Tuesday, April 16, 2024
Homeតារាខ្មែរព្រហ្ម ប្រសិទ្ធី មិនខ្វល់ ក្រោយធ្វើពិធីខួបកំណើតខាតជិត១មុឺនដុល្លារ

ព្រហ្ម ប្រសិទ្ធី មិនខ្វល់ ក្រោយធ្វើពិធីខួបកំណើតខាតជិត១មុឺនដុល្លារ

ខណៈដែលកំពុងឡើងកូដនៅក្នុងអាជីពសម្ដែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ លោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ច្រើនតាមរយៈភាពយន្តភាគរបស់ទូរទស្សន៍អប្សរា រឿង “នាវាជីវិត” និងតាមរយៈរឿង “ពស់កេងកង” របស់ទូរទស្សន៍ PNN បានប្រារព្ធពិធីខួបកំណើតធំជាងមង្គលការធំមួយទៅទៀត ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះ ពិធីខួបរបស់លោកបានខាតជិត១ម៉ឺនដុល្លារ តែលោកឥតខ្វល់។

លោកព្រហ្ម ប្រសិទ្ធី សមាជិកគ្រួសារតារាកម្ពុជា បានថ្លែងឲ្យដឹងថា “ដោយសារតែការងារសិល្បៈនៅក្នុងឆ្នាំនេះមានការឈានឡើង ហើយមុខជំនួញនាំចូល “ឆៅគួយគូប៊ូរិ” របស់លោក និងគ្រួសារ កាន់តែជោគជ័យផង ទើបលោកសម្រេចរៀបចំពិធីខួបកំណើតធំដុំនេះឡើង ដោយគ្រាន់តែការចាត់ចែងលើម្ហូបអាហារ និងភេសជ្ជៈសរុបទាំង៤៥តុនោះ គឺមិនចំណាយមិនក្រោម១ម៉ឺនដុល្លារឡើយ។ ក្នុងនោះមិនទាន់គិតដល់ការចំណាយលើការងារដេគ័រ ការដាក់បង្ហាញឆៅគួយគូប៊ូរិចែកហ្វ្រីនៅក្នុងពិធី និងវង់អកកេសអីជាដើមផង។ លោកថាពិធីខួបគម្រប់២៨ឆ្នាំ លើកនេះ លោកធ្វើធំដុំ ហើយក៏ជាលើកទី១ នៅក្នុងជីវិត ដែលលោកសម្រេចរៀបចំពិធីអញ្ជើញតារាសិល្បៈ និងអ្នករាប់អានផងដែរ អីចឹងហើយទើបលោកមិនខ្វល់រឿងខាត មិនខ្វល់ភ្ញៀវអវត្តមាន និងភ្ញៀវមិនបានចងដៃ បើទោះលោករមែងបង្ហាញខ្លួនទៅក្នុងកម្មវិធីរបស់អ្នកអញ្ជើញមិនដែលបាត់មុខ។ លោកថា កម្មវិធីដែលបានធ្វើឡើងមិនអាចរួចខ្លួន ឬចំណេញបានទេ ដោយសារតែលោកទិញម្ហូបក៏ថ្លៃ ហើយរៀបចំផ្សេងៗលម្អពិធីក៏អស់ច្រើន ប៉ុន្តែអ្វីដែលោកសប្បាយចិត្តក្នុងការទទួលបានមកវិញ គឺមុខមាត់ក្រោយការបញ្ចប់ពិធី។

លោកប្រសិទ្ធី អះអាងថា “នៅថ្ងៃខួបកំណើតនេះ លោកទទួលបានផ្លែផ្កាធំ៣ ដែលលោកចង់បាន ទី១. គឺបានជួបជុំតារាសិល្បៈ និងបានលើកមុខលើកមាត់របស់ខ្លួន ក្នុងនាមជាតារាសិល្បៈមួយរូប ក្រោយពីមានឱកាសបានសម្ដែងរហូតដល់២០រឿង ត្រឹមតែបានប្រឡូកការងារសិល្បៈរយៈពេលជាង១ឆ្នាំ។ ទី២. លោកបានដាក់បង្ហាញក្រុមហ៊ុនថ្មីរបស់លោក ដែលមានបងប្រុសសំណព្វចិត្តជាអ្នកបោះទុន គឺក្រុមហ៊ុន Dinardirham និងទី៣.គឺបានបើកសម្ពោធយីហោឆៅគួយគូប៊ូរិ ដែលលោក និងគ្រួសារបាននាំប្រេនមកពីប្រទេសថៃ ដើម្បីឲ្យមហាជនបានស្គាល់ជាផ្លូវការ។ លោកថាពិធីខួបកំណើតរបស់លោកមិនខុសពីបើកសម្ពោធក្រុម២ បន្ថែមពីលើនោះទេ ទើបលោកយល់ថា បើទោះជាការរៀបចំធ្វើឲ្យលោកខាតបង់ទឹកប្រាក់ជិត១ម៉ឺនដុល្លារ ក៏ពិតមែន ប៉ុន្តែបានផលមកវិញគួរជាទីគាប់ចិត្ត ដោយសារតែអាចណែនាំឲ្យមុខរបរធំ២របស់លោក ត្រូវបានតារាសិល្បៈ ភ្ញៀវកិត្តិយស និងមហាជនបានស្គាល់។

យ៉ាងណាក៏ដោយ លោកក៏សម្ដែងអារម្មណ៍អាក់អន់ស្រពន់ចិត្តខ្លះៗផងដែរ ដែលមានតារាសិល្បៈ និងភ្ញៀវកិត្តិយសមិនមកកម្មវិធីរបស់លោក ក្នុងពេលដែលលោកមិនដែលចោលកម្មវិធីរបស់អញ្ជើញតាំងពីមុនមក។

លោកព្រហ្ម ប្រសិទ្ធី បានអះអាងបន្តថា “លោកទើបតែបញ្ចប់ការសម្ដែងភាពយន្តចំនួន២០រឿង កាលពីមុនខួបកំណើតប៉ុណ្ណោះ ហើយនៅបន្ទាប់ពីបញ្ចប់ខួបកំណើតលោក ក៏មានកុងត្រាចំនួន៦រឿងទៀត ដើម្បីបង្អួតស្នាដៃមុនដាច់ឆ្នាំផងដែរ ទើបលោកយល់ថា ខ្លួនឯងកាន់តែមានយីអ៊ុននៅក្នុងវិស័យសម្ដែងកុន ដែលគួរតែមានពិធីខួបកំណើតជាទ្រង់ទ្រាយធំបែបនេះ។ លោកថា សប្បាយចិត្តដែលការងារសិល្បៈនាពេលចុងក្រោយ រត់រករហូតដល់គ្មានពេលសម្ដែង ហើយលោកក៏ប្រកាន់ជំហរឈោងចាប់អោយជាប់ទាំងសិល្បៈ និងការងារមុខជំនួញទាំង២ ដោយមិនចោលអាជីពមួយណានោះដែរ ដោយសារតែលោកប្រកាសថា មួយគឺជាការងារបានមុខមាត់ និងកិត្តិយស ហើយមួយទៀត គឺមុខរបរបានលុយធំ។

ពិតជាគួរឲ្យសរសើរ ក្រោយបញ្ចប់ពិធីខួបកំណើតនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ លោកព្រហ្ម ប្រសិទ្ធី បាននាំយកអាហារដែលនៅសល់ចំនួន១០តុ ព្រមទាំងថវិការចំនួន២.៥០០ដុល្លារ ទៅចែកជូនដល់កុមារកំព្រាដែលគ្មានទីពឹង៕

RELATED ARTICLES