Tuesday, April 16, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ឡើងឬចុះ?

ខេមរៈ សិរីមន្ត ឡើងឬចុះ?

ខេមរៈ សិរីមន្ត ដែលលេចមុខក្នុងកម្មវិធីប្រគំតន្ត្រី Oppo នៅផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីនោះ ដាក់ជាអ្នកចម្រៀងសំខាន់ជាងគេ ក្នុងចំណោមតារាហង្សមាស ទាំង៨រូប ដែលច្រៀងរាំនៅរាត្រីនោះ ព្រោះតែសិរីមន្ត ចេញក្រោយគេ។ បទ “អស់សិទ្ធិថែ តែនៅបារម្ភ”, “ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ” និងបទ “ក្បាច់ពស់” នោះ ត្រូវបានអ្នកគាំទ្រ (Fan) របស់សិរីមន្ត ហ៊ោទះដៃស្វាគមន៍អ្នកចម្រៀងរូបនេះខ្លាំងជាងតារាផ្សេងទៀត របស់ហង្សមាស ដែលអាចបញ្ជាក់ថា សិរីមន្ត នៅតែមានសន្ទុះខ្លាំងដដែល។

ប៉ុន្តែ សម្រាប់តារាចម្រៀងច្រៀងតាមក្រុមតន្ត្រីទាំងឡាយនៅទីក្រុងភ្នំពេញ វិញ បែរជានិយាយថា បទចម្រៀងរបស់ខេមរៈ សិរីមន្ត មិនសូវមានគេសំណូមពរ ឬយកទៅច្រៀងដូចមុនឡើយ តាំងពីអ្នកចម្រៀងរូបនេះ ចេញពីសាន់ដេ ចូលហង្សមាស។

តារាចម្រៀងប្រុស៣នាក់ ដែលច្រៀងនៅហាង V Friend បាននិយាយដោយសុំមិនឱ្យដាក់ឈ្មោះថា “តាំងពីខេមរៈ សិរីមន្ត ចូលច្រៀងនៅហង្សមាស កម្រមានគេយកបទគាត់ទៅច្រៀង ឬមានការសំណូមពរឱ្យតារាចម្រៀងច្រៀងដូចមុនណាស់ គឺនិយាយទៅ គេមិនដែលសួរកតែម្តង គឺក្នុង១ខែ មានគេសំណូមពរតែ១ទៅ២ដងប៉ុណ្ណោះ។ បើតាមខ្ញុំដឹង ឥឡូវគេចូលចិត្តច្រៀងបទល្បីៗរបស់តារាចម្រៀង Original Songs ច្រើនជាងបទរបស់សិរីមន្ត”។

ខេមរៈ សិរីមន្ត ដែលចេញបទទី២ នៅហង្សមាស បទ “អស់សិទ្ធិថែ តែនៅបារម្ភ” បន្ទាប់ពីបទ “ស្ទឹងត្រែងបងអើយ” នោះ តារាចម្រៀងរូបនេះបានចាប់ដៃគូសម្តែងជាមួយឱក សុគន្ធកញ្ញា ហើយសិរីមន្ត លេងខ្លួន ដើម្បីឱ្យគេចាប់អារម្មណ៍នោះ គឺការទម្លាក់សក់វែងចុះក្រោមមួយចំហៀងបាំងជិតភ្នែកម្ខាងបាត់ ដែលធ្វើឱ្យតារាចម្រៀងម៉ៃ សុគន្ធ ចេញមកវាយប្រហារថា សិរីមន្ត Copy ម៉ូដសក់ពីតារាអាមេរិក Justin Bieber តែអ្នកចម្រៀងគេចេញមកសម តែអ្នកចម្រៀងយើងវិញ មើលទៅហេវ។ ការដៀមដាមឌឺដងទៅខេមរៈ សិរីមន្ត ពីសំណាក់លោកម៉ៃ សុគន្ធ នោះ ធ្វើឱ្យលោកប៊ុនថៃ បានផ្លាស់ប្តូរម៉ូដសក់ថ្មីជាបន្ទាន់ គឺកាត់រះទាំងសាងខាងឱ្យខ្លី និងវែកចំហៀងបន្តិច ដែលមើលទៅជាអ្នកស្លូតបូតវិញ គឺខុសពីទម្លាក់ម្ខាងបាំងភ្នែកជិតនោះ គឺកាចតែម្តង។

ខេមរៈ សិរីមន្ត នៅតែមានអង្គរក្សតាមហែហមច្រើនដដែល នៅពេលដែលចូលហង្សមាស ហើយថ្មីៗនេះ អ្នកចម្រៀងរូបនេះបានឱ្យអង្គរក្សរបស់ខ្លួនរាំអមនៅលើឆាកទៀតផង តែគ្រាន់តែសិរីមន្ត ចុះពីលើឆាកភ្លាម អ្នករាំអមដែលជាអង្គរក្សនោះ ប្រញាប់ស្ទុះទៅការពារអ្នកចម្រៀងរបស់ខ្លួនវិញ ដោយមិនឱ្យមានអ្នកមកទាញចូលទៅក្នុងហ្វូងមនុស្សច្រើនឡើយ។

តាមប្រភពពីអ្នករៀបចំកម្មវិធីសិល្បៈ បានឱ្យដឹងថា ខេមរៈ សិរីមន្ត នៅតែមានតម្លៃខ្លួនខ្ពស់នៅឡើយ ពេលដែលចូលទៅហង្សមាស គឺច្រៀង១កម្មវិធី ស៊ីថ្លៃពី២៨០០ទៅ៣០០០ដុល្លារ ហើយក្រុមហ៊ុនធំៗនៅតែត្រូវការយកអ្នកចម្រៀងរូបនេះដូចមុនអីចឹង បើទោះជាមិនសូវមានបទចម្រៀងល្បីខ្លាំងដូចមុនក៏ដោយ។

អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីធំៗនៅតាមខេត្ត ដែលតែងហៅខេមរៈ សិរីមន្ត ច្រៀងរាល់ឆ្នាំនោះ បានឱ្យដឹងថា ពេលនេះបទចម្រៀងរបស់សិរីមន្ត នៅមានសន្ទុះចាញ់កាលនៅសាន់ដេ មែន ព្រោះមិនទាន់មានបទផ្ទុះខ្លាំងទេ សិរីមន្ត ទើបចូលហង្សមាស រយៈពេលខ្លី ដូចនេះមិនទាន់អាចសន្និដ្ឋានបានទេថា នៅខ្លាំងដដែល ឬចុះខ្សោយជាងមុននោះ ព្រោះហង្សមាស មានអ្នកជំនាញសិល្បៈខ្លាំងៗច្រើន គេចង់ឱ្យតារាណាល្បីក៏បាន ហើយសិរីមន្ត ក៏មានបងប្រុសខេមរៈ ភារុណ ជាអ្នកនិពន្ធខ្លាំង អីចឹងគឺសិរីមន្ត មិនងាយបណ្តោយឱ្យធ្លាក់ចុះវិញទេ។

ប៉ុន្តែ ផ្ទុយពីការអះអាងរបស់អ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីរូបនេះ លោកសេង សំអាន មន្ត្រីជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ខេមរៈ សិរីមន្ត ពេលទៅដល់ហង្សមាស នេះ គឺត្រូវតែស្របជាមួយព្រាប សុវត្ថិ គឺបើឡើងខ្លាំង គឺឡើងទាំង២ តែបើចុះ ក៏ត្រូវតែចុះទាំង២ដែរ មិនអាចម្នាក់ឡើង ម្នាក់ធ្លាក់ចុះបានជាដាច់ខាត។

ខេមរៈ សិរីមន្ត ដែលលេចមុខតាមឆាកតន្ត្រី មិនចាញ់អ្នកធំ ព្រោះជិះរថយន្តទំនើប Land Cruiser មានអង្គរក្សតាមហែហមនោះ គឺពេលដែលឈានជើងចូលហង្សមាស អ្នកចម្រៀងរូបនេះកាន់តែប្រឹងលាក់រឿងប្រពន្ធកូនខ្លាំងជាងមុនទៀតផង គឺមិនដែលបណ្តើរម្ចាស់ចិត្តជាសាធារណៈម្តងណាឡើយ បើទោះជាមុននេះ មានប្រភពថា សិរីមន្ត មានកូនប្រុស២នាក់ទៅហើយក្តី។

មហាជនបានលើកឡើងថា ខេមរៈ សិរីមន្ត នឹងមិនហ៊ានដឹកដៃបណ្តូលចិត្តចូលរោងការឡើយ នៅពេលដែលរូបគេ កំពុងតែចង់បានតំណែងជាអ្នកចម្រៀងឈានមុខគេនៅហង្សមាស នាពេលនេះ គឺកាន់តែមិនខ្វល់ខ្វាយរឿងគេថា ចង់ល្បី មិនហ៊ានរៀបការនោះឡើយ។ អតីតតារាចម្រៀងផលិតកម្មសាន់ដេ រូបនេះត្រូវបានហង្សមាស តម្រូវឱ្យចាប់ដៃគូជាមួយតារាស្រីជួរមុខគេរបស់ហង្សមាស ឱក សុគន្ធកញ្ញា ហើយតាមព័ត៌មានថា សិរីមន្ត នឹងត្រូវហង្សមាស យកចិត្តថែមទៀត តាមរយៈការផ្តល់តំណែងជាគណៈកម្មការប្រលងចម្រៀងក្នុងកម្មវិធីធំណាមួយរបស់ប៉ុស្តិ៍ហង្សមាស នាពេលខាងមុខនេះ ដែលទស្សនិកជនយល់ថា សិរីមន្ត អាចទៅជំនួសតំណែងលោកឆន សុវណ្ណរាជ ឬណុប បាយ៉ារិទ្ធ ក្នុងកម្មវិធី Cambodian Idol រដូវកាលខាងមុខ គឺដូចសុគន្ធ និសា ចេញពីថោន ចូលហង្សមាស បានតំណែងជាគ្រូបង្វឹក ក្នុងកម្មវិធី “The Voice Kids Cambodia” ដែរ៕

RELATED ARTICLES