Friday, November 22, 2024
Homeខ្សឹបឲ្យឮសង្ស័យស៊ុមគ្រលុំ

សង្ស័យស៊ុមគ្រលុំ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានខ្សឹបឱ្យឮតាម “នគរធំ” ថា សព្វថ្ងៃ សកម្មភាពប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃ កាប់ឈើគ្រញូង កំពុងកម្រើក ឡើងខ្លាំង ពិសេសនៅចំណុចច្រកដំណាក់ទឹក និងច្រកដំណាក់កណ្តាល ដែលត្រូវបានសង្ស័យថា សមត្ថកិច្ចគ្រប់គ្រងច្រកខាងលើ កំពុងស៊ុមគ្រលុំចែកផលប្រយោជន៍គ្នាជាមួយមេខ្យល់ ដើម្បីឱ្យដំណើរការលួចកាប់ និងជញ្ជូនឈើគ្រញូង ពីទឹកដីថៃ ប្រព្រឹត្តទៅដោយរលូន។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា មេខ្យល់ និងជាឈ្មួញដុះស្លែ ដែលពូកែខាងអូសទាញ ជួលប្រជាពលរដ្ឋខ្មែរឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃ លួចកាប់ឈើគ្រញូង និងជញ្ជូន ចុះពីភ្នំ មកទុកលក់ឱ្យខ្លួននោះ ត្រូវបានស្គាល់ ឈ្មោះអូន ឌីណា ភេទស្រី មានប្តីឈ្មោះម៉ីន។ ចំណែកលោករៀម ខេត ជាមេបញ្ជាការវរៈ៤០៥ ដែលគ្រប់គ្រងច្រករបៀងដំណាក់កណ្តាល និង ច្រកដំណាក់ទឹក ត្រូវបានសង្ស័យថា ស៊ុមគ្រលុំ ជាមួយមេខ្យល់២នាក់ប្តីប្រពន្ធខាងលើ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា មេខ្យល់ ប្តីប្រពន្វខាងលើនេះ កំពុងមានយីអ៊ុនខ្ពស់ខ្លាំង ណាស់ ព្រោះបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ឈរជើងនៅតំបន់ខាងលើ ទើបធ្វើឱ្យពួកគេ មានឱកាសដើរបំផុសប្រជាពលរដ្ឋជាច្រើន នាក់ដោយបើកចំហ ដែលភាគច្រើនជាជន ចំណាកស្រុក ឱ្យមកស៊ីឈ្នួលឆ្លងដែន ចូលកាប់ ឈើគ្រញូងនៅក្នុងទឹកដីថៃ មកលក់ឱ្យពួកគេ ដោយមានឈ្មោះលៀង និងប្រពន្ធ ជាអ្នកកាង និងទទួលទិញបន្ត។

ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា បើ គ្មានការបើកភ្លើងខៀវពីសមត្ថកិច្ចដែលឈរ ជើងនៅតំបន់នោះទេ ក្រុមកម្មករឆ្លងដែនដោយ ខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ច្បាស់ ជាមិនងាយស្រួលចេញចូលនោះទេ ជាពិសេស ពេលដែលជញ្ជូនឈើគ្រញូង ចុះពីលើភ្នំមក វិញ។ ហើយសមត្ថកិច្ចដែលឈរជើងនៅតំបន់ នោះ គិតតែផលប្រយាជន៍ផ្ទាល់ខ្លួន មិនបានគិត ដល់សុវត្ថិភាព អាយុជីវិតជនរួមឈាមរបស់ ខ្លួន ដែលពេលខ្លះត្រូវទាហានថៃចាប់ខ្លួន ឬ បាញ់សម្លាប់ដូចសត្វធាតុ ចោលសព ចោលឆ្អឹង នៅក្នុងព្រៃនោះឡើយ។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា ជាក់ស្តែង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ មានកម្មករឆ្លងដែនស្ពាយឈើ គ្រញូង ចេញតាមច្រកដំណាក់កណ្តាល និង ដំណាក់ទឹក ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ លោករៀម ខេត មេបញ្ជាការវរៈ៤០៥ មាន គ្នាមិនតិចជាង៨០នាក់ទេ គ្មានសមត្ថកិច្ចណា អើពើឃាត់សាកសួរអ្វីសោះឡើយ និងបានយក មកដាក់ចូលឡានរបស់ឈ្មួញឈ្មោះលៀង និង ប្រពន្ធ ដែលបានយកមកបញ្ឈរទុកចាំជាស្រេច។

ប្រជាពលរដ្ឋ បានខ្សឹបបន្ថែមទៀតថា កន្លងមក លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាក់បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន  ធ្វើយ៉ាងណាត្រូវការពារ និងបង្ក្រាបឱ្យខាងតែបាន មិនឱ្យជនចំណាកស្រុកលួចឆ្លងដែងខុស ច្បាប់ ចូលទឹកដីថៃ លួចកាប់ឈើគ្រញូងឡើយ។ ប៉ុន្តែបទបញ្ជាពីអភិបាលខេត្តយ៉ាងនេះក្តី ក៏ករណី កម្មករឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្នុង ទឹកដីថៃ នៅតែកើតមានដដែលជាដដែល ទើប ពួកគាត់សង្ស័យថា មកពីសមត្ថកិច្ចពាក់ព័ន្ធ បើកដៃ និងស៊ុមគ្រលុំជាមួយឈ្មួញទុច្ចរិត ដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោក រៀម ខេត មេបញ្ជាការវរៈ៤០៥ និងសមត្ថកិច្ច ពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES