Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធធ្វើការរោងចក្រ ទាក់បានប្រុសថ្មី រត់ចោលប្តីបាត់

ប្រពន្ធធ្វើការរោងចក្រ ទាក់បានប្រុសថ្មី រត់ចោលប្តីបាត់

ខេត្តតាកែវ ៖ បុរសម្នាក់ ព្រោះតែជឿទុកចិត្តប្រពន្ធពេក ទើបព្រមឱ្យប្រពន្ធចេញទៅធ្វើការរោងចក្រនៅភ្នំពេញ ចំណែកខ្លួននៅដើរធ្វើសំណង់ក្បែរផ្ទះ និងមានឱកាសមើលថែកូនផង ដឹងអី ប្រពន្ធលួចលាក់ទាក់ទងប្រុសថ្មី បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំ ទាំងដែលប្តីនៅតែគ្មានកូនចិត្តសង្ស័យប្រពន្ធបន្តិចណាសោះ ទីបំផុតប្រពន្ធពង្រត់គ្នាចេញទៅបាត់ ទើបភ្ញាក់ខ្លួន។

លោកណុប សុខណា អាយុ៣៥ឆ្នាំ សព្វថ្ងៃ រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង បានរៀបរាប់ប្រាប់ថា គាត់ជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកឈ្មោះ អន សារុំ អាយុ៦៤ឆ្នាំ ម្តាយឈ្មោះម៉ែ សម្បូរ អាយុ៦០ឆ្នាំ។ កាលពីក្មេងគាត់រៀនសូត្របានត្រឹមថ្នាក់ទី៣ប៉ុណ្ណាះ ក៏ឈប់រៀនវិញ ព្រោះតែជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក។ លុះចូលដល់វ័យកំលោះ អាយុ២២ឆ្នាំ គាត់ក៏ត្រូវបានឪពុកម្តាយផ្សំផ្គុំឱ្យមានប្រពន្ធ ឈ្មោះអ៊ុង ចំរ៉ុង អាយុប្អូនគាត់២ឆ្នាំ។ ក្រោយពេលរៀបការរួច ប្តីប្រពន្ធគាត់ក៏នាំគ្នាចេញទៅរកការងារធ្វើនៅភ្នំពេញ ទាំងអស់គ្នា ដោយគាត់ដើរធ្វើសំណង់ ចំណែកប្រពន្ធធ្វើការរោងចក្រជួយគ្នារកប្រាក់ទប់ទល់ជីវភាព និងរួមរស់រហូតសម្រាលបានកូនម្នាក់ រួចក៏នាំគ្នាត្រឡប់មកស្រុកកំណើតវិញ។

លោកណុប សុខណា បន្តថា បន្ទាប់ពីប្រពន្ធសម្រាលកូនរួច គាត់បានចេញដើរធ្វើសំណង់តាមធម្មតា ដោយទុកឱ្យប្រពន្ធនៅផ្ទះ មើលថែកូន រហូតដល់កូនចេះដើរ ប្រពន្ធគាត់ក៏សុំគាត់ជាប្តីចេញទៅជួញដូររកលុយ ដើម្បីសម្រាលបន្ទុកគ្រួសារ ដោយពេលនោះប្រពន្ធគាត់បានចេញទៅជួញត្រី និងសាច់ជ្រូក ដែលទិញមកពីផ្សារថ្នល់បត់ យកមកលក់នៅតាមផ្ទះអ្នកស្រុក។ ស្រាប់តែមិនយូរប៉ុន្មាន ប្រពន្ធនេះក៏បានស្គាល់គ្នាជាមួយបុរសឈ្មោះហ៊ូ ជា ថៅកែត្រីដ៏ធំនៅផ្សារថ្នល់បត់ ហើយបុរសនេះមានប្រពន្ធ និងកូនរួចទៅហើយ តែនៅខិលខូច តាមចែចង់ប្រពន្ធរបស់គាត់ទៀត ចំណែកប្រពន្ធគាត់វិញក៏ចិត្តងាយណាស់ដែរ គ្រាន់តែគេប្រើពាក្យផ្អែមល្ហែមដាក់ក៏បាក់ចិត្តស្រលាញ់លួចលាក់ប្រព្រឹត្តអំពើមីនិគប្បីក្បត់ប្តីប្រពន្ធរៀងខ្លួន តែពួកគេទាំង២ បានលាំងបាំងជិតល្អណាស់ មិនឱ្យអ្នកណាដឹងថាពួកគេលួចមានសហាយស្មន់នឹងគ្នាទេ។

លោកសុខណា បានឱ្យដឹងទៀតថា លុះមួយរយៈក្រោយមក ប្រពន្ធរបស់គាត់ក៏ចាប់ផ្តើមមានផ្ទៃពោះកូនទី២ ទើបផ្តាច់ទំនាក់ទំនងជាមួយនឹងប្រុសសហាយនោះវិញទៅ។ ប៉ុន្តែ ក្រោយពីសម្រាលកូនទី២រួច (សុទ្ធតែស្រី) ប្រពន្ធក៏សុំគាត់ចេញទៅធ្វើការរោងចក្រនៅភ្នំពេញវិញម្តង ដោយទុកឱ្យគាត់នៅដើរធ្វើសំណង់ជិតៗផ្ទះផង មើលថែកូនផង។ ពេលនោះ គាត់ក៏មិនថាអ្វីដែរ ហើយក៏គ្មានកូនចិត្តសង្ស័យប្រពន្ធសូម្បីបន្តិច ទាំងដែលការពិតប្រពន្ធនេះចេញទៅធ្វើការរោងចក្រនៅភ្នំពេញ ក៏បានបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយប្រុសសហាយឡើងវិញ ដោយស្កាត់ជួបគ្នារួមរ័យញឹកញាប់ ដោយភាគីខាងប្រុសតែងឡើងទៅដេករួមរស់ជាមួយប្រពន្ធគាត់ដល់ភ្នំពេញ ចំណែកប្រពន្ធគាត់ ១ខែ ទើបមកផ្ទះម្តង ហើយពេលខ្លះមកដល់ផ្ទះ ហើយមិនព្រមឱ្យគាត់ជាប្តីស្គាល់ក្លិនខ្លួនទៀតផង ដោយចេះតែមានលេសនេះលេសនោះរហូត។

លោកសុខណា បានបន្ថែមថា រហូតដល់ថ្ងៃមួយប្រពន្ធបានទូរស័ព្ទប្រាប់ថា នាងនឹងមកដេកផ្ទះនៅស្រុក១យប់ តែគាត់ខំចាំបាត់ៗមិនឃើញប្រពន្ធមកសោះ ណាមួយយប់ជ្រៅណាស់ទៅហើយ មិនដឹងប្រពន្ធមានបញ្ហាអ្វី។ តាមពិត ប្រពន្ធជើងល្អមកទើរត្រឹមហាងផឹកស៊ីមួយកន្លែង នៅម្តុំផ្សារថ្នល់បត់ និងកំពុងអង្គុយផឹកស៊ីយ៉ាងសប្បាយ ជាមួយប្រុសសហាយសោះ រហូតដល់ប្រពន្ធរបស់លោកហ៊ួ តាមទាន់ជាន់កែង រករឿងឈ្លោះផ្អើលពេញហាង ទើបធ្វើឱ្យរឿងរ៉ាវប្រពន្ធក្បត់ផិតប្តីនេះ បានដឹងដល់គាត់ជាប្តី។ បន្ទាប់មកប្រពន្ធរបស់គាត់ និងប្រុសសហាយនោះ ក៏បានពង្រត់គ្នាទៅបាត់ រហូត១សប្តាហ៍ក្រោយ ទើបលេចមុខត្រឡប់ចូលស្រុកវិញ ធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ដាក់ពាក្យប្តឹងលែងលះគ្នា លុះពេលឡើងសាលាសង្កាត់ដោះស្រាយគ្នា ទើបប្រពន្ធជើងល្អបានសារភាពប្រាប់ថា តាមពិតនាងបានលួចលាក់មានសហាយស្មន់ជាមួយបុរសឈ្មោះហ៊ួ រាប់ឆ្នាំមកហើយ ទើបធ្វើឱ្យគាត់ភ្ញាក់ខ្លួនថា តាមពិតគាត់មិនខុសពីអាវែកនោះទេ ត្រូវប្រពន្ធក្បត់ក្រោយខ្នង តែមិនដឹងខ្លួន។

លោកសុខណា បានបញ្ជាក់ថា តាំងពីនោះមក គាត់ក៏សម្រេចលែងលះប្រពន្ធនោះចោលទៅ ហើយក៏បានចាប់ដៃគ្នាជាមួយប្រពន្ធទី២ ជាមេម៉ាយកូន១ ឈ្មោះហៀង សំបូរ អាយុប្អូនគាត់៥ឆ្នាំ និងបានរួមរស់យ៉ាងមានសេចក្តីសុខ មកដល់សព្វថ្ងៃ៕

RELATED ARTICLES