Friday, April 26, 2024
Homeព័ត៌មានជាតិផឹក​ស្រវឹង​ខឹង​ច្រូច​ស្រា ទាញ​កៅអី​វាយ​រយះ​ក្បាល

ផឹក​ស្រវឹង​ខឹង​ច្រូច​ស្រា ទាញ​កៅអី​វាយ​រយះ​ក្បាល

ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹង បានយកស្រាមកច្រូចពីមុខបុរសម្នាក់ មុន នឹងលើកកែវផឹក ធ្វើឱ្យបុរសនោះខឹង ក៏ ទាញកៅអីជ័រវាយក្បាល បណ្តាលឱ្យរយះហូរ ឈាម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយប្រេងកាល់តិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះដែលត្រូវគេវាយនឹងកៅជ័រ រយះក្បាលនោះ មានឈ្មោះអ៊ុំ ចន អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមាន ស្រុកកំណើតនៅភូមិសិរីមានជោគ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនបង្កហេតុ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ តែដឹងថា ជាអ្នករត់រ៉ឺម៉កម៉ូតូ។

pp017

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ មិត្តភក្តិរបស់គាត់ ម្នាក់ ទើបនឹងទិញរ៉ឺម៉កម៉ូតូថ្មី ដើម្បីយកមក រកស៊ី ហើយក៏ហៅគាត់ឱ្យទៅចូលរួមផឹកស៊ី ជប់លៀងសម្ពោធរ៉ឺម៉កម៉ូតូថ្មី ដោយមានអ្នកចូលរួមក្នុងវង់ផឹកស៊ីទាំងអស់ចំនួន៨នាក់ សុទ្ធ តែជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូដូចគ្នា។ បន្ទាប់ពី ផឹកស៊ីស្រវឹង ម្ចាស់កម្មវិធីបានបើករ៉ឺម៉កម៉ូតូចេញ ទៅផ្ទះមុនបាត់ទៅ នៅសល់តែមនុស្ស៧នាក់ប៉ុណ្ណោះ ដែលបន្តការផឹកស៊ី មិនទាន់ត្រឡប់ទៅ ផ្ទះវិញ។ លុះពេលផឹកអស់ស្រា ម្នាក់ៗក៏ចូល លុយគ្នាទិញស្រាមកផឹកបន្តទៀត។ ចំណែកគាត់ បានអង្គុយជជែកលេងជាមួយនឹងបុរសម្នាក់ ដែលអង្គុយជាប់គ្នា ដោយនិយាយស្មើលើស្មើ ក្រោម ហៅគ្នាថាអាមឹង បន្ទាប់មកគាត់ក៏សួរ ទៅអ្នកអង្គុយជាប់គាត់នោះថា លោកឯងអាយុ ប៉ុន្មាន? បុរសនោះក៏ឆ្លើយថា ខ្ញុំអាយុជាង៤០ឆ្នាំ ទើបគាត់បានប្រាប់ថា ខ្ញុំអាយុ៤៥ឆ្នាំ បើអ៊ីចឹង មិនអីទេ អាចនិយាយគ្នាបានហើយ។

ជនរងគ្រោះបានបន្តថា បន្ទាប់មក គាត់ បានលើកកែវស្រាមកច្រូចពីមុខបុរសដែលអង្គុយ ជាប់គ្នានោះបណ្តាលឱ្យទទឹកខ្សែក្រវាត់បន្តិច ប៉ុន្តែបុរសនោះមិនប្រកាន់ទោសអូសដំណើរអ្វីគាត់ទេ។ ផ្ទុយទៅវិញ ស្រាប់តែជនបង្កហេតុ ដែលនៅក្បែរនោះប្រទះឃើញ ចេះមកឈឺឆ្អាល ជំនួស ក៏រករឿងឈ្លោះប្រកែកជាមួយគាត់ រហូត ដល់ទាញកៅអីជ័រមកវាយក្បាលគាត់ បណ្តាលឱ្យ រយះចេញឈាមតែម្តង។

ក្រោយកើតហេតុ ជនបង្កហេតុ បានឡើង បើករ៉ឺម៉កម៉ូតូរបស់ខ្លួនចេញ បំណងរត់គេចខ្លួន តែត្រូវជនរងគ្រោះរត់ដេញតាមទៅឈ្លោះប្រកែកគ្នានៅចំណុចមុខកន្លែងចាក់សាំងថែមទៀត រហូតដល់កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ចុះ មកដល់ចូលជួយសម្រុះសម្រួល តែត្រូវជនបង្កហេតុ ប្រើពាក្យមិនសមរម្យ និងស្រែកខ្លាំងៗ ដាក់សមត្ថកិច្ចទៀត បន្ទាប់មក ជនបង្កហេតុ បានបើករ៉ឺម៉កម៉ូតូគេចចេញបាត់ទៅ ទើបជនរងគ្រោះនឹកឃើញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចស្វែង រកជនដៃដល់ យកមកចាត់ការតាមច្បាប់៕

ដោយ ៖ សោល វណ្ណៈ

RELATED ARTICLES