Saturday, April 20, 2024
Homeតារាខ្មែរអស់ទាស់!!! ឡេង ណាវ៉ាត្រា វេចលុយ១កេសធំ ចែកជូនកម្មករ៣០០នាក់

អស់ទាស់!!! ឡេង ណាវ៉ាត្រា វេចលុយ១កេសធំ ចែកជូនកម្មករ៣០០នាក់

បន្ទាប់ពីក្លាយជាអ្នកជំនួញវាល់លាន តែមួយប៉ប្រិចភ្នែក លើមុខជំនួញពុះដីឡូតិ៍លក់ និងចុងក្រោយបានក្លាយជាម្ចាស់បុរី រហូតដល់រាប់រយល្វែងនោះផង លោកឡេង ណាវ៉ាត្រា មិនដែលភ្លេចកំណើតដើមរបស់ខ្លួននោះទេ ដោយលោករមែងរំលឹកឲ្យមហាជនបានដឹងពីអតីតជាពលករ និងជាកម្មកររបស់លោក មុនក្លាយជាអ្នកក្ដោបក្ដាប់ជំនួញវាល់លាននោះជាប្រចាំ ហើយអ្វីដែលគួរឲ្យសរសើរនោះ ថ្មីៗនេះ លោកបានវេចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់ នៅក្នុងការដ្ឋានសាងសង់បុរីរបស់ខ្លួន។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy និងជាម្ចាស់បុរីវីឡាកូនកាត់ឡេង ណាវ៉ាត្រា បានអះអាងថា នៅពេលលោកចុះទៅមើលការដ្ឋានសាងសង់ ហើយលោកបានឃើញពីសភាពធ្វើការរបស់កម្មវិធីនៅក្នុងបុរី បានធ្វើឲ្យលោកស្រណោះដល់អតីតកាលដែលលោកធ្លាប់ធ្វើជាកម្មករសំណង់ ជាកម្មកររោងចក្រ និងចុងក្រោយបានក្លាយជាពលករនៅក្នុងប្រទេសកូរ៉េ ជាប់នឹងភ្នែកតែម្ដង។

លោកអះអាងថា នៅក្នុងពេលនោះ សភាពក្នុងការរស់នៅ គឺមិនខុសពីមាន់ដែលត្រូវរស់ដោយមួយគែៗនោះទេ ដោយសារប្រាក់ខែលោកទទួលបាន គឺសឹងតែមិនគ្រប់នឹងថ្លៃជួលផ្ទះ និងការហូបចុក។ លោកទើបតែបានរស់ស្រួល ដោយហូបឆ្អែតគ្រប់គ្រាន់ក្នុងពេលដែលលោកបានចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ តែបណ្ដាលមកពីលោកធ្លាប់ក្រធ្លាប់អត់ ហើយលោកតែងតែសន្សំលុយដែលបានធ្វើការពីប្រទេសកូរ៉េ យ៉ាងលំបាក មកទិញដីស្រែស្ដុកទុក តាំងពីជំនាន់នៅធូរថ្លៃ ទើបធ្វើឲ្យលោកចេះតែមានដើមទុន ហើយឈានដល់ពុះឡូតិ៍ដាក់លក់ រហូតចេះតែពង្រីកដើមទុនបានច្រើនបន្តិចៗម្ដង មុនឈានដល់ការប្រកាសក្រុមហ៊ុនជាក្រុមហ៊ុនសង់ផ្ទះល្វែង និងវីឡាកូនកាត់ដាក់លក់។

លោកឡេង ណាវ៉ាត្រា អះអាងថា មកទល់ពេលនេះ មិនរាប់បញ្ចូលគម្រោងដីឡូតិ៍របស់លោកច្រើនកន្លែង លោកមានក្រុមសង់ផ្ទះល្វែង និងវីឡាកូនកាត់ចំនួន៣កន្លែងហើយ ដោយគម្រោងទី១ និងទី២ រាប់រយល្វែង គឺលក់គ្មានសល់នោះទេ និងបន្តលក់គម្រោងទី៣ ដែលមានផ្ទះនិងដីជាង១០ហិកតាបន្តទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ លោកថា អាជីវកម្មកាន់តែទទួលជោគជ័យ តែលោកនៅតែមិនចោលផលិតកម្មនោះទេ ដោយលោកនឹងងាកមកផលិតចម្រៀង និងភាពយន្តដើម្បីលើកស្ទួយក្នុងពេលរយាលដៃបន្តិច។

លោកថា ឲ្យតែចុះមកដល់ការដ្ឋាន លោកតែងមមៃឃើញភ្លាមៗថា រូបភាពដែលលោកបានឃើញនោះ គឺជាលោកកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះជាថៅកែដែលមានខ្ពស់ដាច់ឆ្ងាយពីក្រុមកម្មករទាំងនោះក៏ដោយ ក៏លោកនៅតែបង្ហាញភាពជិតស្និទ្ធិ។ លោកទើបនឹងបានវេចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករនៅក្នុងការដ្ឋានរបស់ខ្លួន កាលពីពេលថ្មីៗនេះ និងបានជំរុញទឹកចិត្តឲ្យក្រុមកម្មករបន្តតស៊ូ កុំឲ្យអស់សង្ឃឹម ដើម្បីអាចមានឱកាសដូចលោកនោះផង។

លោកឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើលបន្ទាប់ពីការចែកលុយដល់ក្រុមកម្មករដែលជាសកម្មភាពយ៉ាងកម្ររបស់លោក ត្រូវបានគេចែកចាយ ហើយធ្វើឲ្យមានការចាប់អារម្មណ៍។ យ៉ាងណាមិញ លោកអះអាងថា មានតែការផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តឲ្យបណ្ដាក្រុមអ្នកតូចទាបទាំងនោះប៉ុណ្ណោះ ទើបអាចឲ្យពួកគេសប្បាយចិត្ត ហើយលោកខ្លួនឯង ក៏មិនខុសពីបានដាស់តឿនខ្លួនឯងក្រោយភាពមានបាន កុំឲ្យភ្លេចអតីតកាលដែលធ្លាប់លំបាកទាំងនោះ៕

RELATED ARTICLES