Saturday, April 20, 2024
Homeតារាខ្មែរស្រីស្អាតស៊ីន យូប៊ីន ឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើម ឆ្នាំ២០១៧

ស្រីស្អាតស៊ីន យូប៊ីន ឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើម ឆ្នាំ២០១៧

ភ្នំពេញ ៖ អតីត Freshie Girl លេខ១ ឆ្នាំ២០១៣ កញ្ញាស៊ីន យូប៊ីន  បានឈ្នះពានរង្វាន់ “តារាសម្តែងស្រីឆ្នើម ប្រចាំឆ្នាំ២០១៧” (Best Actress Award Of The Year) នៅក្នុងកម្មវិធីមហោស្រពភាពយន្តជាតិ លើកទី៥ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

កញ្ញាស៊ីន យូប៊ីន  ជាតារាសម្តែងស្រីដែលកំពុងមានឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈបច្ចុប្បន្ន តាមរយៈការសម្តែងភាពយន្ត និងថតស្ពតពាណិជ្ជកម្មធំៗជាដើម ដោយសារតែនាងមានរូបសម្រស់ស្អាត និងទេពកោសល្យសិល្បៈពីធម្មជាតិ។

បន្ទាប់ពីបានលើកពាន “តារាសម្តែងស្រីឆ្នើម ប្រចាំឆ្នាំ២០១៧” (Best Actress Award Of The Year) ក្នុងមហោស្រពភាពយន្តជាតិ លើកទី៥ នោះមក កញ្ញាស៊ីន យូប៊ីន បានបង្ហាញនូវអារម្មណ៍រំភើបរីករាយជាអនេក ព្រោះនេះជាក្តីប្រាថ្នារបស់នាងជាយូរណាស់មកហើយ គឺមានន័យថា ក្តីស្រមៃឬសុបិន្តរបស់នាង ពេលនេះបានក្លាយជាការពិត។

ជាមួយនេះ តារាសម្តែង ស៊ីន យូប៊ីន ក៏បានសរសេរគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា “ទីបំផុតនាងខ្ញុំបានក្លាយជាម្ចាស់ពានរង្វាន់តារាសម្តែងស្រីឆ្នើម ប្រចាំឆ្នាំ២០១៧” (Best Actress Award Of The Year)។ នេះជាសមិទ្ធផលដែលនាងខ្ញុំទទួលបាន ក្រោយការតស៊ូលើវិថីសិល្បៈរយៈពេល៣ឆ្នាំ របស់នាងខ្ញុំ។

យូប៊ីន សូមអរគុណសម្រាប់ការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់ទស្សនិកជន និងបណ្តា fanclub របស់យូប៊ីន ទាំងអស់ ក៏ដូចជាអគុណដល់អគ្គនាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផលិតករគ្រប់ស្ថាប័ន ដែលតែងតែផ្តល់ឱកាសដល់រូបនាងខ្ញុំ ក៏ដូចជាការផ្តល់នូវដំបូន្មាន និងបទពិសោធន៍ល្អៗ រហូតដល់នាងខ្ញុំមានឱកាសបានក្លាយជាម្ចាស់ “ពានរង្វាន់តារាសម្តែងស្រីឆ្នើម ប្រចាំឆ្នាំ២០១៧” នេះ នាងខ្ញុំមានតែពាក្យអរគុណ និងសន្យាថា នឹងខិតខំបន្តទៀតដើម្បីលើកស្ទួយសិល្បៈទី៧ របស់យើង៕

RELATED ARTICLES