មិនគួរឲ្យជឿ!!! ផលិតកររឿង “ស៊ុបភើម៉ាំ” ទទួលបានពានឆ្នើម ក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ

ស្ទើរមិនគួរឲ្យជឿ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ លើកទី៥ ដែលចម្រុះដោយស្នាដៃផលិតករបរទេស ចូលរួមប្រកួតប្រជែងផងនោះ រឿង “ស៊ុបភើម៉ាំ” ( Super Mom) របស់ផលិតកម្មមហាហង្ស ដែលដឹកនាំសម្ដែងដែលលោកជុំ វិចិត្រ ទទួលបានពានឆ្នើម ដែលដឹកនាំសម្ដែងបានល្អបំផុត ក្នុងចំណោមភាពយន្ត៨រឿង មានទាំងស្នាដៃផលិតករបរទេសផងនោះ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

អាចចាត់ទុកថាជាមោទនភាពយ៉ាងខ្លាំង ដែលភាពយន្តរឿង “Super Mom” របស់ផលិតកម្មមហាហង្ស ត្រូវបានគេចាត់ទុកថាជាភាពយន្តដែលមានទម្រង់ដឹកនាំសម្ដែងបានល្អបំផុត នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិ ក្នុងពិធីប្រកាសលទ្ធផលកាលពីយប់ថ្ងៃទី១០ ខែធ្នូ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពោលគឺ លោកជុំ វិចិត្រ ដែលជាអ្នកដឹកនាំសម្ដែងរឿងនេះ បានក្លាយជាអ្នកកាន់ពានឆ្នើម ដោយស្នាដៃដឹកនាំរឿងរបស់លោកក៏ត្រូវបានគណកម្មការសរសើរមិនដាច់ពីមាត់ផងដែរ ក្រោយការប្រកាសលទ្ធផល។

ចាងហ្វាងផលិតកម្មមហាហង្ស លោកអ៊ិន សុភិន និងជាអ្នកនិពន្ធរឿង “Super Mom” បានថ្លែងឲ្យដឹងថា “លោកពិតជាមិននឹកស្មានថា ភាពយន្តរបស់លោកបានជាប់ជារឿងដែលមានទម្រង់ដឹកនាំបានល្អនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនោះឡើយ។ ពោលគឺ បើទោះជាភាពយន្តរបស់លោកមិនត្រូវបានជាប់តំណែងជាភាពយន្តឆ្នើម ដូចជារឿង “តម្លៃស្នេហ៍” ដែលជារឿងដឹកនាំផលិតដោយផលិតករបរទេស ប៉ុន្តែលោកបានបង្ហាញការពេញចិត្ត បន្ទាប់ពីភាពយន្តរបស់លោកត្រូវបានជាប់ពានជាភាពយន្តដែលមានទម្រង់ដឹកនាំសម្ដែងបានល្អ”។ លោកថា លោកសប្បាយចិត្ត ហើយអ្វីដែលលោកកាន់តែមោទនភាពទៅទៀត គឺរឿងរបស់លោកបានទទួលពានឆ្នើមមួយលើទម្រង់ជាភាពយន្តដែលដឹកនាំសម្ដែងបានល្អ នៅក្នុងមហោស្រពដែលមានភាពយន្តក្រោមការដឹកនាំរបស់ផលិតកររបទេសដល់ទៅ២រឿង គឺរឿង “Jailbreak ការពារឧក្រិដ្ឋជន” និងរឿង “តម្លៃស្នេហ៍” ដែលបានទទួលពានចូលរួមប្រកួតប្រជែង។

លោកអុិន សុភិន និងលោកជុំ វិចិត្រ

លោកអ៊ិន សុភិន បានឲ្យដឹងដែរថា “ភាពយន្តមួយនេះ លោកមើលឃើញពីការដឹកនាំដ៏ល្អរបស់លោកជុំ វិចិត្រ តាំងពីដំណាក់កាលចូលប្រកួតដំបូងៗ តែលោកថា ក្នុងពេលចូលរួមប្រកួត ត្បិតថាលោកមានក្ដីរំពឹងខ្លះថា នឹងមានពាន អាចទទួលបានពីការប្រកួតនេះ តែលោកមិនបានជឿជាក់ថា បានទទួលពានក្នុងចំណោម៩ពាន ដែលបានគ្រោងទុកឡើយ ទើបលោកបានចាត់ទុកថា គឺជាមោទនភាពធំណាស់សម្រាប់ជ័យលាភីដែលក្រុមការងាររបស់លោក គឺលោកជុំ វិចិត្រ ទទួលបានតាមរយៈរឿង “ស៊ុបភើម៉ាំ”។

លោកជុំ វិចិត្រ ផលិតករដែលទើបទទួលបានពានក្ដៅៗ បានអះអាងថា “លោកបានឆ្លងកាត់ការដឹកនាំរឿងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដោយគិតមកដល់ថ្ងៃនេះ គឺមានប្រមាណជា៤០រឿង ហើយដែលលោកបានដឹកនាំ តែនេះគឺជាលើកទី១ ដែលលោកទទួលបានកិត្តិយសតាមរយៈការដឹកនាំសម្ដែងក្នុងរឿង “Super Mom”។ យ៉ាងណា លោកថាខ្លួនអាចដឹកនាំរឿងបានល្អ ក៏ដោយសារតែសាច់រឿងដែលបាននិពន្ធដោយថៅកែមហាហង្ស មានចំណុចល្អ និងដោយសារតែមានការសម្ដែងបានល្អ និងការចូលរួមពីក្រុមការងារផងដែរ ទើបលោកយល់ថាពានដែលខ្លួនទទួលបាន គឺជាមុខមាត់របស់ផលិតកម្មមហាហង្ស និងក្រុមការងារទាំងមូល។ លោកប្រកាសថានឹងពង្រឹងគុណភាពដឹកនាំរឿងឲ្យកាន់តែល្អ ដោយក្នុងអំឡុង២ឆ្នាំក្រោយ លោកនឹងមានស្នាដៃចូលរួមប្រកួតនៅក្នុងមហោស្រពភាពយន្តជាតិ ដែលនឹងធ្វើជាថ្មីម្ដងទៀតនោះផងដែរ៕