Tuesday, April 23, 2024
Homeតារាខ្មែរអែនឌី ចំណាយលុយ២ពាន់ដុល្លារ ធ្វើឲ្យឌុច លីដា និងសុខ សោម៉ាវត្តី ឈ្លោះគ្នា

អែនឌី ចំណាយលុយ២ពាន់ដុល្លារ ធ្វើឲ្យឌុច លីដា និងសុខ សោម៉ាវត្តី ឈ្លោះគ្នា

ឌុច លីដា បានយំផង ស្រែកផង សឹងបែកត្រចៀកសុខ សោម៉ាវត្តី ក្នុង Trailer បទថ្មីរបស់លោកអែនឌី “នឹកបង៥០%” ដែលជាបទល្បីនៅហង្សមាស អំឡុងពេលដែលលោកអែន ឌី ឈរជើងនៅហង្សមាស កាលពីឆ្នាំ២០០២ ហើយពេលនេះម្ចាស់បទនេះបានយកបទរបស់ខ្លួនមក Cover ឡើងវិញ ដោយរក្សាប៉ារ៉ូលដើមនៅទាំងអស់ តែធ្វើភ្លេងឡើងវិញ។

នៅក្នុង Trailer បទ ”នឹកបង៥០%” នោះ កញ្ញាឌុច លីដា មានស្នេហាត្រីកោណជាមួយអ្នកនាងសុខ សោម៉ាវត្តី ហើយពួកគេឈ្លោះហែកហួរគ្នាដណ្ដើមលោកអែនឌី ដែលជាប្រុសសាវា ខ្លួន១ចង់ជិះទូក២ តែម្នាក់ឯងនោះ។ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍បទថ្មីរបស់លោកអែនឌី នេះថា គ្រាន់តែចេញ Trailer ភ្លាម មានភាពខុសប្លែកពីបទផ្សេងៗភ្លែត ព្រោះថាគេកម្រឃើញតារាស្រីល្បីឈ្មោះ២ដួង កញ្ញាឌុច លីដា និងអ្នកនាងសុខ សោម៉ាវត្តី លេងប៉ះគ្នាក្នុងបទចម្រៀងតែមួយបែបនេះណាស់ ហេតុនេះហើយតាមរយៈការសម្ដែងបុកគ្នានេះ គេឃើញសមត្ថភាពរបស់តារាស្រីទាំង២ដួងនេះខ្លាំងៗដូចគ្នា ដែលពិបាកក្នុងការកំណត់ថា តើអ្នកណា១ខ្លាំងជាង។ ទន្ទឹមនឹងនេះ ក៏មានចម្ងល់ថា ហេតុអីបានជាលោកអែនឌី អាចហៅតារាស្រីទាំង២ មកសម្ដែងឈុតស្នេហាឱបថើបជាមួយលោកបានយ៉ាងរោលរាល ធ្វើឲ្យប្រុសៗដែលគ្រាន់តែឃើញ Trailer បន្ដិចនោះសោះ បែរជាពួកគេព្រឺរោមបះសក់ច្រូងអស់តែម្ដង។

លោកអែនឌី និយាយដោយសប្បាយរីករាយថា “ជាការពិត តារាស្រីទាំង២ដួងនេះមានការរវល់ច្រើនណាស់ អីចឹងការហៅថតបទតែ១ជាមួយគ្នា គឺមិនមែនជាការងាយស្រួលឡើយ តែដោយសារចង់ឲ្យបទ ”នឹកបង៥០%” មានភាពប្លែក ទើបលោកទន្ទឹងរង់ចាំឌុច លីដា និងសុខ សោម៉ាវត្តី រហូតបានថតរួមគ្នាដូចគ្រោង”។

លោកអែនឌី ថ្លែងថា ”តាមរយៈបទ ”នឹកបង៥០%” នេះ ខ្ញុំឃើញទាំងលីដា និងវត្តី ពិតជាមានទេពកោសល្យខ្លាំងមែន គឺការសម្ដែងរបស់គេលែងដល់កំពូលតែម្ដង ព្រោះប៉ះឈុតអី ក៏អាចលេងបានដែរ អីចឹងខ្ញុំពេញចិត្តសមត្ថភាពអ្នកទាំង២ដូចគ្នា។ ចំពោះរឿងឈុតឱបថើបនោះ គឺចៀសមិនផុតទេ ព្រោះស្នេហាត្រីកោណ តែយើងធ្វើមិនឲ្យហួសហេតុពេកឡើយ គឺល្មមៗ ទៅតាមសាច់រឿងក្នុងបទចម្រៀង។ បទនេះនឹងចេញ Full MV ក្នុងពេលឆាប់ៗនេះហើយ តែពេលនេះយើងចេញជា Trailer សិន ហើយខ្ញុំសង្ឃឹមថា នឹងមានការគាំទ្រពីបងប្អូន ព្រោះថាបទនេះយើងមានការសម្រិតសម្រាំងច្រើនជាងបទមុនៗផងដែរ”។

តាមប្រភពថា បទ ”នឹកបង៥០%” នេះ លោកអែនឌី បានចំណាយលុយដល់ទៅ២ពាន់ដុល្លារឯណោះ ក្នុងការចេញបាន១បទនេះទៅរួចបាន ខណៈដែលបទចម្រៀងជាទូទៅ គឺគេចាយត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ក្នុង១បទ អីចឹងហើយបានជាគេចាំមើលថា តើលោកអែនឌី នឹងជោគជ័យកម្រិតណាចំពោះបទ១នេះ ដែលធ្វើឲ្យឌុច លីដា និងសុខ សោម៉ាវត្តី ឈ្លោះប្រកែកគ្នាឡើងបែកផ្សែង ព្រោះតែលោកអែន ឌី មានចិត្តផិតក្បត់ក្រោយខ្នងនោះ?

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បន្ថែមថា ”បទនេះខ្ញុំចាយអស់ប្រាក់ជិត២ពាន់ដុល្លារមែន តែយើងមិនជួបផលវិបាកអីទេ ព្រោះថាមាន Sponsor គាត់ជួយផ្សព្វផ្សាយដែរ។ ចំពោះការរំពឹងថា បទនេះមានការគាំទ្រកម្រិតណានោះ ខ្ញុំមិនទាន់អាចសន្និដ្ឋានបានទេ គឺអាស្រ័យលើបងប្អូនទាំងអស់គ្នាដែលទស្សនាបទនេះសិន ហើយខ្ញុំក៏ត្រៀមចេញបទជា Original Songs ថែមទៀត ក្នុងពេលខាងមុខនេះផងដែរ ដោយយើងនឹងជ្រើសយកតារាសម្ដែងល្បីៗមកថតបន្ថែមទៀត ដើម្បីឲ្យទស្សនិកជនគាត់ចាប់អារម្មណ៍ជាមួយបទចម្រៀងយើងជាបន្ដបន្ទាប់ទៀតនោះ”។

តាមរយៈ Trailer បទ ”នឹកបង៥០%” នេះ គេឃើញឌុច លីដា ហាក់មានទេពកោសល្យខ្លាំងជាងសុខ សោម៉ាវត្តី ទៅទៀត ព្រោះអាចយំក៏បាន ឱបថើបក៏បាន អីចឹងហើយបានជាតារាសិចសុីរូបនេះ ត្រូវប៉ាន់ខ្លាំងណាស់។ តែលោកអែនឌី បានអះអាងថា លោកគិតថា លីដា និងវត្តី គឺមានសមត្ថភាពខ្លាំងម៉្យាងម្នាក់ គ្មានអ្នកណាខ្លាំងជាង ខ្សោយជាងនោះទេ ហើយលោកពេញចិត្តស្រីស្អាតទាំង២ស្មើគ្នាផងដែរ៕

RELATED ARTICLES