Thursday, January 23, 2025
Homeព័ត៌មានជាតិដោះស្រាយគំនុំចាស់10ឆ្នាំមុន ទាញដុំថ្មគប់ធ្លុះផ្ទះ

ដោះស្រាយគំនុំចាស់10ឆ្នាំមុន ទាញដុំថ្មគប់ធ្លុះផ្ទះ

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាថ្នាំស្រវឹងជោក ស្រាប់តែនឹកឃើញគំនុំចាស់ កាលពី១០ឆ្នាំមុន ក៏ក្តៅឆួលក្នុងចិត្តទប់មិនជាប់ ស្ទុះទៅទាញដុំឥដ្ឋ ដុំថ្ម គប់ចូលផ្ទះគូទំនាស់ បណ្តាលឱ្យធ្លុះធ្លាយចំនួន៥កន្លែង លុះម្ចាស់ផ្ទះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវគូទំនាស់គប់ធ្លុះធ្លាយ៥កន្លែងនោះ មានឈ្មោះព្រុំ សុវណ្ណ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះមុត លីណាន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កហេតុខាងលើ បានផឹកស្រាថ្នាំរហូតដល់ស្រវឹងជោក រួចក៏ស្រាប់តែនឹកឃើញគំនុំចាស់ រវាងខ្លួននិងឈ្មោះព្រុំ ភារម្យ ដែលត្រូវជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះខាងលើ ដែលធ្លាប់បានប្រព្រឹត្តហិង្សា មកលើខ្លួន (ជនបង្កហេតុ) កាលពី១០ឆ្នាំមុន ទើបធ្វើឱ្យជនបង្កហេតុផ្ទុះកំហឹង ទាញដុំថ្ម និងដុំឥដ្ឋ គប់សំដៅផ្ទះរបស់ឈ្មោះព្រុំ សុវណ្ណ បណ្តាលឱ្យរងការខូចខាតធ្លុះធ្លាយជញ្ជាំងផ្ទះ ធ្វើអំពីស័ង្កសីចំនួន៥កន្លែង និងទ្វារបង្គន់ធ្វើអំពីជ័រ១កន្លែង តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួសនោះទេ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល ជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនបង្កភ្លាមៗ នាំយកមកធ្វើការ សាកសួរ ព្រមទាំងដកហូតវត្ថុតាង រួមមានដុំថ្ម ចំនួន១ដុំ និងដុំឥដ្ឋចំនួន៥ដុំ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុឈ្មោះ មុត លីណាន បានសារភាពថា រូបគេពិតជាបាន ប្រើហិង្សាគប់ដុំថ្ម ចូលផ្ទះស្ត្រីរងគ្រោះមែន។ មូលហេតុដោយសារតែរូបគេផឹកស្រាថ្នាំស្រវឹងជ្រុលពេក រួចក៏នឹកឃើញគំនុំចាស់កាលពី១០ឆ្នាំមុន ទើបធ្វើឱ្យទប់ចិត្តមិនបាន ប្រព្រឹត្តបែបនេះតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កន្លងមក ជនបង្កឈ្មោះមុត លីណាន ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្តាល រយៈពេល៨ខែម្តងរួចមកហើយ កាលពីឆ្នាំ២០១០កន្លងទៅ ពីបទហិង្សាដោយចេតនា។

ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES