ក្តៅៗ!!! ប្រពន្ធដើម ទម្លាយរឿងនាយក្រឹម យកលុយទិញផ្ទះនិងឡាន ឲ្យស្រីលាភ

ភ្នំពេញ ៖ វិវាទស្នេហាត្រីកោណ រវាងនាយក្រឹម ជាមួយភរិយាដើមស្របច្បាប់ ព្រមទាំងប្រពន្ធទី២ គឺនាងគង់ ចាន់ស៊ីណា ហៅនាងព្រលិត ពេលនេះបានចាប់ផ្តើមផ្ទុះឡើងសាជាថ្មីម្តងទៀត ស្របពេលដែលនាងព្រលិត ទើបនឹងសម្រាលកូនភ្លោះស្រីឱ្យនាយក្រឹម កាលពីពេលថ្មីៗនេះ ដោយអ្នកស្រីវ៉ង់ ឡុងមុន្នី ដែលជាភរិយាដើមនាយក្រឹម បានចោទប្រកាន់ថា ទាំងនាយក្រឹម ជាស្វាមី និងនាងព្រលិត ជាប្រពន្ធលួចលាក់ កំពុងមើលងាយច្បាប់។

នៅក្នុងជំនួបផ្ទាល់ជាមួយ “នគរធំ” នៅឯគេហដ្ឋានផ្ទាល់របស់អ្នកស្រីវ៉ង់ ឡុងមុន្នី ភរិយាដើមរបស់នាយក្រឹម តារាកំប្លែងជើងចាស់ល្បីឈ្មោះ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧  អ្នកស្រីវ៉ង់ ឡុងមុន្នី បានេរៀបរាប់ទាំងស្រុងថា “កន្លងមក ប្តីរបស់ខ្ញុំ (លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម) ដែលចេញមុខការពារស្រីកូន៣ គឺនាងគង់ ចាន់ស៊ីណា ហៅលាភ នៅក្នុងបណ្តាញសារព័ត៌មានកន្លងមក គឺសុទ្ធតែពាក្យមិនពិតទាំងអស់។ នាងខ្ញុំមិនព្រមលែងលះជាមួយប្តីជាដាច់ខាត ហើយអ្នកទាំង២បំពានច្បាប់ នៅតែលួចសាហាយស្មន់ជាមួយគ្នា រហូតដល់មានកូនស្រីភ្លោះដល់សព្វថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង២ ព្រហើនថ្លើមធំ ហ៊ានយកច្បាប់ និងថ្នាក់ដឹកនាំ មកគំរាមនាងខ្ញុំជាភរិយាស្របច្បាប់ថែមទៀតផង ដោយប្រើពាក្យថា “បើនាងខ្ញុំចង់ប្តឹង ក៏មិនឈ្នះដែរ ព្រោះមេធាវី និងចៅក្រមរបស់រូបគេទាំង២នាក់ សុទ្ធតែមកពីអង្គភាពអង្គរក្ស” នេះជាសម្តីចេញពីមាត់របស់នាងលាភ និងនាយក្រឹម ផ្ទាល់…”។

អ្នកស្រីឡុងមុន្នី បន្តថា “ខ្ញុំមិនចង់ហែកកេរ្តិ៍ប្តីនោះទេ តែបើមិនបញ្ចោញខ្លះ ក៏មិនកើត កាលពីឆ្នាំ២០១៤ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវធំ បានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ សម្រាប់ឱ្យនាងខ្ញុំវះកាត់ និងព្យាបាលជំងឺ តែប្តីនាងខ្ញុំមិនបានប្រគល់ថវិកាទាំងអស់នោះឱ្យនាងខ្ញុំគ្រប់ចំនួននោះទេ ដោយយកថវិកានេះ ទៅទិញឡាន Lexus ដែលពាក់ស្លាកលេខ 2S-2239 ឱ្យនាងលាភ ទៅវិញ។ ក្រោយមកទៀត ក្នុងឆ្នាំ២០១៧ថ្មីៗនេះ សម្តេចនាយករដ្ធមន្ត្រី ហ៊ុន សែន និងលោកជំទាវធំ បានជួយឧបត្ថម្ភនូវថវិកាចំនួន១ម៉ឺនដុល្លារទៀត សម្រាប់ព្យាបាលជំងឺកូនប្រុសពៅ ប៉ុន្តែនាងលាភ និងនាយក្រឹម បានរួមគំនិតគ្នាលួចយកលុយទាំងអស់នេះទៅទិញផ្ទះ នៅបុរីប៉េងហួត ព្រែកលៀប ដែលផ្ទះនោះមានលេខ N41 ផ្លូវJ05 នាងខ្ញុំបានតាមរហូតដល់ និងស្គាល់ផ្ទះនោះ ហើយដោយសារមូលហេតុទាំងអស់នេះហើយ ទើបមានរឿងយ៉ាងធំជាមួយក្រុមគ្រួសារ រហូតដល់ប្តីរបស់នាងខ្ញុំចាកចេញពីផ្ទះ ទៅរស់នៅក្នុងបុរីប៉េងហួត ជាមួយនាងលាភ។ ការដែលប្តីនាងខ្ញុំទៅរស់នៅជាមួយសហាយ ឈ្មោះនាងគង់ ចាន់ស៊ីណា ហៅលាភ ទាំងបំពានច្បាប់ ស្របពេលដែលនាយក្រឹម និងនាងខ្ញុំដែលជាភរិយាស្របច្បាប់ មិនទាន់បានលែងលះគ្នានៅឡើយ ពួកគេមិនគោរពច្បាប់ ហើយបំពានច្បាប់ទៀតផង…”។

អ្នកសករី វ៉ង់ ឡុងមុន្នី និងកូនប្រុស

អ្នកស្រីឡុងមុន្នី បានបន្ថែមថា “នាងខ្ញុំសុំឱ្យប្តីនាងខ្ញុំឈប់ គាត់និយាយថា “បងអត់យកនាងលាភ ហ្នឹងទេ បងដឹងថា មនុស្សហ្នឹងជាប្រភេទមនុស្សអីហើយ” រហូតគាត់ប្រាប់បងស្រីនាងខ្ញុំរស់នៅប្រទេសបារាំង និងបងប្រុស និងបងថ្លៃគាត់រស់នៅប្រេទេសស្វីស ក៏ថាអត់យកនាងលាភ ហ្នឹងដែរ។ ហេតុនេះហើយបានជានាងខ្ញុំចេះតែនៅស្ងៀម តែក្រោយពីផ្ទុះរឿងទិញផ្ទះ ទិញឡានឱ្យហ្នឹង បានជានាងខ្ញុំប្រតិកម្មកើតជារឿង ហើយពួកគេបានយកអ្នកធំមកគំរាមនាងខ្ញុំតែម្តង។ កាលពីមុននាងខ្ញុំចេញទៅរស់នៅសហរដ្ឋអាមេរិក ៧-៨ឆ្នាំ កាលនោះប្តីនាងខ្ញុំក៏ចឹងដែរ គាត់ទៅយកស្រី រហូតមានកូន នាងខ្ញុំអត់ព្រមមកស្រុកខ្មែរវិញ ទេ តែប្តីអង្វរថា បងឈប់ធ្វើចឹងទៀតហើយ បងនឹងរស់នៅដើម្បីជួបជុំគ្រួសារ ប្តីប្រពន្ធ និងកូនៗ រកសុភមង្គលទៅអនាគត ទើបនាងខ្ញុំក៏សុខចិត្តវិលមកវិញ។ នាងខ្ញុំអនុគ្រោះប្តីអស់ប៉ុណ្ណឹងហើយ មិនតិចឆ្នាំទេ គិតពីថ្ងៃរៀបការមក ២៣ឆ្នាំហើយ គាត់មិនដែលធ្វើអ្វីដូចពាក្យសន្យានោះទេ ហេតុនេះមានតែនាងខ្ញុំ និងកូនៗទេ ទើបដឹងថាគាត់ជាមនុស្សយ៉ាងម៉េច…”។

ភរិយាស្របច្បាប់របស់នាយក្រឹម បានបញ្ជាក់ឱ្យដឹងទៀតថា “នាងខ្ញុំមិនចង់និយាយចេញទេ ពីព្រោះពាក្យទាំងអស់នេះ វាអាក្រក់ស្តាប់ណាស់ តែប្តីបង្ខំនាងខ្ញុំ។ គាត់បានបង្ខំនាងខ្ញុំឱ្យធ្វើក្រដាសស្នាមអនុញ្ញាតឱ្យរូបគាត់ និងនាងលាភ យកគ្នាជាប្តីប្រពន្ធ តែនាងខ្ញុំមិនព្រមជាដាច់ខាត រហូតដល់នាងលាភ កើតកូន នាងខ្ញុំសួរគាត់ថា ឥឡូវធ្វើយ៉ាងម៉េចជាមួយខ្ញុំ? ប្តីឆ្លើយថា បើគេចង់មានកូន មានតែគេទៅ បងអត់ខ្វល់ទេ នាងខ្ញុំថា បើចឹងបងជួយថ្លៃពេទ្យ ហើយជួយចិញ្ចឹមកូននោះទៅតាមលទ្ធភាព ខ្ញុំសុំឱ្យបងឈប់ចេញចូល ឈប់ទាក់ទងជាមួយនាងលាភ នោះទៀត តែនាងខ្ញុំក៏មិនបានដឹងចិត្តរបស់គាត់ទេ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ គាត់បានចុះចេញពីផ្ទះ ហើយគាត់ទៅរស់នៅជាមួយសហាយនាងលាភ ឯបុរីប៉េងហួត នៅថ្ងៃទី១៦ ខែសីហា។ នាងខ្ញុំមានភ័ស្តុតាងទាំងអស់ ឥឡូវនេះនាងខ្ញុំនឹងបន្តការងារទៅមុខទៀត ពីព្រោះថ្មីៗនេះ នាយក្រឹម និងនាងលាភ បានផ្ញើពាក្យសម្តីមកនាងខ្ញុំថា  ពួកយើងអត់ខ្លាចទេ ពួកយើងហ៊ានយកគ្នាចេញមុខប៉ុណ្ណេះទៅហើយ សូម្បីតែថ្នាក់ដឹកនាំធំៗ ក៏បានដឹងថា ពួកយើងទាំង២នាក់យកគ្នាដែរ ទោះបីជានាងខ្ញុំចង់ប្តឹង ក៏គ្មានលុយប្តឹងដែរ។ នាងខ្ញុំសួរថា តើច្បាប់តុលាការយល់ឃើញយ៉ាងណា ចំពោះរូបនាងខ្ញុំដែលជាជនរងគ្រោះ? ចំពោះពាក្យខាងលើនេះ នាងខ្ញុំយល់ថា ទីមួយ ពួកគេមើលងាយនាងខ្ញុំ និងទីពីរ ពួកគាត់មើលងាយច្បាប់ ពួកគាត់គិតថា នាងខ្ញុំគ្មានលទ្ធភាពមានលុយសូកតុលាការ ប្រហែលជានាងខ្ញុំប្តឹងគាត់អត់បាន នាងខ្ញុំគិតថាចឹង…”។

 

 

ទាក់ទងទៅនឹងប្រតិកម្មរបស់អ្នកស្រីវ៉ង់ ឡុងមុន្នី ភរិយាដើមរបស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីនាយក្រឹម និងនាងព្រលិត បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

គួររំលឹកថា ថ្មីៗនេះ តារាកំប្លែងស្រី គឺនាងគង់ ចាន់ស៊ីណា ហៅនាងព្រលិត ដែលត្រូវគេដឹងថា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយនឹងមេក្រុមកំប្លែង គឺនាយក្រឹម នោះ ទើបនឹងសម្រាលបានកូនភ្លោះស្រី ប្រកបដោយសុវត្ថិភាព និងស្ថិតក្នុងភាពកក់ក្តៅបំផុត ព្រោះតែមានការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅពីស្វាមី គឺនាយក្រឹម ដែលបានចូលទៅដល់ក្នុងបន្ទប់សម្រាលជាមួយគ្នាតែម្តង។ យ៉ាងណា ក្រោយពីទទួលបានចំណងដៃកូនស្រីភ្លោះ ជាចំណងនិស្ស័យស្នេហ៍រួចមក គេឃើញនាយក្រឹម បានសម្តែងនូវទឹកមុខរីករាយស្រស់ស្រាយយ៉ាងខ្លាំង ដោយញញឹមបិទមាត់មិនជិតឡើយ៕