សុខ ពិសី បាត់១ បានមកវិញ៣

សុខ ពិសី ធ្វើឱ្យគេមានការស្រពេចស្រពិលថា តើតារាចម្រៀងសាច់ដូចម៉ែសំឡីរូបនេះ នៅតែអាចរក្សាតំណែងទៀតបានដែរឬអត់ នៅពេលដែលនាងបានបាត់បង់ដៃគូចម្រៀង និងសម្តែងសំខាន់ដ៏យល់ចិត្តរបស់ខ្លួន លោកខេមរៈ សិរីមន្ត ដែលប្តូរចិត្តទៅរកដៃគូថ្មី ឱក សុគន្ធកញ្ញា នោះ ព្រោះតារាប្រុសទាំងអស់នៅសាន់ដេ មិនមានអ្នកណាម្នាក់ដែលស្និទ្ធស្នាលជាមួយពិសី ដូចសិរីមន្ត នោះឡើយ។ ប៉ុន្តែ ទន្ទឹមនឹងការមិនទាន់ដឹងថា តើតារាប្រុសរូបណានឹងមកជំនួសតំណែងខេមរៈ សិរីមន្ត ក្នុងការចាប់ដៃគូជាមួយស្រីស្អាតសុខ ពិសី នោះ គឺស្រាប់តែពេលនេះ ផលិតកម្មសាន់ដេ មិនត្រឹមតែមិនពិបាកក្នុងការរកជំនួសម្នាក់នោះទេ តែផលិតកម្មធំមួយនេះ បានដាក់គោលការណ៍ឱ្យតារាប្រុសរបស់ខ្លួន ដែលមាននៅក្នុងដៃដល់ទៅ៣រូប ចូលមកចាប់ដៃគូសុខ ពិសី នៅពេលនេះ។

ប្រភពបានឱ្យដឹងថា លោកឡាយ សុខចំរើន ថៅកែសាន់ដេ មានការសម្រេចចិត្តរួចទៅហើយថា សម្រាប់តារាប្រុសដែលមកជំនួសតំណែងខេមរៈ សិរីមន្ត នៅពេលនេះ ក្នុងការចាប់ដៃគូជាមួយសុខ ពិសី នោះ គឺមានដល់ទៅ៣នាក់ឯណោះ ដើម្បីឆ្លាស់គ្នាក្នុងការច្រៀងផ្តោះផ្តងសាសងជាមួយតារាស្រីសាច់សខ្ចី រលោងស្រមោចវាជ្រុះ សុខ ពិសី នៅពេលនេះ គឺមានតែនាយចឺម (សុខ មេសា), ឆាយ វីរៈយុទ្ធ (ឆាយ ចាន់ឆោម) និងលោកខាន់ ជេមស៍។ ក្រៅពីនេះតារាប្រុសផ្សេងទៀត របស់សាន់ដេ មិនស្ថិតក្នុងជម្រើសដែលអាចចាប់ដៃគូជាមួយសុខ ពិសី ឡើយ បើទោះជាពិសី បានបើកចិត្តយ៉ាងទូលាយថា នាងមិនប្រកាន់ខ្លួនក្នុងការចាប់ដៃគូជាមួយតារាណាម្នាក់ក៏បានក៏ដោយ។

សុខ ពិសី និងឆាយ វីរៈយុទ្ធ

មានការកត់សម្គាល់ដែរថា ក្នុងចំណោមតារាប្រុសទាំង៣ ដែលសាន់ដេ បញ្ជូនឱ្យទៅធ្វើជាដៃរបស់ស្រីស្អាតដាច់គេនៅសាន់ដេ នោះ ទាំងលោកឆាយ វីរៈយុទ្ធ និងខាន់ ជេមស៍ គឺគ្មានអ្វីចម្លែកឡើយក្នុងការច្រៀងឆ្លងឆ្លើយជាមួយពិសី ដែលមានបទពិសោធន៍ជោកជាំ ចាប់អាជីពចម្រៀងជាង១ទសវត្សដូចគ្នានោះ។ ប៉ុន្តែ នាយចឺម បែរជាត្រូវសាន់ដេ ដាក់គោលដៅថា ជាតារាសំខាន់របស់ខ្លួនដែរ នៅពេលនេះ បើទោះជាតារាក្មេងនេះ ទើបតែបោះបង់អាជីពកំប្លែងនៅ CTN ទើបជាង២សប្តាហ៍ ហើយមកចាប់អាជីពចម្រៀងផ្តាច់មុខនៅសាន់ដេ ក្តី តែនាយចឺម អាចចូលទៅជំនួសសិរីមន្ត បានហើយនៅពេលនេះ ព្រោះនឹងត្រូវធ្វើជាដៃគូថ្មីរបស់សុខ ពិសី ទាំងការច្រៀង និងសម្តែងភាពយន្ត។

ទោះជាយ៉ាងណា ថ្វីត្បិតតែសុខ ពិសី បាត់ប្រុស១ រកបានប្រុសដល់ទៅ៣នាក់ ក្នុងការចាប់ដៃគូថ្មីក្តី តែគេមិនទាន់អាចសន្និដ្ឋានបានទេថា តើរវាងនាយ ចឺម, វីរៈយុទ្ធ និងជេមស៍ នោះ នឹងធ្វើឱ្យពិសី មានការចាប់អារម្មណ៍ខ្លាំង ដូចកាលដែលស្រីស្អាតរូបនេះនៅចាប់ដៃគូជាមួយសិរីមន្ត ដែរឬទេ ខណៈដែលសិរីមន្ត បានបន្ថែមការចាប់អារម្មណ៍ច្រើនទៅលើឱក សុគន្ធកញ្ញា នៅពេលនេះ។

សុខ ពិសី ត្រូវបានផលិតកម្មសាន់ដេ បន្តលើកស្ទួយ ដោយផ្តល់បទចម្រៀង ល្អៗ និងតំណែងជាតួឯកឱ្យនាងជាទៀងទាត់ ច្រើនជាងតារាស្រីផ្សេងទៀតរបស់ ផលិតកម្មនេះ ទើបធ្វើឱ្យពិសី នៅតែស្ថិតក្នុងចំណោមតារាស្រីជួរមុខគេ ដែលរកប្រាក់ចំណូលបានច្រើនប្រចាំឆ្នាំជាមួយការច្រៀង Concert ១កម្មវិធី ស៊ីថ្លៃ២ពាន់ដុល្លារ ហើយពិសី ក៏ទើបថតបញ្ចប់ភាពយន្តថ្មីរបស់ខ្លួនដែរ គឺរឿង “អាឡេវចូលក្រុង” ដែលរូបនាងជាតួឯកប៉ះជាមួយលោកឆាយ វីរៈយុទ្ធ៕

ខាត់ ជែមស៍
នាយចឺម
សុខ ពិសី និងខេមរៈ សិរីមន្ត