Friday, March 29, 2024
Homeតារាខ្មែរមង្គលការសុគន្ធ និសា មានអាថ៍កំបាំង?

មង្គលការសុគន្ធ និសា មានអាថ៍កំបាំង?

តារាចម្រៀងល្បីឈ្មោះរបស់រស្មីហង្សមាស នាងប៉ុន សុគន្ធា ហៅសុគន្ធ នីសា បានចូលរោងការហើយនៅថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០១៧ នេះ ជាមួយលោកចៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរ នៅអាមេរិក។ ប៉ុន្តែអ្វីដែលស្ទើមិនគួរឲ្យជឿនោះ ពិធីមង្គលការរបស់នាងមិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតផ្ដិតរូបភាពយកទៅចុះផ្សាយទូលំទូលាយ ដូចពិធីមង្គលការតារាសិល្បៈមួយចំនួននោះទេ ដែលនាំឲ្យមានការសង្ស័យថា​ ចំណងអាពាហ៍ពិពាហ៍របស់នាងហាក់មានអាថ៌កំបាំង។

ដំណឹងរៀបមង្គលការរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ធ នីសា​ បានធ្វើឲ្យភ្ញាក់ផ្អើលទូទាំងប្រទេស ខណៈដែលមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងជាច្រើនចង់ឃើញមុខកូនកម្លោះ ក៏ដូចជាចង់ឃើញទិដ្ឋភាពមង្គលការរបស់នាងទាំងស្រុង ក៏ព្រោះតែនាងជាតារាសិល្បៈដែលជាមនុស្សរបស់មហាជន។ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះ សុគន្ធ នីសា មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតផ្ដិតរូបភាពយកទៅចុះផ្សាយទូលំទូលាយទេ​ ដែលធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានមន្ទិលសង្ស័យចំពោះពិធីមង្គលការរបស់នាង។

ពិធីមង្គលការរបស់សុគន្ធ នីសា មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានថតរូបភាពចាប់តាំងពីដើមទីកម្មវីធីសំពះផ្ទឹមសូត្រមន្ត នៅពេលល្ងាចថ្ងៃទី៣០ ខែធ្នូ មកម្ល៉េះ។ លុះព្រឹកឡើង អ្នកសារព័ត៌មានអាចថតរូបភាពពេលហែជំនូនបានបន្តិចតែប៉ុណ្ណោះ ក៏ត្រូវបានបិទ មិនអនុញ្ញាតឲ្យចូលថតកម្មវិធីមួយចំនួនទៀតនៅគេហដ្ឋានរបស់នាងទេ។

ប្រភពពីតារាសិល្បៈមួយចំនួននិយាយថា នីសា​ មិនចង់ឲ្យពិធីមង្គលការរបស់នាងសាយភាយទូលំទូលាយទេ ព្រោះខ្លាចពិបាកទាញសំឡេងគាំទ្រនៅលើវិថីចម្រៀង។ ត្បិតអីតារាចម្រៀងស្រីដែលមានស្វាមីហើយ តែងតែពិបាកប្រជែងការគាំទ្រ។ ម្យ៉ាងនាងទើបតែចូលមកហង្សមាស ជាថ្មីផង ទើបនាងមិនចង់ឲ្យអ្នកកាសែតថតរូបចុះផ្សាយទូលំទូលាយ ខ្លាចប៉ះពាល់ការគាំទ្រ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះទៀត ផ្ដោតការសង្ស័យថា ទំនងជាមានរឿងអាថ៌កំបាំង ខណៈដែលអ្នកខ្លះសង្ស័យថា ប្រហែលជាកូនកម្លោះមានជាប់ពាក់ព័ន្ធប្រពន្ធកូននៅសហរដ្ឋអាមេរិកទេដឹង? ទើបនីសា បិទអ្នកសារព័ត៌មានមិនឲ្យថតរូបមង្គលការរបស់នាង ព្រមទាំងមិនផ្ដល់បទសម្ភាសន៍ជុំវិញចំណងអាពាហ៍ពិពាហ៍របស់នាង។

កូនកម្លោះលោកចៅ សម្បត្តិ សុំមិនផ្តល់បទសម្ភាសន៍ទេ ក្រោយពេលចប់កម្មវិធីហែជំនូនព្រឹកមិញនេះ។ ប៉ុន្តែអ្នកដែលរារាំងអ្នកកាសែតមិនឲ្យថតរូបចំនួន៣នាក់ រួមទាំងអ្នកនិពន្ធបទចម្រៀងឲ្យសុគន្ធ នីសា ឈ្មោះច័ន្ទ ម៉ូលីកា បានឲ្យដឹងថា មូលហេតុដែលនីសា មិនអនុញ្ញាតិឲ្យអ្នកកាសែតថតរូបមង្គលការរបស់នាង ក៏ព្រោះតែនីសា យល់ថា ជារឿងជីវិតឯកជនផ្ទាល់ខ្លួន និងចង់រក្សាភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ពិធីមង្គលរវាងតារាចម្រៀងសុគន្ធ នីសា ជាមួយលោកចៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរនៅអាមេរិក ដែលបច្ចុប្បន្នមានតួនាទីជានាយកផ្នែកប្រតិបត្តិការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង Manulife នៅកម្ពុជា បានប្រព្រឹត្តឡើងនៅផ្ទះវីឡារបស់សុគន្ធ នីសា​ ក្នុងបុរីពិភពថ្មី ឬស្សីកែវ។ ពិធីមង្គលការរបស់នីសា ព្រឹកមិញនេះ មានតារាសិល្បៈតិចតួចប៉ុណ្ណោះដែលបានចូលរួមមាន ដូចជា អ្នកនាងលី ម៉ារីណា លោកឆន សុវណ្ណរាជ លោកណុប បាយ៉ារិទ្ធិ អ្នកនាងនិមល កញ្ញាឈិត សុវណ្ណបញ្ញា កញ្ញារ៉េត ស៊ូសាណា និងកញ្ញារ៉ាប៊ី ។ ពិធីមង្គលការរបស់នាងនឹងត្រូវជប់លៀងធំនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ដែលចំណាយខ្ទង់ម៉ឺនដុល្លារ ដោយបានអញ្ជើញភ្ញៀវចំនួន៧០០ (៧០តុ) ដែលភ្ញៀវភាគច្រើនជាអ្នកជំនួញ។ រីឯអ្នកសិល្បៈមានចំនួនតិចតួចប៉ុណ្ណោះ។ តាមដំណឹងថា ក្រោយពេលពិធីមង្គលការនីសា មានគម្រោងទៅក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ មួយរយៈ និងមានគម្រោងយកកូនភ្លាមផងដែរ។

យ៉ាងណា គេមិនទាន់ដឹងថា នៅក្នុងពិធីទទួលភ្ញៀវពិសាភោជនីយអាហារនៅល្ងាច ថ្ងៃទី០១ ខែធ្នូ នេះ នីសា និងបើកឲ្យអ្នកសារព័ត៌មានថតផ្ដិតរូបភាព ឬយ៉ាងណានោះទេ ខណៈដែលមានលើកឡើងថា បើគ្មានអ្វីជាអាថ៌កំបាំង ក្នុងនាមជាមនុស្សរបស់មហាជន នីសា មិនគួរខ្លាចអ្នកកាសែតថតផ្ដិតរូបភាពក្នុងពិធីមង្គលការរបស់នាងនោះទេ៕

RELATED ARTICLES