Saturday, April 27, 2024
Homeតារាខ្មែរឌុច សុភា ល្បីប្រពន្ធលោកផ្កាយ២ ឃាំងផ្លូវ

ឌុច សុភា ល្បីប្រពន្ធលោកផ្កាយ២ ឃាំងផ្លូវ

អ្នកមេម៉ាយកូនមួយ ក្តៅស្រួយឈ្ងុយដូចដូងដុត អ្នកនាងឌុច សុភា ដែលល្បីសាងស្នេហ៍ជាមួយមន្ត្រីធំផ្កាយ២ ហើយមានជីវភាពកាន់តែហ៊ឺហានោះ តាមដំណឹងចុងក្រោយថា ប្រពន្ធលោកផ្កាយ២ កំពុងដាក់គំនាបប្តីឱ្យឈប់ចងសម្ព័ន្ធស្នេហ៍ជាមួយអ្នកនាង ខណៈដែលលោកផ្កាយ២ ក៏បានដកថយផងដែរ…។

ទំនាក់ទំនងស្នេហ៍រវាងតារាភាពយន្តវ័យជ្រេរូបស្រស់ អ្នកនាងឌុច សុភា ជាមួយមន្ត្រីធំផ្កាយ2 បានសាយភាយឡើង រយៈពេលជាង2ឆ្នាំមកហើយ ថែមទាំងល្បីថា លោកផ្កាយ2រូបនោះ បានជួយជ្រោមជ្រែងនាងស្ទើរគ្រប់យ៉ាងទៀតផង ទាំងទ្រនំវីឡាដ៏ធំស្កឹមស្កៃ ដែលអ្នកនាងកំពុងរស់នៅ រថយន្តទំនើប និងដីធ្លីមួយចំនួនទៀត។

កន្លងមក លោកជំទាវដែលជាប្រពន្ធដើមមន្ត្រីធំផ្កាយ2 ឧស្សាហ៍ឡើងចុះនៅក្រៅប្រទេស ក៏ធ្លាប់ចេញមុខព្រមានម្តងរួចមកហើយ ប៉ុន្តែ បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលសុភា បានបដិសេធថា ពុំបានទាក់ទងលោកផ្កាយ2 ថែមទាំងចង់ឱ្យលោកជំទាវរូបនោះចេញមុខតទល់ជាមួយអ្នកនាងទៀតផង។

តាមប្រភពថា លោកជំទាវបានដកថយ ដោយសារមិនចង់ឱ្យប៉ះពាល់កិត្តិយសស្វាមី ដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាល ខណៈដែលគ្រោងឡើងឋានៈទៀតផងនោះ។

យ៉ាងណា តាមប្រភពចុងក្រោយបានបង្ហើបឱ្យដឹងថា មួយរយៈចុងក្រោយនេះ លោកជំទាវដែលជាប្រពន្ធដើមលោក ផ្កាយ២ បានតាមឃ្វាលប្តីជាខ្លាំង ដោយដាក់គំនាបឱ្យប្តីកាត់ផ្តាច់ទំនាក់ទំនងជាមួយសុភា តែម្តង ខណៈដែលលោកផ្កាយ2ក៏បានដកថយផងដែរ។

តាមប្រភពថា លោកផ្កាយ2 ហាក់ពិបាកកាត់ផ្តាច់សម្ព័ន្ធភាពជាមួយឌុច សុភា ប៉ុន្តែ នៅពេលលោកជំទាវរឹតបន្តឹងក៏ខ្លាចញញើតដែរ ស្របពេលដែលកូនៗក៏មានវ័យកំលោះក្រមុំទៅហើយនោះ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយពីអ្នកមេម៉ាយរូបស្រស់ឌុច សុភា បានទេ។

យ៉ាងណា កន្លងមកអ្នកនាងធ្លាប់អះអាងថា មិនស្គាល់ ឬមានទំនាក់ទំនងស្នេហ៍ជាមួយមន្ត្រីធំផ្កាយ2 ណា ដូចការលេចឮនោះទេ។ ម៉្យាងអ្វីដែលអ្នកនាងមានពេលនេះ គឺកើតឡើងពីកម្លាំងញើសឈាមរបស់ខ្លួនទាំងស្រុង។

ក្រោយកាត់ផ្តាច់ចំណងអាពាហ៍ពិពាហ៍ពីលោកពៅ សីហា មន្ត្រីប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនបាវិត ដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់ អ្នកនាងឌុច សុភា ដែលមានសម្រស់នៅតែទាក់ទាញ បានបោកផ្ទប់នឹងដំណឹងស្នេហ៍ជាបន្តបន្ទាប់ ទាំងជាមួយបុរសក្នុងនិងក្រៅស្រុក ដែលល្បីថា មានបុរសៗជាច្រើនតាមថ្ពក់ស្នេហ៍មានបុរសអូស្ត្រាលី ប្រុសអាមេរិក លោកឧកញ៉ា និងអ្នកជំនួញជាដើម។ ប៉ុន្តែ នាពេលចុងក្រោយនេះ ល្បីសាយខ្លាំងចំពោះដំណឹងស្នេហ៍ជាមួយលោកផ្កាយ2 រហូតធ្វើឱ្យប្រពន្ធដើមឆេះដុំជាខ្លាំង ខណៈដែលនាពេលចុងក្រោយនេះ លោកជំទាវកាន់តែរឹតបន្តឹងឃាំងផ្លូវប្តី។

ពាក់ព័ន្ធនឹងអាជីពសិល្បៈនាពេលចុងក្រោយនេះ អ្នកនាងឌុច សុភា នៅតែមុជមិនជ្រៅទៅមិនឆ្ងាយ ដោយនៅតែទទួលឱកាសថតភាពយន្ត និងថតឈុតខារ៉ាអូខេជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះ បានថតឈុតខារ៉ាអូខេឱ្យផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់។

យ៉ាងណា អ្នកសិល្បៈនិយាយថា សុភា លេងសិល្បៈគ្រាន់តែកំដអារម្មណ៍កែអត់ផ្សុកតែប៉ុណ្ណោះ គឺអ្នកនាងគ្មានបំណងសន្សំប្រាក់ល្អិតពីវិស័យនេះទេ។ ម៉្យាងអំឡុងពេលនេះជីវិតរបស់អ្នកនាងប្រៀបដូចជាលោកជំទាវទៅហើយ ដែលមានទាំងទ្រនំវីឡាដ៏ធំស្កឹមស្កៃ រថយន្តទំនើប ដីធ្លី និងហាងអ៊ីនធើរណេតមួយកន្លែងជាដើម។

មជ្ឈដ្ឋានជាច្រើន នៅតែលើកសរសើរពីរូបសម្រស់ និងទេពកោសល្យសម្តែងរបស់សុភា គឺមិនបាក់ស្រុតនោះទេ ថែមទាំងមានឱកាសសម្តែងប៉ះជាមួយតួឯកប្រុសវ័យក្មេងជាបន្តបន្ទាប់ទៀតផង។

តាមប្រភពថា ប្រសិនបើក្រុមផលិតករតម្រូវឱ្យឌុច សុភា ថតជាតួម្តាយនោះ ក៏អ្នកនាងមិនអើពើទទួលថតដែរ បើទោះបីឱ្យតម្លៃខ្លួនខ្ពស់កម្រិតណា។

ក្រុមផលិតករមួយចំនួនលើកឡើងថា បើអ្នកនាងឌុច សុភា ប្រឡូកសិល្បៈពេញទំហឹង នឹងមិនប្រកាន់ចរិតតួឯកនោះ អ្នកនាងនៅតែដណ្តើមបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ។

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងប្រពន្ធលោកផ្កាយ2 តាមបំបែកស្នេហ៍ យើងនឹងរង់ចាំការស្រាយបំភ្លឺពីអ្នកមេម៉ាយរូបស្រស់ នៅតែមានមន្តស្នេហ៍ទាក់ទាញអ្នកនាងឌុច សុភា ជានិច្ច…៕

RELATED ARTICLES