តារាសម្តែងទសវត្សន៍៩០ អ្នកនាងកែវ កល្យាណ បដិសេធថតរឿងភាគឲ្យហង្សមាស រហូតដល់៦រឿង

អតីតតារាសម្ដែងល្បីល្បាញកាលពីទសវត្សន៍ឆ្នាំ១៩៩០ អ្នកនាងកែវ កល្យាណ ត្រូវបានគេបង្ហើបថា នៅតែមានទីផ្សារសិល្បៈអីចឹង បើសិនជាអ្នកនាងព្រមវិលត្រឡប់មករកអាជីពចាស់ ដែលអ្នកនាងបានបោះបង់ជាង១ទសវត្សន៍មកហើយ ព្រោះថាពេលនេះផលិតករមួយចំនួននៅតែចាប់អារម្មណ៍ចង់បានអ្នកនាងកល្យាណ មកថតសម្ដែងក្នុងភាពយន្ដជាថ្មី ដោយសារតែមានការសោកស្ដាយនូវសមត្ថភាព ទេពកោសល្យដ៏ជោគជាំរបស់អ្នកនាង ដែលបានកប់ចោលនៅពេលនេះ។

ប្រភពបានឲ្យដឹងថា អ្នកនាងកែវ កល្យាណ ស័ក្តិសមក្នុងការសម្ដែងជាតួជំទាវ និងរឿងភាគបុរាណ ជាដើម ព្រោះថាសម្រស់អ្នកនាងនៅតែមានភាពទាក់ទាញ ហើយកេរ្ដិ៍ឈ្មោះរបស់អ្នកនាងនៅតែប្រជាជនខ្មែរចងចាំដដែល ហេតុនេះហើយបើអ្នកនាងលេចមុខក្នុងភាពយន្ដណានោះ ច្បាស់ជាទស្សនិកជនចាប់អារម្មណ៍អតីតតារាសម្ដែងរូបនេះខ្លាំងឡើងវិញជាមិនខាន។

តាមព័ត៌មានបានឲ្យដឹងទៀតថា កែវ កល្យាណ ត្រូវបានអ្នកដឹកនាំសម្ដែងរឿងភាគរបស់ផលិតកម្មរស្មីហង្សមាស ពេញចិត្តក្នុងការឲ្យអ្នកនាងសម្ដែងរឿងភាគរបស់ខ្លួនជាថ្មីឡើងវិញ ដោយប្រគល់ឲ្យថតដល់ទៅ៦រឿងជាប់គ្នាទៀតផង ឲ្យតែអ្នកនាងព្រមថត ប៉ុន្ដែអ្នកនាងកល្យាណ បែរជាសម្រេចចិត្តមិនទទួលក្នុងការថតសិល្បៈឡើងវិញឡើយព្រោះថាអ្នកនាងចង់យកពេលនៅជាមួយក្រុមគ្រូសារឲ្យបានច្រើនវិញ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ អតីតតារាសម្ដេងល្បីឈ្មោះរូបនេះហាក់ដូចជាមិនចង់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតឡើយ ដោយលើកហេតុផលថា ពេលនេះអ្នកនាងបានចាកចេញពីសិល្បៈទៅហើយ គឺមិនមានអ្វីឆ្លងឆ្លើយជាមួយអ្នកសារព័តមានទៀតនោះទេ។

 

អ្នកនាងកែវ កល្យាណ និយាយមួយៗថា ”អូ! ខ្ញុំចេញពីសិល្បៈហើយតើ! ម៉េចបានមកសម្ភាសន៍ខ្ញុំអីទៀតទៅ តាមពិតការថតភាពយន្ដនោះ ខ្ញុំមានការទាក់ទងពីផលិតកម្មមួយចំនួនមែន តែខ្ញុំសូមការអធ្យាស្រ័យពីពួកគាត់ថា ខ្ញុំមិនថតវិញទេ។ ចំណែកហង្សមាស វិញ ដូចដឹងហើយថា ខ្ញុំពីមុនថតនៅហ្នឹងច្រើនណាស់ ហើយថ្មីៗនេះ គាត់ហៅខ្ញុំឲ្យថតរឿងភាគ ”សិសិររដូវក្នុងបេះដូង” មែន តែខ្ញុំជាប់រវល់មិនមានពេលគ្រប់គ្រាន់ថតឲ្យគាត់ ក៏សុំអធ្យាស្រ័យពីគាត់ ព្រោះអីខ្ញុំឈប់ពីសិល្បៈដាច់ហើយ។ និយាយទៅ ហង្សមាស គាត់បានផ្ដល់ឱកាសឲ្យខ្ញុំថតដល់ទៅ៦រឿងឯណោះ គឺរឿងភាគទូរទស្សន៍គាត់ តែខ្ញុំមិនបានថតឲ្យគាត់ទេ។ តាមពិតសិល្បៈខ្ញុំនៅតែស្រលាញ់អីចឹង គ្រាន់តែថាពេលនេះខ្ញុំបានឈប់ដាច់ហើយ មិនមានគម្រោងវិលចូលសិល្បៈវិញទេ។ ខ្ញុំជាប់រវល់ការងារខ្ញុំនៅខាងក្រៅដែរ”។

អ្នកនាងកែវ កល្យាណ បានលេចមុខក្នុងកម្មវិធីមង្គលការតារាចម្រៀងសុគន្ធ និសា នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភោគិត្រា តែអ្នកនាងមិនបានបណ្ដើរស្វាមីជាអ្នកជំនួញទៅជាមួយឡើយ។ កែវ កល្យាណ ត្រូវបានគេដឹងថា អ្នកនាងកំពុងរស់នៅជាមួយស្វាមីនិងកូនៗទាំង៣នាក់ នៅវីឡាយ៉ាងប្រណីត ក្នុងសង្កាត់ភ្នំពេញថ្មី (បឹងបាយ៉ាប) តែអ្នកនាងមិនទាន់រៀបអាពាហ៍ពិពាហ៍ឡើយ។ ការមិនវិលត្រឡប់រកអាជីពចាស់វិញរបស់អ្នកនាងកែវ កល្យាណ នៅពេលនេះ គឺដូចគ្នាទៅនឹងអតីតតារាសម្ដែងល្បីឈ្មោះអ្នកនាងឡាយ លក្ខិណា ដែរ ដែលមុននេះផលិតកម្មថោន ហៅឲ្យថតរឿង ”រៃមាស” តែអ្នកនាងលក្ខិណា បានប្រកែក៕