homeតារាខ្មែរដួង វីរៈសិទ្ធ ផ្តល់សម្ភារៈសិក្សាដល់សិស្សចំនួន១៥០នាក់ ក្រោយវិលពីសម្តែងនៅអាមេរិក ២ខែ

ដួង វីរៈសិទ្ធ ផ្តល់សម្ភារៈសិក្សាដល់សិស្សចំនួន១៥០នាក់ ក្រោយវិលពីសម្តែងនៅអាមេរិក ២ខែ

តារាចម្រៀងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក “I Am A Singer Cambodia” លោកដួង វីរៈសិទ្ធ ដែលវិលត្រឡប់មកពីច្រៀងនៅសហរដ្ឋអាមេរិក វិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នោះ បាននាំយកសម្ភារៈសិក្សាជាច្រើនទៅចែកដល់ប្អូនៗសិស្សសាលាដូង ស្ថិតក្នុងរាជធានីភ្នំពេញ ចំនួន១៥០នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ធ្វើឲ្យយុវសិស្សានុសិស្សទាំងអស់នៅទីនោះ សម្ដែងនូវការស្រលាញ់ និងគាំទ្រតារាចម្រៀងរូបសង្ហារូបនេះជាខ្លាំង នៅពេលដែលបានជួប និងទទួលអំណោយពីតារាចម្រៀងវ័យក្មេងរូបនេះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា តារាចម្រៀងដួង វីរៈសិទ្ធ ឈ្មោះពិត ម៉ម វាសនា និយាយដោយរីករាយថា “រូបគេពិតជាមានការសប្បាយចិត្តណាស់ ដែលបានផ្ដល់ស្នាមញញឹមដល់ប្អូនៗនៅសាលាដូង នោះហើយ គឺជាបំណងប្រាថ្នាតាំងពីយូរមកហើយ ដែលគេចង់ធ្វើកម្មវិធីសប្បុរសធម៌ដល់កុមារ ដែលគ្នាមានជីវភាពខ្វះខាតខ្លាំងនោះ។

ដួង វីរៈសិទ្ធ ថ្លែងថា ”ខ្ញុំបានចេញទៅច្រៀងសម្ដែងនៅអាមេរិក រយៈពេល២ខែ តាមរយៈអង្គការ “Ice Care” ដែលគេលក់សំបុត្របានយកទៅជួយកុមារកំព្រានៅស្រុកខ្មែរហើយគាត់បានជ្រើសយកសាលាដូង ដែលឃើញប្អូនៗសិស្សសាលានៅទីនោះ មានបញ្ហាជីវភាពពិបាកខ្លាំង បានយកសំបកកំប៉ុង និងសំរាមមកកែច្នៃធ្វើសម្ភារៈសិក្សា។ ខ្ញុំនិងអង្គការ “Ice Care” បាននាំយកសម្ភារៈសិក្សាចែកជូន ប្អូនៗ មានដូចជា សៀវភៅ ប៊ិច ក្ដារ កាបូប នំ ជាដើម ដើម្បីផ្ដល់ឲ្យប្អូនៗមានភាពរីករាយ និងស្នាមញញឹមជាមួយគ្នា។ ការដែលខ្ញុំទៅច្រៀងនៅអាមេរិក ២ខែកន្លះនេះ ខ្ញុំបានជោគជ័យច្រើន គឺមានបងប្អូនគាំទ្រច្រើន អីចឹងខ្ញុំក៏បានថវិកាផ្ទាល់ខ្លួនខ្លះដែរ។ តែចំណុចសំខាន់ ខ្ញុំចង់ទៅច្រៀងនៅក្រៅប្រទេសនោះ គឺដើម្បីយកថវិកាមកជួយដល់ប្អូនៗ តាមរយៈអង្គការ “Ice Care” នេះហើយ ក្រៅពីសាលាដូង គឺយើងមានទិសដៅជួយដល់សាលាផ្សេងៗទៀត ដែលសិស្សានុសិស្សកំពុងតែជួបការលំបាកខ្វះខាតសម្ភារៈសិក្សានោះ គឺយើងនឹងជួយទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន។ ក្រៅពីសាលាដូង កន្លងមក ខ្ញុំបានជួយតាមកម្មវិធីសប្បុរសធម៌ជាច្រើនដែរមកហើយ។ ខ្ញុំធ្លាប់ពិបាកអីចឹង ខ្ញុំដឹងច្បាស់ពីសុខទុក្ខរបស់កុមារដែលអត់ ហើយខ្ញុំមិនចង់ឲ្យគាត់ដើរផ្លូវខុសទេ គឺខ្ញុំចង់ឃើញគាត់បញ្ចេញស្នាមញញឹម”។

ដួង វីរៈសិទ្ធ បានហោះទៅអាមេរិក កាលពីថ្ងៃទី២៩ ខែសីហា តាមរយៈម្ចាស់ Sponsor អង្គការ “Ice Care” ហើយតារាវ័យក្មេងរូបនេះច្រៀងបាន១៥រដ្ឋ និងសម្ដែងបាន១៩Showផងដែរ។ វីរៈសិទ្ធ ដែលត្រឡប់មកដល់ស្រុកវិញ ពេលនេះកំពុងតែប្រឹងសម្រុកបុកធ្វើបទចម្រៀងឡើងវិញ ដើម្បីពង្រឹងទីផ្សារថែមទៀត ខណៈដែលមាន Sponsor ប្រទេសអូស្រ្ដាលី និងបារាំង ក៏បានទាក់ទងរូបគេទៅសម្ដែងផងដែរ។

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលអាចនិពន្ធបទភ្លេងបានដោយខ្លួនឯងរូបនេះ បន្ថែមថា ”ខ្ញុំចាប់ផ្ដើមធ្វើចម្រៀងឡើងវិញនាពេលនេះ ហើយមានក្រុមហ៊ុនមួយចំនួនក៏បានទាក់ទងហៅខ្ញុំច្រៀងច្រើនគួរសមដែរ នៅរដូវក្ដៅនេះ ទាំងការច្រៀងការ និងកម្មវិធីសម្ភោធផ្សេងៗទៀត។ ទៅអាមេរិក លើកនេះ ខ្ញុំសម្ដែងបាន ១៩Show នោះ គឺមានបងប្អូនគាំទ្រច្រើនគ្រប់រដ្ឋ ព្រោះគាត់ដឹងថា យើងទៅច្រៀងរកថវិកាជួយដល់កុមារខ្មែរ ដែរ ហើយពេលនេះមានខាងអូស្រ្ដាលី និងបារាំង គាត់ទាក់ទងមកដែរ តែខ្ញុំចង់ធ្វើបទចម្រៀងថ្មីៗសិន ព្រោះខ្ញុំចេញទៅជាង២ខែហ្នឹង អត់បានធ្វើបទថ្មីទេ។ បទដែលខ្ញុំមានការសំណូមពរពីបងប្អូនខ្មែរ នៅអាមេរិក ឲ្យខ្ញុំច្រៀងនោះ មានដូចជាបទ ”ស្ទឹងសែនប៉ារីស”, ”ប្រយោគស្នេហ៍” និងបទ ”សង្ឃឹមថាអូនជាមនុស្សល្អ” និងបទពីដើមៗជាដច្រើនទៀត”។

តាមព័ត៌មានថា ដួង វីរៈសិទ្ធ ដែលមានទឹកដមសំឡេងផ្អែមស្រទន់រូបនេះ បានឆក់បេះដូងក្រមុំអាណិកជនខ្មែរ នៅអាមេរិក ជាច្រើន ដោយស្រីស្អាតថែមទាំងចង់ឃាត់វីរៈសិទ្ធ ឲ្យបន្ដរស់នៅអាមេរិក ទៀតផង។

តារាចម្រៀងអាយុ២៣ឆ្នាំ រូបនេះ អះអាងថា ”ខ្ញុំគ្មានអ្នកពិសេស សង្សារអី នៅបរទេសទេបង។ និយាយទៅពួកគាត់គាំទ្រយើង គឺដូចជាបងប្អូនអីចឹង។ ខ្ញុំចង់ពង្រឹងការងារសិល្បៈឲ្យបានល្អជាងនេះ មិនទាន់គិតរឿងគូរសង្សារអីទេ”៕

RELATED ARTICLES