Saturday, April 20, 2024
Homeតារាខ្មែរសូ ដានីតា សែនស្តាយឡុង លីគ័ង្គ មិនបានពាន និងសរសើរសំឡេងអស់ទាស់

សូ ដានីតា សែនស្តាយឡុង លីគ័ង្គ មិនបានពាន និងសរសើរសំឡេងអស់ទាស់

ភ្នំពេញ ៖ តារាចម្រៀងនិងសម្តែង សូ ដានីតា បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងបានបញ្ចោញនូវអារម្មណ៍ពិត កោតសរសើរចំពោះសមត្ថភាព និងទឹកដមសំឡេងរបស់កុមារ ឡុង លីគ័ង្គ អតីតបេក្ខភាពវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” រដូវកាលទី១ ថា មានសំឡេងអស់ទាស់។

បន្ទាប់ពីបានជួបផ្ទាល់ជាមួយនឹងកុមារ ឡុង លីគ័ង្គ នៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗកន្លងទៅនេះ សូ ដានីតា បានលាន់មាត់ភ្ញាក់ផ្អើលនៅពេលឃើញកុមារលីគ័ង្គ បញ្ចោញសមត្ថភាពក្នុងការច្រៀងចម្រៀងបានយ៉ាងល្អ  ដោយមិនត្រឹមតែត្រូវតុងភ្លេងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានសំឡេងខ្ពស់ ស្រែកមិនភ្លាវទៀតផង។ ស្របជាមួយនេះ សូ ដានីតា ហាក់សម្តែងនូវអារម្មណ៍សោកស្តាយដែលកុមារលីគ័ង្គ មិនបានជាប់ជាម្ចាស់ជ័យលាភី “The Voice Kids Cambodia” ប៉ុន្តែយ៉ាងណាក្តី សូ ដានីតា បានលើកឡើងថា អនាគតកុមារលីគ័ង្គ នៅវែងឆ្ងាយ ហើយច្បាស់ជាល្បីឈ្មោះទៅថ្ងៃមុខ ជាក់ជាមិនខាន។

តារាសម្តែង សូ ដានីតា បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ថា “បេក្ខជន The Voice kids លីគង្គ័ សំឡេងអស់ទាស់ ច្រៀងដឹងតុងភ្លេង ស្រែកឡើងមិនភ្លាវ តែសែនស្តាយមិនបានជាប់ក្នុងកម្មវិធី តែមិនថ្វីទេ ព្រោះទៅថ្ងៃអនាគត នឹងល្បីហើយ…”។

គួរបញ្ជាក់ថា កុមារឡុង លីគ័ង្គ មានអាយុ៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ និងមានលំនៅក្នុងខេត្តតាកែវ។ លីគ័ង្គ មានឪពុកជាអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ ចំណែកម្តាយ គឺជាកម្មការិនីរោងចក្រ។ ឡុង លីគ័ង្គ ជាកូនក្រុមរបស់លោកព្រាប សុវត្ថិ ដែលត្រូវបានលោកព្រាប សុវត្ថិ ដែលជាគ្រូបង្វឹកជ្រើសយកឱ្យបន្តទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែគួរឱ្យសោកស្តាយ កុមារលីគ័ង្គ មិនមានវាសនាបានលើកពានរង្វាន់ក្នុងកម្មវិធីប្រឡងប្រជែងលំដាប់ថ្នាក់ពិភពលោកមួយនេះទេ ខណៈដែលម្ចាស់ជ័យលាភី “The Voice Kids Cambodia” រដូវកាលទី១ ពិតប្រាកដ បានធ្លាក់ទៅលើដៃកុមារពេជ្រ ថៃ៕

RELATED ARTICLES