ព្រាប សុវត្ថិ បានបញ្ចោញកូនប្រុសច្បងរបស់ខ្លួនឱ្យចូលជ្រកតាមទ្រនំហង្សមាស ដូចលោកដែរ នៅពេលនេះថែមទាំងបានចេញបទចម្រៀងបើកឆាកដំបូងនៅលើថាសចម្រៀងរបស់ហង្សមាស ទៀតផង ខណៈដែលអ្នកជំនាញសិល្បៈលើកឡើងថា មុនីវណ្ណ ដែលធ្លាប់រាំអមព្រាប សុវត្ថិ នៅមានសំឡេងស្រាល និងដង្ហើមខ្លីនៅឡើយ ព្រោះរូបគេទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ។
មហាជនជាច្រើនបានលើកឡើងថា មុនពេលដែលព្រាប សុវត្ថិ យកកូនប្រុសចូលហង្សមាស នេះ តារាជើងចាស់របស់ហង្សមាស រូបនេះ ក៏បានយកកូនប្រុសទាំង៣ ឱ្យឡើងរាំអមលើឆាកតន្ត្រីដែរ ហើយគេឃើញថា ព្រាប សុវត្ថិ នៅតែល្បីដដែល ទោះជាមានកូនពេញវ័យកំលោះអស់ទៅហើយក្តី ហេតុនេះហើយ បានជាមានការលើកឡើងថា ពេលដែលព្រាប សុវត្ថិ យកកូនឡើងច្រៀងជាមួយគ្នាម្តង តើលោកនៅតែល្បីទៀត ឬក៏ត្រូវបាក់ស្រុតចុះ? ព្រោះតែយុវវ័យលែងស្តាប់បទចម្រៀងលោក ហើយងាកមកស្តាប់បទសុវត្ថិ មុនីវណ្ណ វិញម្តង។
លោកមិញ សុធីវណ្ណ តារាចម្រៀងជើងចាស់ បានឱ្យដឹងថា ជាធម្មតាឪពុកណាក៏ចង់ឱ្យកូនល្អដែរ ហេតុនេះហើយបានជាព្រាប សុវត្ថិ ដែលជោគជ័យនៅហង្សមាស នោះ គាត់ចង់ឱ្យកូនគាត់នៅកន្លែងល្អដូចគាត់ដែរ អីចឹងគឺមិនមានការប៉ះពាល់ដល់ខ្លួនគាត់ទេ។
លោកសុធីវណ្ណ អះអាងថា “ខ្ញុំគិតថា នេះជាការឆក់ឱកាសមួយ ព្រោះហង្សមាស យកកូនព្រាប សុវត្ថិ ចូល គឺគេមើលឃើញថា កូនគាត់មានទេពកោសល្យល្អអ្វីមួយបានជាគេយក ហើយធម្មតាទេ ឪពុកណាក៏ចង់ឱ្យកូនល្អដែរ អីចឹងព្រាប សុវត្ថិ ចង់ឱ្យកូនគាត់ល្អដូចគាត់ដែរ បានជាឱ្យចូលច្រៀងនៅហង្សមាស ដែរហ្នឹង។ ខ្ញុំគិតថា គឺពេលកូនគាត់ចូលច្រៀងផលិតកម្មជាមួយគ្នានេះ ដូចជាមិនប៉ះពាល់អីទៅព្រាប សុវត្ថិ ដែលអាចធ្លាក់ចុះនោះទេ ព្រោះមានតារាមួយចំនួនទៀត គាត់ក៏ឱ្យកូនៗគាត់ច្រៀងដូចគាត់ដែរហ្នឹង”។
យ៉ាងណា ការដែលកូនព្រាប សុវត្ថិ បានចូលច្រៀងនៅហង្សមាស ដោយងាយបើទោះសុវត្ថិ មុនីវណ្ណ មិនដែលចេញច្រៀងតាមឆាកតន្ត្រី និងមិនធ្លាប់ឆ្លងកាត់ការប្រលងទាល់តែសោះនោះ បានធ្វើឱ្យមតិមួយចំនួនរិះគន់លើហង្សមាស ដែរថា ចូលបានតាមខ្សែបក្ខពួកជាដើម ស្របពេលដែលមានការលើកឡើងថា ការចេញបទចម្រៀងរបស់កូនព្រាប សុវត្ថិ នៅពេលនេះ គឺជាសញ្ញាមួយដែលបញ្ជាក់ថា កំពូលតារាចម្រៀងរូបនេះបានត្រៀមខ្លួនក្នុងការចូលនិវត្តន៍នាពេលខាងមុខដ៏ឆាប់នេះហើយ ឬចាប់ពីពេលនេះតទៅ ព្រាប សុវត្ថិ នឹងមិនអាចច្រៀងបទសម័យដូចមុនទៀតឡើយ គឺអាចច្រៀងបទពីដើមៗវិញម្តង ព្រោះថា បទបែបយុវវ័យនោះ គឺវ័យរបស់លោកបានហួស ហើយពេលនេះ គេនឹងទម្លាក់ឱ្យកូនប្រុសលោកច្រៀងម្តងវិញជាមិនខាន។
លោកមិញ សុធីវណ្ណ បន្ថែមថា “រឿងការយកតារាចូលរបស់ហង្សមាស ហ្នឹង ខ្ញុំមិនអាចនិយាយបានទេ ព្រោះជាកិច្ចការផ្ទៃក្នុងរបស់ហង្សមាស។ តែខ្ញុំគិតថា ជារឿងធម្មតាទេ ដែលព្រាប សុវត្ថិ យកកូនចូលច្រៀងនៅហង្សមាស នោះ គ្មានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគាត់អីទេ គឺព្រោះតែគាត់ ចង់ឱ្យកូនគាត់បានល្អដូចគាត់ដែរ ទើបគាត់ឱ្យចូលច្រៀងជាមួយហ្នឹង”។
ក្រៅពីសុវត្ថិ មុនីវណ្ណ ដែលទើបក្លាយជាតារាម្រៀងរបស់ហង្សមាស នោះ លោកព្រាប សុវត្ថិ នៅមានកូនប្រុស២នាក់ ផ្សេងទៀត ដែលត្រៀមចូលហង្សមាស ដែរ គឺសុវត្ថិ សិរីវុធ និងសុវត្ថិ មុនីនាគ ដែលពួកគេសុទ្ធតែចង់ដើរតាមគន្លងរបស់ឪពុកគេ ដែលជោគជ័យលើវិស័យចម្រៀង២០ឆ្នាំនោះ គ្រប់គ្នា ហើយគេថា ឪខ្លា កូនក៏ខ្លា ដូចនេះ មានតែរង់ចាំមើលថា តើកូនព្រាប សុវត្ថិ នឹងល្បីឈ្មោះដូចជាឪពុករបស់គេដែរឬទេ នាពេលខាងមុខនេះ?
ប៉ុន្តែ យ៉ាងណា មហាជនបានលើកឡើងថា តារាចម្រៀងវ័យក្មេងសុវត្ថិ មុនីវណ្ណ នឹងពិបាកប្រជែងជាមួយតារាម្ចាស់ពាននៅហង្សមាស ដែលកើតចេញពីការគាំទ្ររបស់ទស្សនិកជន មានដូចជា លោកថែល ថៃ, លោកនី រតនា, លោកដួង វីរៈសិទ្ធ ជាដើមនោះជាមិនខាន បើទោះជាពេលនេះ អ្នកមានសំឡេង ល្អជាងគេ ក្នុងចំណោមអ្នកបានពាន គឺប៊ុត សីហា បានស្ងប់ស្ងាត់ដូច ចោរលួចសេះក៏ដោយ៕