Monday, December 23, 2024
Homeព័ត៌មានជាតិស៊ីផឹក​ស្រវឹង ខឹង​ទះ​ក្បាល ចាក់​១​កាំ​បិត

ស៊ីផឹក​ស្រវឹង ខឹង​ទះ​ក្បាល ចាក់​១​កាំ​បិត

ភ្នំពេញ ៖ បុរសមួយក្រុមកំពុងអង្គុយផឹក ទឹកត្នោតជូរជុំគ្នា លុះស្រវឹងធ្លាក់ភ្នែក ក៏ផ្ទុះជម្លោះ ពីរឿងទះក្បាល ធ្វើឱ្យបុរសម្នាក់ទាញកាំបិត ចាក់គូទំនាស់របស់ខ្លួន បណ្តាលឱ្យធ្លាយប្រអប់ ដៃរងរបួសធ្ងន់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចរោង ទឹកត្នោតជូរមួយកន្លែង ស្ថិតនៅដីវាលក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កហេតុ មានឈ្មោះញ៉ែម សំណាង អាយុ២៩ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះគឹម រ៉ាឌី អាយុ៤២ឆ្នាំ ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្ត កំពត ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិកោះគៅ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

p007

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ឆ្លៀតពេលទំនេរ ពីការងារ ត្រឡប់មកផ្ទះឯភ្នំពេញវិញ អផ្សុក ពេក គាត់ក៏ចេញទៅអង្គុយផឹកទឹកត្នោតជូរ ជាមួយអ្នកស្គាល់គ្នាចំនួន៤នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ផងដែរ នៅចំណុចរោងទឹកត្នោតជូរ ទីតាំងកើតហេតុខាងលើ។ នៅពេលកំពុងផឹកស៊ី នោះ ពួកគាត់បាននិយាយគ្នាលេងសើចតាម ធម្មតា រហូតដល់ពេលផឹកស្រវឹងធ្លាក់ភ្នែករៀង ខ្លួន ជនបង្កហេតុបានហាមបុរសម្នាក់ ដែលមាន វ័យចំណាស់ជាងគេនៅក្នុងវង់ផឹកថា កុំឱ្យនិយាយ ច្រើនពេក ពេលនោះ គាត់ក៏បានទះក្បាលជនបង្កហេតុ រួចប្រាប់ថាហាមគាត់ធ្វើអី! ទុកឱ្យ គាត់និយាយរឿងកំប្លែងឱ្យយើងស្តាប់ទៅ!”

ជនរងគ្រោះបន្តថា ដោយសំអាងថា ជា មនុស្សស្គាល់គ្នា ម៉្យាងគាត់មានវ័យចំណាស់ អាចធ្វើជាឪពុកជនបង្កហេតុបាន ទើបគាត់បាន យកដៃទៅទះក្បាលជនបង្កចំនួន២ដង ស្រាប់តែ ធ្វើឱ្យជនបង្កខឹងច្រឡោត ក៏រករឿងឈ្លោះប្រកែកជាមួយគាត់។ បន្ទាប់មក ក៏ស្ទុះទៅទាញ កាំបិតពីកន្លែងអ្នកលក់ទឹកត្នោតជូរ មកចាក់គាត់ ចំប្រអប់ដៃ បណ្តាលឱ្យរងរបួសតែម្តង។

ក្រោយចាក់ប្រហារជនរងគ្រោះរួច ជនបង្កហេតុបានព្យាយាមរត់គេចចូលទៅក្នុងផ្ទះ របស់ខ្លួន តែភ្លាមនោះត្រូវបានអ្នកជិតខាងនាំ គ្នាដេញចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច។

តាមសម្តីជនបង្កហេតុ បានអះអាងថា មុនពេលកើតហេតុ ខ្លួនបានផឹកស៊ីក្នុងវង់ជុំគ្នាជាមួយ ជនរងគ្រោះដែលជាមនុស្សស្គាល់គ្នា មានទាំង ចាស់មានទាំងក្មេង លុះពេលផឹកស្រវឹង រូបគេ ខឹងនឹងរឿងជនរងគ្រោះទះក្បាលគេចំនួន២ដង ទើបគេទ្រាំលែងបាន ក៏កើតជាទំនាស់ពាក្យសម្តី នឹងគ្នា រហូតឈានដល់ហិង្សាបែបនេះតែម្តង។

បន្ទាប់ពីទៅមន្ទីរពេទ្យរុំមុខរបួសរួច ជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការជនបង្កហេតុតាមផ្លូវច្បាប់។ ចំណែក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូន ខ្លួនជនបង្កហេតុទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES