ខេត្តកណ្តាល ៖ ក្រោយបញ្ចោញកណ្តាប់ដៃដែក ចុះបង្ក្រាបបំបែកសម្បុកល្បែងបញ្ជល់មាន់ដ៏ធំ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីតាំងសង្វៀនបញ្ជល់មាន់ដុះស្លែមួយកន្លែង ស្ថិតក្នុងទឹកដីឃុំ អរិយក្សត្រ ស្រុកល្វាឯម រួចមក នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានទម្លាយចេញឈ្មោះអង្គភាពសារព័ត៌មានចំនួន១៥៧អង្គភាព ដែលមានជាប់ពាក់ព័ន្ធនឹងសង្វៀនមាន់ ដែលកម្លាំងនគរបាលខេត្តកណ្តាល ចុះបង្ក្រាបកាលពីពេលកន្លងមក។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល កាលពីវេលាម៉ោង៩ និង៤៩នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានសរសេរបញ្ជាក់ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយ នាថ្ងៃទី០៤ ខែធ្នូ ២០១៧ នៅភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម យើងបានទទួលជោគជយ័១០០ភាគរយ។ ប៉ុន្តែខ្ញុំនៅតែមានចម្ងល់យ៉ាងខ្លាំងចំពោះឯកសារមួយចំនួន ដែលដកហូតបានពីកន្លែងកើតហេតុនោះ (ក្នុងសង្វៀន)។
ហេតុអ្វីបានជាមាននាមបណ្ណ័ និងឧទ្ទេសនាមរបស់អ្នកកាសែត គេហទំព័រ (Website) និងទូរទស្សន៍អនឡាញ នៅក្នុងទូរក្សាឯកសារ របស់មេការសង្វៀននោះច្រើនយ៉ាងនេះ រហូត ដល់១៥៧រូបឯណោះ។ ដែលក្នុងនោះមានអ្នកសារព័ត៌មាន១៥០ គេហទំពរ័១រូប (Website) និង ទូរទស្សន៍ អនឡាញ (TV-Online) ៦រូប ផងដែរ។
តាមពិតទៅ បងប្អូនអ្នកកាសែត ដែលមានឯកសារនេះ កន្លងហើយមានមួយចំនួន លោកក៏បានខលមកខ្ញុំ មួយចំនួនក៏បានចុះផ្សាយដំណឹងឱ្យខ្ញុំ ហើយក៏មានមួយចំនួនដៀលប្រមាថ និង ថាអាជ្ញាធរសមត្ថកិច្ចខេត្ត គ្មានសមត្ថភាព៘ ការខិតខំប្រឹងប្រែងរួមទាំងអំពើល្អ មិនសូវបាន មើលឃើញនៅលើទំព័រសារព័ត៌មានរបស់កាសែតទាំងនេះទេ។ កាសែតមាននាទីរួមចំណែកក្នុង ការឆ្លុះបញ្ចាំង ជួយកែលំអប្រមូលព័ត៌មាន អសកម្មទាំងឡាយ។ ស្ថិតក្នុងវិជ្ជាជីវៈរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើឱ្យសង្គមមានស្ថិរភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។
ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វី បានជាមាននាមប័ណ្ណ និងឧទ្ទេសនាមរបស់គាត់ នៅកន្លែងនេះទៅវិញហ្ន៎ ? តើបងប្អូនអាចជួយស្រាយចម្ងល់មួយនេះដល់ខ្ញុំបានទេ? ការដែលខ្ញុំត្រូវធ្វើបញ្ជីនេះ ភ្ជាប់ជាមួយសំណុំរឿងទៅតុលាការនោះ គឺមិនមែនជាការចោទ ឬយ៉ាងណានោះទេ។ គឺអនុវត្តតាមនីតិវិធីតែប៉ុណ្ណោះ។ គឺរាល់វត្ថុតាង ដែលដកហូតយកបានពីកន្លែងកើតហេតុ នគរបាលយុត្តិធម៌ដាច់ខាតត្រូវបញ្ជូនទៅអយ្យការ និងចៅក្រម ជាចាំបាច់ ព្រោះនេះជាកាតព្វកិច្ច របស់នគរបាលយុត្តិធម៍។ សូមបងប្អូនកុំយល់ ច្រឡំទៅប្រការណាមួយផ្សេងពីនេះឱ្យសោះណា។ តែខ្ញុំនៅតែឆ្ងល់ដដែលថា ហេតុអីមាន ឯកសារទាំងនេះ នៅក្នុងសង្វៀនជល់មាន់ដ៏ធំ នេះ? ហើយការរក្សាឯកសាររបស់មេការនៅ ទីនេះ ត្រូវបានរៀបចំតាមលំដាប់ខែនីមួយៗ និងកត់ចម្លងបញ្ចូលទៅក្នុងសៀវភៅមួយក្បាលទៀត ពីតួលេខយ៉ាងច្បាស់ល្អ៘ ខ្ញុំនៅតែឆ្ងល់ ជួយស្រាយឆ្ងល់យើងខ្ញុំផង។ សូមផ្ញើជូនបងប្អូនរួមអាជីពជាមួយខ្ញុំពិនិត្យមើលផងណា! តែសូមបញ្ជាក់ថា មិនមែនបញ្ជីអ្នកទៅយក លុយទេណា គ្រាន់តែជាឯកសារដែលមាននៅ ក្នុងសង្វៀននោះប៉ុណ្ណោះ…”។
គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដុះស្លែដ៏ធំចំនួន២កន្លែង ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់តែមួយ ត្រូវបាន ធ្វើឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា ដោយក្នុងនោះសង្វៀនបញ្ជល់មាន់ទី១ ស្ថិតនៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ចំណែក សង្វៀនបញ្ជល់មាន់ទី២ ស្ថិតក្នុងទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
តាមការបញ្ជាក់របស់លោកស្នងការខេត្តកណ្តាល តួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីរសៀលថ្ងៃទី០៤ ធ្នូ មានចំនួន៦៤នាក់ ខណៈដំបូងមានមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ទើបសមត្ថកិច្ចបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ ចំណែកមនុស្សទាំង៦៤នាក់ទៀត រួមនឹងម្ចាស់សង្វៀនមាន់ មានឈ្មោះថៃ ផានី ហៅម៉ាប់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ដោយឡែកវត្ថុតាងដែលរឹបអូសបាន រួមមាន រថយន្តជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ ជាង១០០ក្បាល៕